ខេត្តប៉ៃលិន ៖ ឃាត់ខ្លួនបុគ្គលិកកាស៊ីណូ២នាក់សង្ស័យជាប់ពាក់ព័ន្ធករណីលួចប្រាក់ក្រុមហ៊ុនអស់ជាង៤សែនបាតស្មើនឹងជាង១ម៉ឺនដុល្លារ បន្ទាប់ពីកម្លាំងជំនាញនៃអធិការដ្ឋាន នគរបាលស្រុកសាលាក្រៅបានទទួលពាក្យបណ្ដឹងពីតំណាងក្រុមហ៊ុនកាស៊ីណូហ្គ្រោន ។
ហេតុការណ៍ខាងលើនេះបានកើតឡើងកាលពីវេលាម៉ោង៨ថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១៩ មានទីលំនៅក្នុងភូមិផ្សារព្រំ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ។
តាមប្រភពព័ត៌មានបានឱ្យដឹងថា យោងតាមពាក្យបណ្ដឹងរបស់ឈ្មោះ មាស ចន្ថា ភេទប្រុស អាយុ៦០ឆ្នាំ ជាតំណាងក្រុមហ៊ុនកាស៊ីណូហ្គ្រោន ទើបកម្លាំងជំនាញបានសហការជាមួយកម្លាំងប៉ុស្តិ៍ស្ទឹងកាច់ ចុះនាំខ្លួនជនសង្ស័យចំនួនពីរនាក់ ទៅកាន់អធិការដ្ឋាននគរបាលស្រុកសាលាក្រៅ ដើម្បីធ្វើការសាកសួរ។
ជនសង្ស័យទាំង២នាក់ខាងលើនោះរួមមានឈ្មោះ ឈុន សុខេង ភេទប្រុស អាយុ១៩ឆ្នាំ ជាបុគ្គលិកកាស៊ីណូ និងឈ្មោះ ឆាម សុខខិត ភេទប្រុស អាយុ១៩ឆ្នាំ ជាបុគ្គលិកកាស៊ីណូ ។ អ្នកទាំងពីរមានទីលំនៅក្នុងភូមិបឹងព្រលិត ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ។
តាមប្រភពព័ត៌មានបានបន្តទៀតថា ក្រោយពីធ្វើការសាកសួរ ជនសង្ស័យទាំងពីរនាក់ខាងលើបានឆ្លើយសារភាពថា ពួកខ្លួនពិតជាបានលួចលុយក្នុងក្រុមហ៊ុនកាស៊ីណូខាងលើពិត ប្រាកដមែន ។
ពាក់ព័ន្ធនឹងករណីខាងលើនេះ បច្ចុប្បន្នជនសង្ស័យខាងលើ ត្រូវបានឃាត់ខ្លួននៅអធិការដ្ឋាននគរបាលស្រុកសាលាក្រៅ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការតាមនីតិវិធី ៕ (កែសម្រួលដោយ ៖ ធីតា)
ចែករំលែកព័តមាននេះ