ខេត្តតាកែវ ៖ ស្ត្រីជនជាតិវៀតណាមម្នាក់បានជាប់ចោទពីបទរំលោភលើទំនុកចិត្ត ដោយធ្វើសកម្មភាពជួលរថយន្តចំនួន២គ្រឿងពីប្រទេសវៀតណាមចូលមកកម្ពុជា រួចយកទៅដាក់បញ្ចាំ ហើយបានលុយរត់គេចខ្លួនបាត់ រហូតម្ចាស់រថយន្តដាក់ពាក្យបណ្តឹងឲ្យសមត្ថកិច្ចពាក់ព័ន្ធធ្វើការស្រាវជ្រាវ និងរកឃើញរថយន្តទាំង២គ្រឿងនោះក្នុងទឹកដីស្រុកគីរីវង់ ខេត្តតាកែវ រួចបានប្រគល់ជូនម្ចាស់ដើមវិញហើយកាលពីព្រឹកថ្ងៃទី២៨ វិច្ឆិកា ឆ្នាំ២០១៩។ ពាក់ព័ន្ធនឹងករណីនេះ សមត្ថកិច្ចក៏បានឃាត់ខ្លួនស្ត្រីចំនួន២នាក់ផងដែរ ដែលសង្ស័យថា ជាអ្នកទទួលបញ្ចាំពីស្ត្រីជនជាតិវៀតណាមខាងលើ ។
តាមប្រភពពីសមត្ថកិច្ចបានឱ្យដឹងថា ស្ត្រីជនសង្ស័យជាជនជាតិវៀតណាមខាងលើឈ្មោះ ច្រឹង ធីវី អាយុ៣៩ឆ្នាំ រស់នៅខេត្តគៀនយ៉ាង ប្រទេសវៀតណាម បានធ្វើសកម្មភាពជួលរថយន្តចំនួន២គ្រឿង ពីជនរងគ្រោះចំនួន២នាក់ ក្នុងនោះម្នាក់ឈ្មោះ វី ង៉ុកទៀង ភេទស្រី អាយុ៤២ឆ្នាំ និងម្នាក់ទៀតឈ្មោះ កាវ វាំងចាំ ភេទប្រុស អាយុ៣៧ឆ្នាំ ។ ជនរងគ្រោះទាំងពីរនាក់រស់នៅខេត្តគៀនយ៉ាង ប្រទេសវៀតណាម ។ បន្ទាប់មកស្ត្រីជនសង្ស័យបានយករថយន្តទាំង២គ្រឿងនោះមកដាក់បញ្ចាំនៅស្រុកគីរីវង់ ខេត្តតាកែវ។
រថយន្តដែលសមត្ថកិច្ចដកហូតបានទាំង២គ្រឿងខាងលើនោះ រួមមាន មួយគ្រឿងម៉ាកFortuner ពណ៌ទឹកប្រាក់ ស៊េរីឆ្នាំ២០១៦ ពាក់ស្លាកលេខ 68A-052.41 និងមួយគ្រឿងទៀតម៉ាកFortuner ពណ៌ទឹកប្រាក់ ស៊េរីឆ្នាំ២០១៩ ពាក់ស្លាកលេខ 68A-140.07 ។
លោកវរសេនីយ៍ឯកយ៉ុគ សារ៉ាត់ អធិការនគរបាលស្រុកគីរីវង់ បានអោយដឹងថា ករណីខាងលើនេះ ដោយមានការសម្របសម្រួលពីលោក ជីវ ចាន់តារា ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តតាកែវ និងមានការដឹកនាំបញ្ជាពីសំណាក់លោកឧត្តមសេនីយ៍ទោ សុខ សំណាង ស្នងការនគរបាលខេត្តតាកែវ កាលពីវេលាម៉ោង១១ព្រឹក ថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៩ កម្លាំងជំនាញនៃស្នងការនគរបាលខេត្តតាកែវ សហការជាមួយកម្លាំងជំនាញនៃស្នងការនគរបាលខេត្តកំពត បានបើកការស្រាវជ្រាវលើករណីរំលោភលើទំនុកចិត្ត និងបានដកហូតរថយន្តចំនួន២គ្រឿងពីឈ្មោះ ហេង ស្រីវ៉ាន ភេទស្រី អាយុ៤៦ឆ្នាំ និងឈ្មោះ ស្តើង សុខន ភេទស្រី អាយុ៥៣ឆ្នាំ ដែលស្ត្រីទាំង២នាក់នេះរស់នៅភូមិផ្សារ ឃុំភ្នំដិន ស្រុកគីរីវង់ ខេត្តតាកែវ និងបានទទួលបញ្ចាំរថយន្តពីស្ត្រីជនជាតិវៀតណាមម្នាក់។
លោកអធិការនគរបាលស្រុកបានបញ្ជាក់ថា រថយន្តទាំង២គ្រឿងខាងលើដែលសមត្ថកិច្ចស្រាវជ្រាវរកឃើញ ត្រូវបានប្រគល់ជូនម្ចាស់ដើមវិញ ចំណែកអ្នកទទួលបញ្ចាំខាងលើ ត្រូវកម្លាំងជំនាញធ្វើការសាកសួរបន្ត ដើម្បីស្វែងរកចាប់ខ្លួនជនសង្ស័យយកមកផ្តន្ទាទោសតាមច្បាប់ ៕ (កែសម្រួលដោយ ៖ ធីតា)
ចែករំលែកព័តមាននេះ