សម្រេចបើកមណ្ឌលជួយក្មេងៗដែលត្រូវបោះបង់ចោល
- កំពង់ស្ពឺ
ខេត្តកំពង់ស្ពឺ ៖ លោក នៅ សារ៉ាត់ ជាប្រធានមណ្ឌលកុមារកំព្រាមួយកន្លែង នៅភូមិព្រៃជុំ ឃុំយុទ្ធសាមគ្គី ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ…
ខេត្តកំពង់ស្ពឺ ៖ លោក នៅ សារ៉ាត់ ជាប្រធានមណ្ឌលកុមារកំព្រាមួយកន្លែង នៅភូមិព្រៃជុំ ឃុំយុទ្ធសាមគ្គី ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ…
ខេត្តកំពង់ស្ពឺ ៖ លោក នៅ សារ៉ាត់ ជាប្រធានមណ្ឌលកុមារកំព្រាមួយកន្លែង នៅភូមិព្រៃជុំ ឃុំយុទ្ធសាមគ្គី ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ បានជួយសង្គ្រោះដល់កុមារ និងទារកដែលឪពុកម្ដាយបោះចោល ឬឪពុកម្ដាយ មិនមានលទ្ធភាពក្នុងការចិញ្ចឹមបីបាច់ថែរក្សា ដោយលោកបាននិយាយទាំងអួលដើមក នៅមុខសប្បុរស ជនដែលបានផ្ដល់អំណោយនិងថវិកា សម្រាប់ដំណើរការមណ្ឌលនេះថា កាលដំបូងឡើយ លោក គឺជាព្រះសង្ឃដែលបួសនៅវត្តក្នុងភូមិឃុំនោះផ្ទាល់តែម្ដង ។
អំឡុងពេលលោកបួសជាព្រះសង្ឃ លោកបានមើលឃើញនូវអ្វីដែលមិនចង់ឃើញជាច្រើន ជាក់ស្ដែង លោកបានឃើញគេក្មេងៗ មិនទាន់ដឹងក្ដី មកទុកនៅវត្ត ពេលខ្លះក៏ឃើញមានទារកទើប តែកើតបានពីរបីខែ មកដាក់នៅវត្តប្រៀបដូចជាកូនសត្វ ។ ឃើញបែបនេះ លោកក៏បានលាចាកសិក្ខាបទ និងសម្រេចបង្កើតជាមណ្ឌលមួយ ដើម្បីជួយសង្គ្រោះក្មេងទាំងនោះ ពីព្រោះបើសិនជាលោកនៅជាព្រះសង្ឃទៀតនោះ លោកមិនអាចមើលថែពួកគេបានល្អនិងដិតដល់នោះឡើយ ។
លោកបន្តថា កាលពីបើកដំបូង គឺវេទនាខ្លាំងណាស់ ដោយសារតែតំបន់នោះ ហាក់ឆ្ងាយពីទីប្រជុំផង និងមិនទាន់មានភ្លើងអគ្គិសនី ទៅដល់នៅឡើយ ។ កាលនោះ ពេលយប់ឡើងក្មេងៗយំដោយសារតែងងិត និងរងារ ហើយមានមូសទៀត ។ លោកបានប្រមូលស្លឹកឈើ ងាប់ៗមកបង្កាត់ភ្លើងដើម្បីបំភ្លឺអោយពួកគេ ហើយពេលក្មេងឈឺម្ដងៗ ក៏ពិបាកក្នុងការយកទៅពេទ្យដែរ ដោយសារតែនៅឆ្ងាយពីពេទ្យ ដូច្នេះ លោកមានតែទិញថ្នាំណាដែលអាចជួយសម្រួលអោយពួកគេមួយគ្រាប៉ុណ្ណោះ ។
លោកសារ៉ាត់ និយាយទាំងទឹកភ្នែករលីងរលោងដោយឃើញសប្បុរសជនជាច្រើនបង្ហាញក្ដីស្រលាញ់ចំពោះក្មេងៗដែលលោកចាត់ទុកជាកូនរបស់ខ្លួនទៀតថា លោករំភើបនិងរំជួលចិត្តណាស់ ដែលបានឃើញសប្បុរសជនពីភ្នំពេញ បង្ហាញក្ដីស្រលាញ់ដល់កូនៗរបស់លោក ទាំងដែលពួកគេស្ទើរតែអស់សង្ឃឹមក្នុងជីវិត ព្រោះតែគ្មានឪពុកម្ដាយនឹងគេ ហើយត្រូវមករស់ជាមួយលោក ។ លោកថា៖« ក្មេងៗក្នុងមណ្ឌលនេះ ពេលទៅរៀន ត្រូវបានក្មេងដទៃទៀតប្រមាថមើលងាយថាជាក្មេងមណ្ឌល ក្មេងគ្មានម៉ែឪជាដើម ដែលធ្វើអោយពួកគេហាក់ដូចជាខ្លាចៗគេ និងរៀនមិនសូវជាចេះប៉ុន្មានទេ ។
ដោយឃើញបែបនេះ គ្រូនៅសាលាដែលបង្រៀនពួកគេ បានស្ម័គ្រចិត្តមកបង្រៀនដល់មណ្ឌល ដើម្បីបំប៉នបន្ថែម និងមានវគ្គជាភាសាអង់គ្លេស ចិន ផងដែរ ក្រៅពីមុខវិជ្ជាដែលគេរៀននៅសាលា » ។ សប្បុរសជនជាច្រើនដែលបានឃើញការបង្ហោះក្នុងបណ្ដាញសង្គមពីសំណាក់លោកប្រធានអង្គការ បានយកអំណោយនិងថវិកាទៅផ្គត់ផ្គង់ដល់អង្គការនេះ ដើម្បីអោយក្មេងអាចមានអាហារហូបចុកគ្រប់គ្រាន់ និងបានរៀនសូត្រត្រឹមត្រូវផងដែរ ។
លោកឧកញ៉ា នួន អក ដែលជាសប្បុរសជនមួយរូប ដែលបានឃើញការបង្ហោះលើបណ្ដាញសង្គមនោះដែរបាននិយាយថា ពេលលោកបានឃើញការបង្ហោះលើបណ្ដាញសង្គម លោកក៏ស្វែងមករកមណ្ឌលនេះ ដោយផ្ទាល់ ហើយនៅពេលមកដល់លោកពិតជាសង្វែកណាស់ ។ ក្មេងៗនៅក្នុងមណ្ឌលនេះ មានទឹកមុខស្លេកស្លាំង ហាក់ដូចជាខ្វះអាហារូបត្ថម្ភ ឬកង្វះវីតាមីន ។
ឃើញនូវទិដ្ឋភាពនេះ ក្នុងនាមជាពលរដ្ឋខ្មែរមួយរូប លោកបានប្ដេជ្ញានិងសន្យាជាមួយប្រធានមជ្ឈមណ្ឌលថានឹងជួយផ្គត់ផ្គង់ដល់មជ្ឈមណ្ឌលនេះ ក្នុងមួយខែ ៤ពាន់លានដុល្លារអាមេរិក ដើម្បីអោយប្រធានមណ្ឌលយកថវិកាចាត់ចែងទៅតាមតម្រូវការចាំបាច់ដូចជា អាហារហូបចុក សម្លៀកបំពាក់ និងថ្នាំសង្កូវនៅពេលពួកគេឈឺជាដើម ។
លោកឧកញ៉ាបន្តថា ថ្វីត្បិតតែលោកបានឧបត្ថម្ភ៤ពាន់ដុល្លារក្នុងមួយខែដល់មជ្ឈមណ្ឌលក៏ដោយ ក៏មិនមែនថាលោកឧបត្ថម្ភផ្ដាច់មុខនោះដែរ ។ សប្បុរសជនដទៃទៀត ដែលមានសទ្ធាអាចមកបរិច្ចាគជូនមជ្ឈមណ្ឌលដើម្បីជួយសង្គ្រោះក្មេងៗដែលជាធនធានដ៏សំខាន់សម្រាប់កសាងប្រទេស ហើយបើសិនជាយើងមានលទ្ធភាពហើយ យើមិនអើពើជួយពួកគេ សួរថា១០ឬ២០ឆ្នាំទៅមុខទៀត តើវាសនាពួកគេនឹងទៅជាយ៉ាងណា ហើយកូនៗរបស់ពួកគេនឹងក្លាយជាយ៉ាងណា ។
គួរបញ្ជាក់ថាមណ្ឌលនេះ ដំបូងឡើយមានឈ្មោះថា មជ្ឈមណ្ឌលកុមារកំព្រា ព្រៃជុំ តែក្រោយមកប្រធានមជ្ឈមណ្ឌលសម្រេចប្តូរឈ្មោះដាក់ថា មជ្ឈមណ្ឌលកុមារកំព្រា នួនអកព្រៃជុំ ដែលសព្វថ្ងៃមានកុមារស្នាក់នៅទីនោះ ចំនួនជិត៥០នាក់ ដែលមានអាយុពី៣ខែ ដល់១៦ឆ្នាំ កំពុងត្រូវបានមើលថែដោយមេដោះ និងបុគ្គលិកនៅទីនោះ ។ រហូតមកដល់ពេលនេះ អតីតកុមារដែលចេញពីមជ្ឈមណ្ឌលនេះ ក៏បាននិងកំពុងបន្តការសិក្សានៅថ្នាក់ឧត្តមសិក្សាផងដែរ ដោយមួយចំនួនក៏កំពុងបំពេញការងារ ដែលអាចជួយខ្លួនគេបានខ្លះៗហើយដែរ ៕
ចែករំលែកព័តមាននេះ