ក្រុងហុងកុង ៖ បុរសដែលជាឃាតករសម្លាប់មនុស្ស ដើមចមនាំឲ្យមានគម្រោងច្បាប់ធ្វើបត្យាប័នទៅកាន់ចិន នាំឲ្យផ្ទុះចលនាតវ៉ារង្គើរក្រុងហុងកុងចាប់តាំងពីជិត៥ខែមកហើយត្រូវបានដោះលែង កាលពីថ្ងៃទី២៣តុលានៅហុងកុងដែលជននោះត្រូវរស់នៅ។
វិបត្តិក្រុងហុងកុងកើតចេញពីការតវ៉ារបស់ប្រជាជនប្រឆាំងគម្រោងច្បាប់ដែលអាចធ្វើបត្យាប័នទៅកាន់ចិន។ រដ្ឋអំណាចក្រុងហុងកុងបានសម្រេចដាក់គម្រោងច្បាប់នោះឲ្យសភាអនុម័ត បន្ទាប់ពីការធ្វើឃាតយុវនារីម្នាក់ ដោយមិត្តប្រុសរបស់គេជាអ្នកហុងកុង ឈ្មោះCHAN TONG KAI កាលពីឆ្នាំ២០១៨នៅតៃវ៉ាន់ ជាកន្លែងដែលរូបគេទៅសម្រាកវិស្សមកាល។ លោកCHAN TONG KAIបានរត់គេចខ្លួនមកហុងកុង ជាកន្លែងដែលរូបគេមិនអាចធ្វើបត្យាប័នបាន ព្រោះគ្មានកិច្ចព្រមព្រៀងរវាងហុងកុងនិងកោះតៃវ៉ាន់ ដែលចិនចាត់ទុកជាខេត្តមួយរបស់ខ្លួន។
ឃាតកររូបនោះដែលទទួលទោសជាប់គុក១៨ខែពីបទលួចទ្រព្យសម្បត្តិជារបស់មិត្តស្រីបានសុំទោសចំពោះគ្រួសារជនរងគ្រោះ។ ជននោះនិយាយថាខ្ញុំត្រៀមប្រគល់ខ្លួនហើយវិលទៅកាន់តៃវ៉ាន់ ដើម្បីប្រឈមមុខនឹងការកាត់ទោសនៅទីនោះ។ បុរសអាយុ២០ឆ្នាំរូបនេះអះអាងបែបនោះពេលរូបគេចេញពីគុក។ ទោះបីយ៉ាងណាសម្រាប់ពេលនេះ CHAN TONG KAIនឹងមិនទាន់វិលទៅកាន់តៃវ៉ាន់ទេ ។ ប្រធានាធិបតីតៃវ៉ាន់លោកស្រីTSAI ING WENអះអាងថា ជនសង្ស័យអាចត្រូវចាប់ខ្លួន។
ក្រុងតៃប៉ិបានស្នើកាលពីថ្ងៃទី២២តុលាការអនុញ្ញាត បញ្ជូនបុគ្គលិកមកកាន់ហុងកុងដើម្បីតាមរកចាប់ជននោះ។ អាជ្ញាធរហុងកុងបានបដិសេធសំណើនេះ ដោយយល់ថាគ្មានការគោរពនិងមិនអាចទទួលយកបានទាំងស្រុង។ លេខាធិការខាងសន្តិសុខក្រុងហុងកុងលោកJOHN LEEថ្លែងកាលពីថ្ងៃទី២៣តុលាថា លោកCHAN បានទទួលទោសរួចហើយនៅហុងកុងនិងចាប់ពីពេលតទៅ គេជាមនុស្សមានសេរីភាពវិញហើយ៕ (កែសម្រួលដោយ ៖ បុប្ផា)
ចែករំលែកព័តមាននេះ