ខេត្តក្រចេះ ៖ ស្រូវពូជទំងន់ជាង៥០តោន ស្មើនិង៥៣៦០០គីឡូក្រាម ត្រូវបានអាជ្ញាធរខេត្តនិងស្រុកនាំយកទៅផ្តល់ជូនពលរដ្ឋដែលជាកសិករស់នៅតំបន់នានានៅតាមស្រុក និងក្រុង បន្ទាប់ពីបានប្រឈមនិងការលិចលង់ដោយទឹកជំនន់យ៉ាងធ្ងន់ធ្ងរ ក្នុងគ្រោះទឹកជំនន់នៅឆ្នាំ២០១៩នេះ។
ក្រុមមន្ត្រីសាលាខេត្តក្រចេះនិយាយថា ដល់ពលរដ្ឋចំនួន៩២៦គ្រួសារមាន៧ឃុំ-សង្កាត់ រស់ក្នុងក្រុងក្រចេះ និងស្រុកសំបូរ ត្រូវបានអាជ្ញាធរស្រុកនិងខេត្ត ធ្វើពិធីចែកជូនគ្រាប់ពូជ ស្រូវដល់ទៅពួកគាត់ដើម្បីមានលទ្ធភាពស្តារវិស័យកសិកម្មរបស់ពួកគាត់ឡើងវិញ ។
ក្រុមមន្ត្រីនិយាយទៀតថា ក្នុងស្រុកទាំងពីរខាងលើមានផ្ទៃដីកសិកម្មចំនួនជាង៥៣៦ហិកតានៅតាមតំបន់វាលទំនាប់ ត្រូវបានជន់លិចធ្ងន់ធ្ងរដោយទឹកជំនន់មិនអាចស្តារឡើងវិញ ដោយខ្លួនឯងបាន។ ជាមួយគ្នានោះអាជ្ញាធរខេត្តក្រចេះនិងអាជ្ញាធរស្រុកនៅថ្ងៃទី៤ ខែតុលា បានធ្វើការចែកជូនគ្រាប់ ស្រូវពូជដល់ពួកគាត់តាមចំនួន ដែលប្រឈមនិងលិចលង់និងទំហំដី ដែលប៉ះពាល់ដោយមួយគ្រួសារទទួលបានចាប់ពី៥០ គីឡូក្រាមឡើងទៅ។
សកម្មភាពការចុះចែកគ្រាប់ពូជពីអាជ្ញាធរដល់ពលរដ្ឋនេះ ក៏ត្រូវបានក្រុមមន្ត្រីនិយាយថា បានធ្វើឡើងបន្ទាប់ពីមានការប្រជុំវាយតម្លៃផលប៉ះពាល់ ដោយគ្រោះទឹកជំនន់ពីក្រុមការងារ គណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយ កាលពីថ្ងៃដើមសប្តាហ៍ និងក៏មានវិធានការបង្កើន សកម្មភាពចុះចែកជូន ពូជស្រូវដល់ពលរដ្ឋនៅគ្រប់តំបន់ដែលប្រឈមនិងលិចលង់។
សូមរំលឹកដែរថា ស្ថានភាពទឹកជំនន់ទន្លេមេគង្គខេត្តក្រចេះឆ្នាំ២០១៩នេះ មានការជន់លិចយ៉ាងធ្ងន់ធ្ងរ បើប្រៀបទៅនិងឆ្នាំមុនៗ ។ ការជន់លិចបានហក់ឡើងលើសពីកំរិតប្រកាសអាសន្នក្នុងសន្ឋឹកជំនន់ឡើងខ្លាំងកាលពី ដើមខែកញ្ញា ធ្វើឲ្យតំបន់នានាស្ថិតនៅវាលទំនាបជាប់និងដងទន្លេមេគង្គ ព្រែកនិងអូរ ត្រូវរងការបានជន់លិចធ្ងន់ធ្ងរ។ ស្រុកទាំង៥និងក្រុង១ក្នុងចំណោមស្រុកទាំង៦បានប្រឈមនិងការជន់លិច។
ក្នុងមហន្តរាយគ្រោះទឹកជំនន់នៅឆ្នាំ២០១៩នេះ បានធ្វើមនុស្សក្មេងចាស់យ៉ាងហោច៦នាក់មានខ្លះស្លាប់ ដោយលង់ទឹកទន្លេ ទឹក បឹង ទឹកព្រែក និងមានខ្លះបានស្លាប់ដោយសារឧប្បទ្ទហេតុ ។ ក្រៅពី មាន ការស្លាប់បាត់បង់ជីវិតក៏នៅមានដំណាំកសិកម្មជាច្រើនម៉ឺនហិកតា ត្រូវបានខូចខាត ដោយសារតែការជន់លិចពី ទឹកជំនន់ផងដែរ៕
ចែករំលែកព័តមាននេះ