ប្រសិនបើអ្នកជាអាជីវករលក់អនឡាញម្នាក់ អ្នកប្រហែលជាដឹងពីអំណាចនៃការ Review របស់អតិថិជនលើប្រព័ន្ធសង្គមហើយ ។ ប្រាកដណាស់ ប្រព័ន្ធសង្គមបង្កភាពងាយស្រួលដល់អាជីវករក្នុងការលក់ផលិតផលឬសេវាណាមួយ ប៉ុន្តែវាក៏អាចក្លាយទៅជាអាវុធមួយដែលបង្ខូចឈ្មោះអាជីវកម្មដែរ ។
យុទ្ធសាស្ត្រដែលងាយជាងគេក្នុងការការពារអាជីវកម្មអនឡាញរបស់អ្នកគឺការមានការ Review ល្អៗពីអតិថិជនច្រើន និងញឹកញាប់ដើម្បីឲ្យអតិថិជនដទៃជឿទុកចិត្ត ។ ប៉ុន្តែដើម្បីទទួលបានការ Review ល្អៗទាំងនេះ តើអ្នកត្រូវធ្វើដូចម្តេច?
១. ស្នើសុំការ Review ពីអតិថិជនដែលពេញចិត្តនឹងផលិតផល ឬសេវាកម្ម៖ អ្នកមិនអាចរងចាំរហូតមានអតិថិជនយល់ព្រម Review ហាងរបស់អ្នកដោយឯកឯងទេ ។ អ្នកត្រូវតែផ្តល់ការជំរុញបន្តិចបន្តួច ដើម្បីធ្វើជាការរំលឹកជាដើម ។ វាជាយុទ្ធសាស្ត្រល្អមួយដែលអ្នកគួរសាកល្បងមុនពេលមានអតិថិជនដែលមិនសប្បាយចិត្តណាមួយមកជាន់ឈ្លីឈ្មោះហាងរបស់អ្នកផងដែរ ។
២. ឧស្សាហ៍ត្រួតពិនិត្យ និងឆ្លើយតបមតិយោបល់របស់អតិថិជន៖ បើសិនជាអ្នកទទួលបានការរិះគន់ ឬការចង្អុលបង្ហាញផ្សេងៗដែលអាចប៉ះពាល់ដល់អាជីវកម្មរបស់អ្នក អ្នកគួរតែឆ្លើយតបទៅវិញដោយសមរម្យ ។ ប្រាកដណាស់ អ្នកមិនត្រូវបង្ហាញថាអ្នកកំពុងតែការពារខ្លួនទេ តែអរគុណពួកគេដែលបានផ្តល់មតិយោបល់ ។ បើសិនជាអាច អ្នកគួរតែផ្តល់ការសុំទោសសម្រាប់បញ្ហា និងធានាថាបញ្ហានេះនឹងមិនកើតមានឡើងម្តងទៀតជាដើម ។
៣. លុបការរិះគន់ដែលមិនសមរម្យ ឬមិនត្រឹមត្រូវ៖ បើសិនជាវាជាការ Comment អ្នកមានសិទ្ធិក្នុងការលុបវាចោលប្រសិនបើអ្នកគិតថាវាមិនសមរម្យ ឬមិនត្រឹមត្រូវ ។ វាក៏ជាវិធីល្អមួយក្នុងការការពារអាជីវកម្មពីជនឆ្លៀតឯកាសដែលមានគំនិតចង់ជាន់ឈ្លីដៃគូប្រកួតប្រជែងផងដែរ ។
៤. ឧស្សាហ៍បង្ហាញពីចំណុចវិជ្ជមានរបស់អាជីវកម្មអ្នក៖ ប្រសិនបើអតិថិជនមានការពេញចិត្តនឹងសេវាកម្ម ឬទំនិញរបស់អ្នក អ្នកមិនគួរភ័យខ្លាចក្នុងការបង្ហោះបង្ហាញប្រាប់អ្នកដទៃលើ Page របស់អ្នកទេ ។ លើសពីនេះទៅទៀត ប្រសិនបើអាជីវកម្មរបស់អ្នកមានចូលរួមកម្មវិធីសប្បុរសធម៌ ឬការដោះស្រាយបញ្ហាអ្វីមួយក្នុងសហគមន៍ និងសង្គម អ្នកក៏គួរតែចែករំលែកប្រាប់ដល់អ្នកគាំទ្ររបស់អ្នកដែរ ។
ចូរចងចាំថា ការ Review របស់អតិថិជនអាចជួយដល់អតិថិជនអ្នក តែក៏អាចធ្វើឲ្យអាជីវកម្មអ្នកបរាជ័យដែរ ដូច្នេះអ្នកគួរតែចេះបែងចែកពេលវេលាសម្រាប់តាមដាន និងគ្រប់គ្រងសកម្មភាពនេះលើប្រព័ន្ធសង្គមអាជីវកម្មអ្នក ៕ កែសម្រួលដោយ ៖ សុឃាក់
ចែករំលែកព័តមាននេះ