ខេត្តក្រចេះ ៖ រថយន្តសាំយ៉ុងមួយគ្រឿង បានបុកជាមួយនឹងគោយន្តកន្ត្រៃ នៅលើផ្លូវជាតិលេខ៧ កាលពីយប់ថ្ងៃទី២ ខែកញ្ញា បណ្តាលឲ្យមនុស្សយ៉ាងហោចណាស់៤នាក់ ក្នុងនោះមានម្តាយ និងកូនប្រុសស្រី៣នាក់ស្លាប់បាត់បង់ជីវិត ឯ៤នាក់ផ្សេងទៀតដែលរួមដំណើរជាមួយគ្នារងរបួសធ្ងន់និងស្រាល ។ គ្រោះថ្នាក់ផ្ដាច់ជីវិតម្ដាយនិងកូនឥតប្រណីនេះ ត្រូវបាននគរបាលចរាចរណ៍សន្និដ្ឋានថា មកពីការធ្វេសប្រហែសការបើកបរលើសល្បឿនកំណត់ និងរថយន្តគ្មានលក្ខណៈបច្ចេកទេសត្រឹមត្រូវ ។
ជនរងគ្រោះជាម្តាយនិងកូនដែលស្លាប់បាត់បង់ជីវិត និងអ្នករួមដំណើរ៤នាក់ទៀតដែលរងរបូសធ្ងន់និងស្រាល សុទ្ធសឹងមានទីលំនៅក្នុងឃុំចង្ក្រង់ ស្រុកចិត្របុរី ធ្វើដំណើរតាមគោយន្ត កន្ត្រៃត្រឡប់មកពីស៊ី ឈ្នួលបេះសណ្តែកឲ្យគេ ត្រឡប់ទៅលំនៅឋានវិញ ។ មន្ត្រីនគរបាលចរាចរណ៍និយាយថា រថយន្តសាំយ៉ុងបើកបរក្នុងល្បឿនលឿន ខណៈយប់ងងឹតនិងមានភ្លៀងធ្លាក់ខ្លាំង ហើយគោយន្តមិនមានចំណាំងប្លាត ។
នៅពេលមកដល់ឃុំចង្ក្រង់តាមផ្លូវជាតិលេខ៧ រថយន្តក៏បុកគោយន្តកន្ត្រៃពីក្រោយពេញទំហឹង បណ្តាលឲ្យអ្នកជិះលើគោយន្តចំនួន៨នាក់ផ្លោងខ្ទាតមានស្លាប់និងរបួសតែម្តង ។ ក្រោយកើតហេតុ អ្នកបើករថយន្តបានរត់គេចខ្លួនបាត់ ៕ (សម្រួលដោយ៖ ស្រីណា)
ចែករំលែកព័តមាននេះ