ក្រុងហុងកុង ៖ កាលពីថ្ងៃទី៣១សីហានៅកណ្ដាលក្រុងហុងកុង កើតមានភាពចលាចលទៀត ជាមួយការប៉ះទង្គិចគ្នាយ៉ាងខ្លាំងក្លារវាងប៉ូលិស និងពួកបាតុករ ខណៈពួកបាតុករមិនខ្ចីអើពើចំពោះការហាមឃាត់ ហើយលើកគ្នាដើរហែក្បួនតាមដងវិថីនានា នៃអតីតដែនដីអាណានិគមអង់គ្លេសនោះ។
ប៉ូលិសលើកហេតុផលពីការហាមឃាត់មិនឲ្យមានបាតុកម្មថ្មីនាថ្ងៃទី៣១សីហាថា មកពីគ្រោះថ្នាក់នៃអំពើហិង្សាធ្ងន់ធ្ងរ ព្រមទាំងពីឧទាហរណ៍នៃការប៉ះទង្គិចគ្នាខ្លាំងក្លា កាលពីថ្ងៃទី២៥សីហាដែលជាការប៉ះទង្គិចគ្នាខ្លាំងបំផុតមួយ ពុំធ្លាប់មានតាំងពីចាប់ផ្ដើមការតវ៉ាពីខែមិថុនាមក។ ប៉ុន្តែបាតុករច្រើនសិបពាន់នាក់ស្លៀកពាក់ខ្មៅ នាវេលារសៀលថ្ងៃទី៣១សីហាបានលើកគ្នាដើរហែក្បួនក្នុងសង្កាត់ជាច្រើន។ ពួកបាតុករបាននាំគ្នាស្រែកពាក្យថា ដណ្ដើមក្រុងហុងកុងវិញនិងពាក្យថាបដិវត្តន៍នៃសម័យកាលយើង។
ភាពតានតឹងបានឡើងខ្ពស់នាចុងរសៀលពេលបាតុកររ៉ាឌីកាល់មួយក្រុមតូច បានវាយប្រហារដោយគប់ដុំថ្មនិងដបសាំងដុតទៅលើកងកម្លាំងប៉ូលិសដែលឈរជើងនៅជុំវិញ អគារ ដែលមានស្ថាប័ននានានៃក្រុងហុងកុង ពិសេសក្រុមប្រឹក្សាសភាដែលកាលពីថ្ងៃទី១កក្កដាធ្លាប់ត្រូវពួកបាតុករលុកចូលអុកឡុកបំផ្លាញរួចហើយ។ ពួកបាតុករអាចទំលុះរបាំងប៉ូលិសការពារសភាក្នុងពេលខ្លីមួយ មុនពេលត្រូវរុញច្រានវិញជាមួយការបាញ់ឧស្ម័នបង្ហូរទឹកភ្នែកនិងអន្តរាគមន៍របស់កាណុងបាញ់ទឹកដែលបាញ់ទឹកពណ៌ខៀវ។ យោងតាមបណ្ដាសារព័ត៌មានក្នុងស្រុកថា ទឹកមានពណ៌ខៀវនោះនឹងអាចផ្ដល់ភាពងាយស្រួលក្នុងការកំណត់មុខសញ្ញាបាតុករប្រើហិង្សា។
ពួកបាតុករបន្ទាប់មកបានលើកគ្នាឆ្ពោះទៅភាគខាងកើត ដោយដុតរបាំងធំមួយនៅជិតទីចាត់ការរបស់ប៉ូលិស ក្នុងតំបន់WANCHAI។អណ្ដាតភ្លើងត្រូវពន្លត់ក្នុងរយៈពេលកន្លះម៉ោងក្រោយមក។ ពួកបាតុករបានគប់គ្រាប់បែកឆេះ និងដបសាំងដុតដាក់ប៉ូលិស ដោយប៉ូលិសក្នុងសេចក្ដីប្រកាសមួយនិយាយថា នោះជាការគំរាមកំហែងធ្ងន់ធ្ងរដល់បណ្ដាមនុស្សនៅជុំវិញ ។ ប៉ូលិសដែលមួយចំនួនស្លៀកពាក់ស៊ីវិលនៅលាយឡំជាមួយពួកបាតុករ បានចាប់ខ្លួនមនុស្សជាច្រើននាក់ខណៈការប៉ះទង្គិចគ្នានៅបន្ត។
បណ្ដាវីដេអូផ្សាយតាមបណ្ដាញសង្គម បង្ហាញមនុស្សទាំងឡាយដែលជាពួកបាតុករត្រូវចាប់ខ្លួនច្រើននាក់ក្នុងមេត្រូមួយ ។ ប៉ូលិសក្រោយមកអះអាងពីការចាប់ខ្លួនពួកអ្នកតវ៉ារ៉ាឌីកាល់ ក្នុងស្ថានីយមេត្រូក្រុងហុងកុង២កន្លែង៕ កែសម្រួលដោយ ៖សុឃាក់
ចែករំលែកព័តមាននេះ