ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជាង ៧​ខែ​ដើមឆ្នាំ​២០១៩ កម្ពុជា​នាំ​ចេញ​កសិផល​ប្រមាណ ២,៦ លាន​តោន

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ក្នុង​រយៈពេល​ប្រមាណ​ជាង ៧​ខែ​ក្នុង​ឆ្នាំ​២០១៩ នេះ​កម្ពុជា​បាន​នាំ​ចេញ​ផលិតផល​កសិកម្ម​ទៅ​កាន់​ទីផ្សារ​ក្រៅប្រទេស​បាន​ប្រមាណ ២,៦ លាន​តោន ដែល​ភាគច្រើន​ទៅ​កាន់​ប្រទេស​វៀតណាម ជា​ប្រទេស​ជាប់​ព្រំប្រទល់​នឹង​ប្រទេស​កម្ពុជា ។…

រាជធានី​ភ្នំពេញ ៖ ក្នុង​រយៈពេល​ប្រមាណ​ជាង ៧​ខែ​ក្នុង​ឆ្នាំ​២០១៩ នេះ​កម្ពុជា​បាន​នាំ​ចេញ​ផលិតផល​កសិកម្ម​ទៅ​កាន់​ទីផ្សារ​ក្រៅប្រទេស​បាន​ប្រមាណ ២,៦ លាន​តោន ដែល​ភាគច្រើន​ទៅ​កាន់​ប្រទេស​វៀតណាម ជា​ប្រទេស​ជាប់​ព្រំប្រទល់​នឹង​ប្រទេស​កម្ពុជា ។ នេះ​បើ​តាម​យោង​តាម​របាយការណ៍​របស់​ក្រសួងកសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ ។

របាយការណ៍​ដដែល​បាន​បង្ហាញ​ផង​ដែរ​ថា ក្នុង​រយៈពេល​គិត​ត្រឹម​ថ្ងៃ​ទី ១៩ ខែសីហា ២០១៩ កម្ពុជា​បាន​នាំ​ចេញ​កសិផល​សរុប​ចំនួន ២.៥៨៣.៨៦៥,៨៥ តោន ក្នុង​នោះ​រួម​មាន​អង្ករ​, ចំណិត​ដំឡូង​មី​ក្រៀម​, ដំឡូង​មី​ស្រស់​, ម្សៅដំឡូង​, គ្រាប់ស្វាយចន្ទី​, គ្រាប់ពោត​, សណ្ដែកសៀង​, ចេក​, ផ្លែស្វាយ​, ម្រេច និង​បន្លែ​ជាដើម ។

តាម​របាយការណ៍​នេះ​បាន​បង្ហាញ​ផង​ដែរ​ថា ផលិតផល​ចំណិត​ដំឡូង​មី​ក្រៀម បាន​នាំ​ចេញ​ច្រើន​ជាងគេ ដែល​មាន​រហូត​ដល់ ៩៨២.០៥០ តោន ដោយ​នាំ​ចេញ​ទៅ​កាន់​ប្រទេស​ថៃ និង វៀតណាម ហើយ​ផលិតផល​ដែល​សំខាន់​មួយ​របស់​កម្ពុជា គឺ​អង្ក​របា​នាំ​ចេញ​តែ​ប្រមាណ ៣២៣.៥២០ តោន ទៅ​កាន់​គោលដៅ​ប្រទេស​ចិន សហភាព​អឺរ៉ុប ប្រទេស​សមាជិក​អាស៊ាន និង​ប្រទេស​នានា​មួយ​ចំនួន​ទៀត បើ​គិត​ជា​មធ្យម​ក្នុង​មួយ​ថ្ងៃ អង្ករ​នាំ​ចេញ​បាន​ប្រមាណ ៦៥៧ តោន ។ ដោយឡែក​ផ្លែ​ចេក ដែល​ជា​ផលិតផល​កសិកម្ម​ទើប​រកបាន​ទីផ្សារ​នៅ​ប្រទេស​ចិន​ក៏​បាន​នាំ​ចេញ​បាន​ប្រមាណ ៨២.២៥១,៣៣ តោន​ផង​ដែរ​ទៅ​កាន់​ទីផ្សារ​ប្រទេស​វៀតណាម និង​ចិន ។ ចំពោះ​ផលិតផល​ម្រេច តាម​របាយការណ៍​បាន​បង្ហាញ​ថា បាន​នាំ​ចេញ​ទៅ​កាន់​ប្រទេស​វៀតណាម​, បារាំង​, អា​ល្លឺ​ម៉​ង់​, ឆេ​ក​, អង់គ្លេស​, ជប៉ុន​, សិង្ហ​បុរី​, កូរ៉េ​, អា​រ៉ា​ប៊ី​សា​អូឌីត​, ឥណ្ឌា​, តៃវ៉ាន់​, ប៊ែ​ល​ហ្សិ​ក និង ថៃ ។ រយៈពេល ៧ ខែ និង ១៩ ថ្ងៃ ម្រេច​បាន​នាំ​ចេញ​បាន​ប្រមាណ ៣.០៧៩ តោន ។

រីឯ​បន្លែស្រស់ ក្នុង​រយៈពេល​ជាង ៧ ខែ​ដើមឆ្នាំ ២០១៩ នេះ​ក៏​បាន​នាំ​ចេញ​ទៅ​កាន់​ទីផ្សារ​ប្រទេស​អឺរ៉ុប​ដូច​ជា ប្រទេស​បារាំង​, ឆេ​ក​, អង់គ្លេស និង ណូ​វែ​ល​ហ្សេ​ឡង់ បាន​ប្រមាណ ១១៥ តោន​ផង​ដែរ ដែល​ជា​ជោគជ័យ​សម្រាប់​បន្លែ កម្ពុជា ទទួលស្គាល់​ពី​ប្រទេស​សហភាព​អឺរ៉ុប ។
លោក វេ​ង សា​ខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ បាន​មាន​ប្រស​សាសន៍​ថា កម្ពុជា​ត្រូវ​អភិវឌ្ឍន៍​នូវ​វិស័យ​មួយ​ចំនួន​ទៀត ដើម្បី​ធ្វើ​កំណែទម្រង់​ក្នុង​វិស័យ​កសិកម្ម ដូច​ជា​ទឹក ភ្លើង និង​គមនាគមន៍​ជាដើម ។ លោក​បន្ត​ថា​៖ «​បញ្ហា​ខ្វះ​គមនាគមន៍​គ្រប់គ្រាន់​ធ្វើ​ឱ្យ​ការ​នាំ​ចេញ​របស់​កម្ពុជា​មាន​ភាព​យឺតយ៉ាវ ជាក់ស្ដែង​ការ​នាំ​ចេញ​ផលិតផល​ពី​កម្ពុជា​ទៅ​កាន់​ប្រទេស​ហូ​ឡង់ កម្ពុជា​ត្រូវ​ប្រើ​ពេលវេលា​ជាង ១ ខែ ហើយ​នាំ​ចេក​ចេញ​ទៅ​កាន់​ប្រទេស​ចិន ត្រូវ​ប្រើ​ពេលវេលា​ជាង ២ ស​ប្តា​ហ៍ » ។

លោក​បន្ត​ថា នេះ​ជា​បញ្ហា​ធំ​មួយ​ក្នុង​ការ​ប្រកួតប្រជែង​ក្នុង​ការ​នាំ​ចេញ​របស់​កម្ពុជា ជាមួយ​ប្រទេស​ជិតខាង ជាក់ស្ដែង​ប្រទេស​វៀតណាម បាន​កំណត់​ថា ក្រោយ​បញ្ជា​ទិញ​តែ ៨ ថ្ងៃ​ផលិតផល​វៀតណាម​ត្រូវ​តែ​ទៅ​ដល់​ហាង​ទំនិញ​គ្រប់​ហាង​ទាំងអស់ ។ លោក​ថា​៖ «​នេះ​ជា​ចំណុច​សំខាន់​ដែល​ក​កម្ពុជា ត្រូវធ្វើ និង​គិតគូរ​ពី​ការ​ប្រកួតប្រជែង ដោយ​គួរ​បង្កើន​ការ​អភិវឌ្ឍន៍​ហេដ្ឋារចនាសម្ព័ន្ធ​បន្ថែម ។ ក្រៅពី​គមនាគមន៍ បញ្ហា​ភ្លើង​ក៏​ជា​កត្តា​មួយ​សំខាន់​ផង​ដែរ ដែល​ត្រូវ​គិតគូរ ព្រោះ​តម្លៃ​ភ្លើង​កាន់តែ​ថ្លៃ តម្លៃ​ដើម​ផលិត​របស់​យើង​ក៏​ខ្ពស់​ជាង​ប្រទេស​ជិតខាង​ដែល​ធ្វើ​ឱ្យ​អ្នកបញ្ជា​ទិញ​មាន​ជម្រើស​ទៅ​រក​ប្រទេស​ណា​ដែល​មាន​ថ្លៃដើម​ទាប​ជាង​» ។

គួរ​បញ្ជាក់​ថា ក្រៅ​ទំនិញ​កសិផល​របស់​កម្ពុជា​ប្រមាណ ២,៦ លាន​តោន ដែល​បាន​នាំ​ចេញ​ទៅ​កាន់​ប្រទេស​ជា​ច្រើន​ហើយ​នោះ ការ​នាំ​ចេញ​ស្រូវ​ទៅ​កាន់​ប្រទេស​វៀតណាម​ក្រៅផ្លូវការ​មាន​ប្រមាណ ១,៥ លាន​តោន​ថែម​ទៀត ដែល​នាំ​ចេញ​តាម​ច្រក​ចំនួន ៥ រួម​មាន​៖ ខេត្តស្វាយរៀង​, ខេត្តកំពត​, ខេត្តកណ្ដាល​, ខេត្តតាកែវ និង​ខេត្តព្រៃវែង ។ ការ​នាំ​ចេញ​ស្រូវ​ក្រៅផ្លូវការ​នេះ​ដែរ ត្រូវ​បាន​ចាត់​ទុក​ថា​ធ្វើ​ឱ្យ​កម្ពុជា​ខាតបង់​មួយ​ចំនួន​ផង​ដែរ ដូច​ជា​ខាត​ទៅ​លើ​កន្ទក់ ចុងអង្ករ​ដែល​អាចយ​កមក​ឱ្យ​សត្វ​ស៊ី និង​លក់​បាន​កម្រៃ​មួយ​ចំនួន​ថែម​ទៀត ។ ក្រៅពី​នោះ​ការ​នាំ​ស្រូវ​ចេញ​ក៏​អាច​ធ្វើ​ឱ្យ​ប្រទេស​គេ​យក​ស្រូវ​កម្ពុជា​បន្លំ​ធ្វើ​ជា​អង្ករ​របស់​គេ និង​នាំ​ចេញ​ប្រកួតប្រជែង​ជាមួយ​កម្ពុជា​បាន​ទៀត​ផង ៕ កែសម្រួលដោយ ៖ សុឃាក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ