រាជធានីភ្នំពេញ ៖ ទំហំពាណិជ្ជកម្មរវាងកម្ពុជា និងអន្តរជាតិត្រូវបានគេមើលឃើញថា មានកំណើនឡើងគួរឱ្យកត់សម្គាល់ តែអ្វីដែលមិនប្រែប្រួលនោះ គឺឱនភាពពាណិជ្ជកម្មសម្រាប់កម្ពុជាជាមួយនឹងពិភពលោកនៅតែចោទដដែលក្នុងនោះកម្ពុជានាំចេញមានទំហំតិចជាងការនាំចូលស្ទើរតែពាក់កណ្ដាល ។
យោងតាមរបាយការណ៍ធនាគារជាតិនៃកម្ពុជាបានអោយដឹងថា ក្នុងរយៈពេល១ឆមាសឆ្នាំ ២០១៩នេះ ទំហំពាណិជ្ជកម្មកម្ពុជាសរុបមានចំនួន១៧,៣ពាន់លានដុល្លារអាមេរិកក្នុងនោះដែរកម្ពុជានាំចេញទៅកាន់ទីផ្សារពិភពលោកមានទឹកប្រាក់ប្រមាណ៦,៨ពាន់លានដុល្លារអាមេរិក ខណៈនាំចូលមកវិញនូវទំហំទឹកប្រាក់ប្រមាណ១០,៥ពាន់លានដុល្លារអាមេរិក ។ របាយការណ៍ដដែលបង្ហាញផងដែរថា ការនាំចេញរបស់កម្ពុជាស្មើនឹងប្រមាណ៤៨,៨ភាគរយនៃផលិតផលក្នុងស្រុកសរុប ហើយការនាំចូលវិញមានរហូតដល់៧៣,៦ភាគរយនៃផលិតផលក្នុងស្រុកសរុប ។
តាមតួលេខនេះក៏បានបង្ហាញផងដែរថា ឱនភាពពាណិជ្ជកម្មរបស់កម្ពុជាជាមួយនឹងទីផ្សារអន្តរជាតិនៅតែមានខ្ពស់ ដោយតួលេខបានបង្ហាញច្បាស់ថា ការនាំចេញមានតិចជាងការនាំចូលជិតពាក់កណ្ដា ។
លោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រី ពាណិជ្ជកម្មបានមានប្រសាសន៍ថា ក្រសួងពាណិជ្ជកម្មដែលជាអ្នកស្វែងទីផ្សារសម្រាប់ផលិតផលខ្មែរបាន និងកំពុងចរចាស្វែងរកទីផ្សារថ្មីៗ ទាំងឯកតោភាគីនិងទ្វេភាគី ដើម្បីនាំផលិតផលខ្មែរឱ្យបានកាន់តែច្រើន ។ នៅពេលដែលកម្ពុជាចរចាទីផ្សារបានភារកិច្ចបន្ទាប់ គឺវិនិយោគិនជាតិ និងអន្តរជាតិ ក្នុងការកែច្នៃផលិតផល ដើម្បីនាំចេញទៅតាមតម្រូវការទីផ្សារអន្តរជាតិ ។ លោកបានបន្តថា «ការនាំចេញផលិតផលកែច្នៃ នឹងអាចជំរុញទំហំទឹកប្រាក់នាំចេញរបស់យើងកាន់តែច្រើន ពីព្រោះផលិតផលកែច្នៃវាមានតម្លៃខ្ពស់ជាងផលិតផលមុនកែច្នៃ ដូច្នេះយើងនឹងបានតម្លៃបន្ថែមខ្ពស់ » ។
បើតាមលោកប៉ាន សូរស័ក្តិបានបន្តថា ប្រមុខរាជរដ្ឋាភិបាលប្ដេជ្ញានឹងជំរុញការចរចាកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ហៅកាត់ថា RCEP ឱ្យចប់នៅចុងឆ្នាំនេះ ដែលកិច្ចព្រមព្រៀងនេះ វាមានសារសំខាន់ក្នុងការនាំចេញនូវផលិតផលកម្ពុជាទៅកាន់ទីផ្សារប្រទេសជាដៃគូរក្នុងកិច្ចព្រមព្រៀង ។ កិច្ចព្រមព្រៀង RCEP ជាទីផ្សារពាណិជ្ជកម្មសេរីដ៏ធំ ដែលមានចំនួន១៦ប្រទេស គឺប្រទេសសមាជិកអាស៊ានទាំង១០ និងប្រទេសដៃគូពាណិជ្ជកម្មសេរីអាស៊ានចំនួន៦រួមមានប្រទេសអូស្ត្រាលី ចិន ឥណ្ឌា ជប៉ុន កូរ៉េខាងត្បូង និងណូវ៉ែលហ្សេឡង់ ដែលមានប្រជាជនស្មើនឹងប្រមាណ៤៥% នៃចំនួនប្រជាជនលើពិភពលោក និងមានទំហំពាណិជ្ជកម្មប្រមាណ៤០% នៃពាណិជ្ជកម្មពិភពលោក ។
លោកវេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទបានមានប្រសាសន៍ថាបញ្ហាប្រឈមសម្រាប់ការនាំចេញផលិតផលកម្ពុជារួមទាំងផលិតផលកសិកម្មផងដែរនោះ គឺហេដ្ឋារចនាសម្ព័ន្ធរបស់យើងនៅមានកម្រិត និងត្រូវការអភិវឌ្ឍន៍បន្ថែម ដើម្បីអោយការនាំចេញយើងបានលឿន និងទៅដល់គោលដៅបានឆាប់រហ័ស ៕ កែសម្រួលដោយ ៖ សុឃាក់
ចែករំលែកព័តមាននេះ