ប្រទេសអុីរ៉ង់-អុីស្រាអែល ៖ លោកMOJTABA ZONNOURប្រធានគណៈកម្មាធិការនុយក្លេអ៊ែរនៃសភាអុីរ៉ង់ អះអាងកាលពីថ្ងៃទី១កក្កដាតាមទូរទស្សន៍AL ALAMថា ប្រសិនបើសហរដ្ឋអាមេរិកវាយប្រហារអុីរ៉ង់ នោះ អុីស្រាអែលជាសម្ព័ន្ធមិត្តនឹងត្រូវកម្ទេចតែក្នុងពេល៣០នាទីប៉ុណ្ណោះ។
ក្នុងបទសម្ភាសន៍មួយជាមួយទូរទស្សន៍នោះ លោកZONNOURថ្លែងថា អុីស្រាអែលនឹងត្រូវកម្ទេចក្នុងរយៈពេលតែកន្លះម៉ោង ប្រសិនបើអាមេរិកវាយប្រហារអុីរ៉ង់។ លោកចាត់ទុកថាជាពាក្យកម្លានយោបាយមួយ សេចក្ដីថ្លែងការណ៍របស់ប្រធានាធិបតីអាមេរិក លោកដូណាល់ត្រាំដែលអះអាងតាមTWITTERកាលពីថ្ងៃទី២១មិថុនាថា បានផ្អាកការវាយប្រហារដែលគ្រោងធ្វើ ប្រឆាំងគោលដៅ៣នៅអុីរ៉ង់ ១០នាទីមុនពេលឲ្យផ្អាកវិញ។ លោកបន្តថាប្រសិនបើការវាយប្រហារនោះ ពួកអាមេរិកជឿថាទទួលបានជោគជ័យ នោះពួកគេនឹងមិនបោះបង់ចោលឡើយ។
ភាពតានតឹងមានការកើនឡើងខ្លាំងរវាងក្រុងវ៉ាស៊ិនតោននិងក្រុងតេហេរ៉ង់ ក្រោយពីអុីរ៉ង់បាញ់ធ្លាក់យន្តហោះគ្មានមនុស្សបើកទំនើបមួយគ្រឿងរបស់អាមេរិក ដែលតាមអុីរ៉ង់ថាស្ថិតក្នុងដែនអាកាសរបស់ខ្លួន តែអាមេរិកបានបដិសេធ។ លោកត្រាំច្រឡោតខ្លាំងរហូតដល់ចេញបញ្ជាឲ្យវាយប្រហារអុីរ៉ង់ រួចនៅនាទីចុងក្រោយក៏បានលុបចោលវិញ៕ (កែសម្រួលដោយ ៖ បុប្ផា)
ចែករំលែកព័តមាននេះ