រាជធានីភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានអះអាងថា សម្តេចនឹងប្រកាសឲ្យប្រទេសជាសមាជិកអង្គការពាណិជ្ជកម្មពិភពលោកដឹងពីយុទ្ធសាស្ត្រសមាហរណកម្មពាណិជ្ជកម្មកម្ពុជា ២០១៩ -២០២៣ ។
យោងតាមបណ្តាញសង្គមរបស់សម្តេចតេជោ បានឲ្យដឹងនៅថ្ងៃទី០២ ខែកក្កដានេះយ៉ាងដូច្នេះថា នៅព្រឹកថ្ងៃទី២ កក្កដានេះ ខ្ញុំដឹកនាំគណប្រតិភូជាន់ខ្ពស់កម្ពុជាទៅចូលរួមកិច្ចប្រជុំស្តីពី «ការត្រួតពិនិត្យឡើងវិញជាសកល លើជំនួយសម្រាប់ពាណិជ្ជកម្ម ឆ្នាំ២០១៩» ដែលមានរយៈពេល២ថ្ងៃ នៅអង្គការពាណិជ្ជកម្មពិភពលោក (WTO) នាទីក្រុងហ្សឺណែវ ប្រទេសស្វីស (Geneva, Switzerland) ។
សម្តេចបញ្ជាក់ថា «ស្របពេលជាមួយគ្នានេះដែរ ខ្ញុំនឹងប្រកាសចេញជាផ្លូវការនូវ «យុទ្ឋសាស្ត្រសមាហរណកម្មពាណិជ្ជកម្មកម្ពុជា២០១៩-២០២៣ ហើយនឹងថ្លែងសុន្ទរកថា នៅក្នុងកិច្ចប្រជុំទៀងទាត់លើកទី៤១ នៃក្រុមប្រឹក្សាសិទ្ធិមនុស្ស UN ផងដែរ» ។ ជាមួយគ្នានោះដែរសម្តេចក៏បានសូមអរគុណបងប្អូនខ្មែរនៅអឺរ៉ុបទាំងអស់ ដែលកំពុងរង់ចាំទទួលស្វាគមន៍ខ្ញុំនៅទីក្រុងហ្សឺណែវ និងសូមជូនពរបងប្អូនជនរួមជាតិជួបតែសេចក្តីសុខ និងសំណាងល្អគ្រប់ៗគ្នា ៕ កែសម្រួលដោយ ៖ សុឃាក់
ចែករំលែកព័តមាននេះ