រាជធានីភ្នំពេញ៖ គណៈកម្មាធិការគោលនយោបាយសេដ្ឋកិច្ចនិងហិរញ្ញវត្ថុបស់កម្ពុជា ចាប់ផ្តើមពិភាក្សាលើលទ្ធផលសិក្សាបឋមនិងកំណត់បញ្ហានានាមុននឹងដាក់បញ្ចូលក្នុងផែនការអនុវត្តន៍ជាក់លាក់ទៅក្នុងគម្រោងផែនការមេដើម្បីអភិវឌ្ឍននិងប្រែក្លាយខេត្តព្រះសីហនុឱ្យទៅជាតំបន់សេដ្ឋកិច្ចពិសេសគំរូបហុបំណងឱ្យស្របទៅតាមគោលនយោបាយអភិវឌ្ឍន៍វិស័យឧស្សាហកម្មកម្ពុជា២០១៥-២០២៥។
យោងតាមសេចក្តីប្រកាសព័ត៌មានក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ កាលពីថ្ងៃទី២៥ ខែមិថុនាបានឱ្យដឹងថា អង្គប្រជុំបានពិភាក្សាលើលទ្ធផលនៃការសិក្សាបឋមរបស់ក្រុមការងារនិងបានកំណត់បញ្ហាប្រឈមនានារួមទាំង ផ្តល់អនុសាសន៍ជាវិធានការគោលនយោបាយសំដៅដោះស្រាយ បញ្ហាទាំងនាពេលបច្ចុប្បន្ននិងទៅអនាគត និងស្នើឱ្យក្រុមការងារធ្វើការសិក្សានិងគិតគួរឱ្យបានគ្រប់ជ្រុងជ្រោយ សម្រាប់ដាក់បញ្ចូលផែនការសកម្មភាពងនុវត្តន៍ជាក់លាក់ទៅក្នុងគម្រោងផែនការមេដើម្បីអភិវឌ្ឍ និងប្រែក្លាយខេត្តព្រះសីហនុទៅជាតំបន់សេដ្ឋកិច្ចពិសេស គំរូបពហុបំណង ។
ប្រភពដដែលបានបញ្ជាក់ថាផែនការមេត្រូវរួមបញ្ចូលនូវទិដ្ឋភាព៖ ១-) ចក្ខុវិស័យវែងឆ្ងាយ ដោយឈរលើគោលការណ៍សំខាន់ៗ ដូចជាតំបន់ដែលមាននូវបច្ចេកវិទ្យាវ័យឆ្លាត បរិក្ខាសម្រាប់រ់សនៅលំដាប់ពិភពលោក, បរិស្ថានបៃតង, តំបន់ឧស្សាហកម្ម និងជាប៉ូលសេដ្ឋកិច្ចសំខាន់ដើម្បីបម្រើឱ្យខ្សែច្រវ៉ាក់ផលិតកម្មក្នុងតំបន់។២-) ជាមជ្ឈមណ្ឌលបណ្តុះបណ្តាលធនធានមនុស្សដែលមានជំនាញ វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា ដើម្បីគាំំទ្រវិស័យឧស្សាហកម្មដែលប្រើប្រាស់បច្ចេកវិទ្យាទំនើប និងនាវនុវត្តន៍និង ៣-) ជាតំបន់មជ្ឈមណ្ឌលហិរញ្ញវត្ថុ, ខ្សែក្រវាត់បៃតងកសិកម្ម និងតំបន់លំនៅឋានព្រមទាំង គិតគូរដល់ការផ្តត់ផ្គង់សេវាសាធារណៈដែលមានគុណភាពស្តង់ដាខ្ពស់»។
លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងសាធារណការនិងដឹកជញ្ជូនធ្លាប់មានប្រសាសន៍ថាកំពង់ផែស្វ័យតក្រុងព្រះសីហនុវាជាមោទនភាពយ៉ាងខ្លាំងរបស់ប្រទេសកម្ពុជា ដោយបរិមាណទំនិញឆ្លងកាត់ បានកើនឡើងខ្ពស់ក្នុងឆ្នាំ២០១៨ ពោលគឺមានកំណើន ២២,០៨% ធៀបនឹងឆ្នាំ២០១៧។ រីឯចំណូលអាជីវកម្មសរុបសម្រេចបានប្រមាណ៧២ លានដុល្លារអាមេរិក។
បើតាមលោកទេសរដ្ឋមន្ត្រី បានឲ្យដឹងថា «ផ្អែកលើកំណើនសេដ្ឋកិច្ចដ៏រឹងមាំ និងកំណើនបរិមាណទំនិញឆ្លងកាត់កំពង់ផែ កំពង់ផែស្វយ័តក្រុងព្រះសីហនុ នឹងរំពឹងថាបរិមាណកុងតឺន័រដែលឆ្លងកាត់កំពង់ផែនឹងកើនលើស ៧០ម៉ឺន TEUs នៅឆ្នាំ ២០២០ និងលើស ១លាន TEUs នៅឆ្នាំ ២០២៣ ដែលនាំឱ្យតម្រូវការអភិវឌ្ឍ និងសាងសង់កំពង់ផែ ត្រូវសម្រេចឱ្យបានទាន់ពេលវេលា និងប្រើប្រាស់យុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ ដោយបញ្ចុះតម្លៃលើកដាក់ទំនិញ បញ្ចុះតម្លៃសេវាឡូជិស្ទិក ពង្រឹងនូវប្រសិទ្ធភាពគ្រប់គ្រង និងប្រតិបត្តិការកំពង់ផែ និងកតា្តផ្សេងៗទៀត ដើម្បីពង្រឹងការប្រកួតប្រជែងក្នុងតំបន់ និងសកលលោក»។
លោកលើកឡើងថា ថ្មីៗនេះ កំពង់ផែស្វយ័តក្រុងព្រះសីហនុ ក៏បានចូលរួមគាំទ្រដល់កិច្ចសម្រួលពាណិជ្ជកម្ម និងធុរកិច្ចនៅកម្ពុជាសំដៅជំរុញភាពប្រកួតប្រជែង និងបង្កើនល្បឿននៃការធ្វើពិពិធកម្មសេដ្ឋកិច្ចជាតិ ដើម្បីធានាឱ្យបាននូវចីរភាពកំណើនសេដ្ឋកិច្ចសម្រាប់រយៈពេលខាងមុខ តាមរយៈវិធានការបញ្ចុះថ្លៃលើកដាក់ Lo-Lo ចំនួន ១០% បញ្ចុះថ្លៃ Bonus ពី ៧,៥០ ដុល្លារ មក ៥ ដុល្លារអាមេរិក ក្នុងមួយ Box និងកែសម្រួលមិនគិតថ្លៃឈ្នួលបម្លាស់ទីនាវា។
លោកអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុមានប្រសាសន៍ថា« ការចូលរួមរបស់កំពុងផែក្រុងព្រះសីហនុបើធៀបទៅនិងទំហំសេដ្ឋកិច្ចជាតិទាំងមូលយើងអាចនិយាយបានថា មានចំណែកមិនជាធំប៉ុន្មាននោះទេ ។ប៉ុន្តែកំពង់ផែនេះជាអង្គភាពសេដ្ឋកិច្ចជាតិមួយដ៏សំខាន់និងមិនអាចខ្វះបាននៅក្នុងការធ្វើពាណិជ្ជកម្ម ទំនាក់ទំនងពាណិជ្ជកម្មរបស់ប្រទេសកម្ពុជា ជាមួយនិងពិភពលោកទាំងមូលក៏ដូចជាការអភិវឌ្ឍនូវសេដ្ឋកិច្ចជាតិ»៕ កែសម្រួលដោយ ៖ សុឃាក់
ចែករំលែកព័តមាននេះ