រាជធានីភ្នំពេញ៖ កាលពីយប់ថ្ងៃទី២២ មិថុនា ឆ្នាំ២០១៩ពិធីជប់លៀងមង្គលការតារាសម្តែងអ៊ុន អាលីហ្សា ជាមួយបុរសអាណិកជន ក្រោមការចូលរួមពីអ្នកសិល្បៈ និងភ្ញៀវកិត្តិយសទូទៅយ៉ាងអធិកអធម ។ គ្រងរ៉ូបដ៏ប្រណីតកាត់នំ អាលីហ្សា ញញឹមផង ចង់អួលដើមកផងដ្បិតឃើញសិល្បករ ភ្ញៀវកិត្តិយស និងអ្នកសារព័ត៌មានចូលរួមជាកិត្តិយសក្នុងពិធីមង្គលរបស់នាង ។
អ្នកសិល្បៈដែលចូលរួមនាំគ្នាលេងម៉ូដសម្លៀកបំពាក់ ស្រស់ប្រណីត លំអដោយគ្រឿងអលង្ការ ក្នុងទឹកមុខសប្បាយរីករាយ ។ អ៊ុន អាលីហ្សា គ្រោងនឹងចាកចេញទៅរស់នៅអាមេរិកតាមប្តី នៅពេលទទួលបានការអនុញ្ញាត ហើយក៏បោះបង់អាជីពសិល្បៈទាំងស្រុងដែរ ។ ស្វាមីរបស់អ៊ុន អាលីហ្សា រស់នៅរដ្ឋកាលីហ្វ៊័រនីញ៉ា សហរដ្ឋអាមេរិក លោកលី ឃាំង ជាអ្នកជំនួញវ័យជិត៣០ឆ្នាំ ។
សម្រាប់ពិធីជប់លៀងមង្គលការរបស់ខ្លួននេះអ៊ុន អាលីហ្សា ឱ្យដឹងថា នាងអញ្ជើញភ្ញៀវប្រមាណ៧០០នាក់ ដោយពិធីជប់លៀងរៀបចំនៅមជ្ឈមណ្ឌលកោះពេជ្រ ។ នៅពេលសួររឿងគម្រោងចេញទៅក្រេបចន្ទទឹកឃ្មុំ អ៊ុន អាលីហ្សា ថាលាក់សិន ចាំរៀបការហើយ ទើបអាចប្រាប់បាន ។
អាលីហ្សា ឱ្យដឹងថា ចំណងស្នេហារវាងនាងជាមួយលោកលី ឃាំង កើតមានរយៈពេលជាង៣ឆ្នាំមកហើយ ។ ពួកនាងបានភ្ជាប់ពាក្យជាង១ឆ្នាំ ក៏កំណត់ពេលវេលារៀបការនៅថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៩ នេះតែម្តង ។
តារាសម្តែង និងចម្រៀងអ៊ុន អាលីហ្សា និយាយថា «ក្រោយរៀបការហើយ ភ្លាមៗ នាងខ្ញុំមិនប្រឡូកសិល្បៈជោកជាំដូចមុនទៀតទេ គឺរង់ចាំតែវីសាពីស្ថានទូតអាមេរិក ដើម្បីចេញទៅរស់នៅតាមស្វាមី »។ អ៊ុន អាលីហ្សា ធ្លាប់បរាជ័យគម្រោងរៀបមង្គលការ២លើកមកហើយ គឺលើកទី១បានភ្ជាប់ស្នេហ៍ជាមួយអតីតតារាចម្រៀងផលិតកម្មរស្មីស្ទឹងសង្កែ សេន រ៉ានុត តែត្រូវខកចិត្ត ព្រោះរ៉ានុត បានទៅរៀបការជាមួយកូនអ្នកលក់មាស នៅអាមេរិក ចោលនាង ។
លើកទី២ អាលីហ្សា បានភ្ជាប់ពាក្យជាមួយលោកថៅកែកាហ្វេដែននី ដោយស្ទើរតែក្រាបផ្ទឹមជាមួយគ្នាទៅហើយ ប៉ុន្តែចុងក្រោយ លោកថៅកែប្រែចិត្តទៅស្នេហាមិត្តភក្តិរបស់អាលីហ្សាវិញ ៕ (កែសម្រួលដោយ ៖ បុប្ផា)
ចែករំលែកព័តមាននេះ