ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រដ្ឋសភា​យក​ថ្ងៃ​ទី​១៧ មិថុនា​បើក​សម័យប្រជុំ​ពេញអង្គ​ពិភាក្សា និង​អនុម័ត​ការ​គ្រប់គ្រង​ប្រេងកាត និង​ផលិត​វា

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ គណៈកម្មាធិការ​អចិន្ត្រៃយ៍​រដ្ឋសភា​បាន​កំណត់​យក​ថ្ងៃ​ទី​១៧ ខែមិថុនា​នេះ បើក​សម័យប្រជុំ​រដ្ឋសភា​លើក​ទី​២ នីតិកាល​ទី​៦ ដើម្បី​ពិនិត្យ និង​អនុម័ត​លើ​សេចក្តីព្រាងច្បាប់ ស្តី​ពី​ការ​គ្រប់គ្រង​ប្រេងកាត និង​ការ​ផលិតផល​ប្រេងកាត…

រាជធានី​ភ្នំពេញ ៖ គណៈកម្មាធិការ​អចិន្ត្រៃយ៍​រដ្ឋសភា​បាន​កំណត់​យក​ថ្ងៃ​ទី​១៧ ខែមិថុនា​នេះ បើក​សម័យប្រជុំ​រដ្ឋសភា​លើក​ទី​២ នីតិកាល​ទី​៦ ដើម្បី​ពិនិត្យ និង​អនុម័ត​លើ​សេចក្តីព្រាងច្បាប់ ស្តី​ពី​ការ​គ្រប់គ្រង​ប្រេងកាត និង​ការ​ផលិតផល​ប្រេងកាត និង​របៀបវារៈ​មួយ​ចំនួន​ទៀត ។ ការ​កំណត់​ថ្ងៃ​ប្រជុំ​ពេញអង្គ​រដ្ឋសភា ធ្វើ​ឡើង​បន្ទាប់​ពី​គណៈកម្មាធិការ​អចិន្ត្រៃយ៍​រដ្ឋសភា​បាន​បើក​កិច្ចប្រជុំ​ពេញអង្គ​នៅ​ថ្ងៃ​ទី​១៣ ខែមិថុនា​នេះ ក្រោម​អធិបតីភាព​សម្តេច​ហេង សំ​រិ​ន ប្រធានរដ្ឋសភា ។

ជា​លទ្ធផល​អចិន្ត្រៃយ៍​រដ្ឋសភា​បាន​សម្រេច​ដាក់​បញ្ចូល​របៀបវារៈ​ដូច​ជា ៖ ១. ការ​សម្រេច​អំពី​សុពលភាព​នៃ​អាណត្តិ​របស់​លោក​សុខ ផេង ជា​តំណាងរាស្ត្រ​មណ្ឌល​ខេត្តព្រៃវែង ជំនួស​លោក​ពៅ សាមី ដែល​ទទួលមរណភាព ។ ២. ការ​ពិភាក្សា និង​អនុម័ត​សេចក្តីព្រាងច្បាប់​ស្តី​ពី ការ​គ្រប់គ្រង​ប្រេងកាត និង​ផលិតផល​ប្រេងកាត ។ ៣. ការ​ពិភាក្សា និង​អនុម័ត​សេចក្តីព្រាងច្បាប់​ស្តី​ពី​ការ​អនុម័ត​យល់ព្រម​លើ​កិច្ចព្រមព្រៀង​រវាង​ព្រះរាជាណាចក្រ​កម្ពុជា និង​រដ្ឋាភិបាល​នៃ​សាធារណរដ្ឋ​ប្រជាមានិត​បង់​ក្លា​ដេ​ស​ស្តី​ពី​ការ​ជំរុញ និង​ការ​ការពារ​ទៅ​វិញ​ទៅ​មក​នៃ​វិនិយោគ ។ ៤. ការ​ពិភាក្សា និង​អនុម័ត​សេចក្តីព្រាងច្បាប់​ស្តី​ពី​ការ​អនុម័ត​យល់ព្រម​លើ​កិច្ចព្រមព្រៀង​រវាង​ព្រះរាជាណាចក្រ​កម្ពុជា និង​សហភាព​អា​រ៉ាប់​អេ​មី​រ៉េ​ត​ស្តី​ពី​ការ​ជំរុញ និង​ការ​ការពារ ទៅ​វិញ​ទៅ​មក​នៃ​វិនិយោគ ។

៥. ការ​ពិភាក្សា និង​អនុម័ត​សេចក្តីព្រាងច្បាប់​ស្តី​ពី​ការ​អនុម័ត​យល់ព្រម​លើ​កិច្ចព្រមព្រៀង​រវាង ព្រះរាជាណាចក្រ​កម្ពុជា និង​រដ្ឋាភិបាល​នៃ​សាធារណរដ្ឋ​តួ​ក​គី ស្តី​ពី​ការ​ជំរុញ និង​ការ​ការពារ ទៅ​វិញ​ទៅ​មក​នៃ​វិនិយោគ ។ ៦. ការ​ពិភាក្សា និង​អនុម័ត​សេចក្តីព្រាងច្បាប់​ស្តី​ពី​ការ​អនុម័ត​យល់ព្រម​លើ​កិច្ចព្រមព្រៀង​ស្តី​ពី​ការ​បង្កើត​អង្គការ​បណ្តាញ​អន្តរជាតិ​សម្រាប់​ឬ​ស្សី និង​ផ្តៅ ។

សូម​ជម្រាប​ថា នៅ​ក្នុង​កិច្ចប្រជុំ​អចិន្ត្រៃយ៍​រដ្ឋសភា​ក៏​បាន​សម្រេច​ប្រគល់​សេចក្តីព្រាងច្បាប់​ចំនួន​ពីរ​ទៅ​គណៈកម្មការ​ជំនាញ​ពិនិត្យ និង​ឲ្យ​យោបល់​រួច​ហើយ​ប​ញ្ជូ​លម​ក​គណៈកម្មាធិការ​អចិន្ត្រៃយ៍​រដ្ឋសភា​ពិនិត្យ​ផង​ដែរ ។ សេចក្តីព្រាងច្បាប់​ទាំង​ពីរ​មាន ៖ ១.​សេចក្តីព្រាងច្បាប់​ស្តី​ពី ការ​អនុម័ត​យល់ព្រម​ឲ្យ​ព្រះរាជាណាចក្រ​កម្ពុជា​ចូល​ជា​សមាជិក​នៃ​កិច្ចព្រមព្រៀង​ស្តី​ពី​វិធានការ​រដ្ឋ​ម្ចាស់​កំពង់​ផែ ដើម្បី​បង្ការ​ទប់ស្កាត់ និង​លុប​បំបាត់​ការ​នេសាទ​ខុសច្បាប់ គ្មាន​របាយការណ៍ និង​គ្មាន​ការ​អនុ​ញ្ញ​ត​ដល់​គណៈកម្មការ​ផែនការ​វិនិយោគ​កសិកម្ម អភិវឌ្ឍ​ជនបទ បរិស្ថាន និង​ធនធាន ទឹក​នៃ​រដ្ឋសភា​ពិនិត្យ​សិក្សា ដោយ​សហការ​ជាមួយ​គណៈកម្មការ​កិច្ចការបរទេស​សហប្រតិបត្តិការ​អន្តរជាតិ ឃោសនាការ និង​ព័ត៌មាន នៃ​រដ្ឋសភា ហើយ​ធ្វើ​របាយការណ៍​ជូន គណៈ​ក​ម្មា ធិ​ការ​អចិន្ត្រៃយ៍​នៃ​រដ្ឋសភា​វិញ ។

២. សេចក្តីព្រាងច្បាប់​ស្តី​ពី​ការ​អនុម័ត​យល់ព្រម​លើ​ផែនការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិ ២០១៩-២០២៣ ដល់​គណៈកម្មការ​ផែនការ​វិនិយោគ​កសិកម្ម អភិវឌ្ឍ​ជនបទ បរិស្ថាន និង​ធនធានទឹក នៃ​រដ្ឋសភា​ពិនិត្យ​សិក្សា ហើយ​ធ្វើ​របាយការណ៍​ជូន​គណៈកម្មាធិការ​អចិន្ត្រៃយ៍​នៃ​រដ្ឋសភា​វិញ ៕ កែសម្រួល​ដោយ ៖ សុ​ឃា​ក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ