រាជធានីភ្នំពេញ៖ ស្របពេលការប្រើប្រាស់រថយន្តមានការកើនឡើងពីមួយឆ្នាំទៅមួយឆ្នាំ ក្រសួងគ្រោងចេញឱ្យពលរដ្ឋប្រើលេខរថយន្តមានលក្ខណៈពិសេសដែលត្រូវការពេលវេលាយ៉ាងយូរ២ខែទៀត ហើយនៅពេលលេខនេះអាចឱ្យប្រើប្រាស់បាន ក្រសួងរំពឹងនឹងទទួលបានការពេញនិយមពីប្រជាពរលដ្ឋទាំងអ្នកមានជីវភាពធូរធារនិងពលរដ្ឋមានជីវភាពធម្មតា ខណៈកន្លងមកអ្នកប្រើប្រាស់លេខពិសេសមួយចំនួនដែលជាប្រភេទលេខការ៉េ គឺមានតម្លៃខ្ទង់ម៉ឺនដុល្លារអាមេរិកឯណោះ ។
លោក ហ៊ាង សុទ្ធាយុត្តិ អ្នកនាំពាក្យនិងជាប្រធាននាយកដ្ឋានព័ត៌មានវិទ្យានិងទំនាក់ទំនងសាធារណៈការនិងដឹកជញ្ជូន មានប្រសាសន៍ឱ្យដឹងកាលពីថ្ងៃទី១១ ខែមិថុនាម្សិលមិញថា ការផ្តល់ជូនលេខពិសេសនេះសំដៅទៅលើប្រភេទរថយន្តគ្រួសារនិងរថយន្តដឹកទំនិញធុនស្រាល ដែលជាប្រភេទរថយន្តក្បាល២ (2A, 2B)។លោកបានមានបន្តថា «លេខពិសេសនេះក្រសួងមិនទាន់បានផ្តល់ជូនពលរដ្ឋយកទៅបំពាក់នៅលើរថយន្តនៅឡើយនោះទេ ដោយសារយើងទើបតែមានត្រឹមអនុក្រឹត្យ។ យើងត្រូវពេលរៀបចំប្រកាសនីតិវិធី ប្រកាសពីការប្រមូលចំណូលផ្សេងៗនិងមានសហការពីដៃគូគ្រឹះស្ថានហិរញ្ញវត្ថុនិងរៀបចំប្រភពបច្ចេកវិទ្យា។ យើងមិនមែនទើបចាប់ផ្តើមនោះទេ យើងបានធ្វើចប់ស្ទើតែសព្វគ្រប់អស់ហើយ គ្រាន់តែវាជាគំនិតផ្តួចផ្តើមថ្មី វាត្រូវការត្រួតពិនិត្យឱ្យគ្រប់សព្វជ្រុងជ្រោយដើម្បីដាក់ឱ្យអនុវត្តទៅធានាបានវឌ្ឍនៈភាព»។
លោកបានបន្ថែមទៀតថា ការផ្តល់ជូនលេខពិសេសអាចឱ្យពលរដ្ឋទិញយកទៅប្រើប្រាស់បាន ខ្ញុំមើលទៅប្រហែលត្រូវរងចាំពីរខែទៀត បើមិនមានអ្វីកែប្រែ ឬផ្លាស់ប្តូរ។ ខ្ញុំមើលឃើញបែបនេះដោយសារខ្ញុំទទួលបន្ទុកការងារបច្ចេកវិទ្យានិងការកិច្ចការផ្សេងៗទាក់ទងនិងការផ្តល់សេវានេះ»។ បើតាមមន្ត្រីក្រសួងខាងលើបានបញ្ជាក់ថាតម្លៃលេខរថយន្តពិសេសនេះមានការបែងចែកជាផ្នែកផ្សេងគ្នា ហើយការកំណត់តម្លៃថ្លៃ ឬទាបវាកំណត់ទៅលើលេខនោះមានលក្ខណៈពិសេស ហើយលេខទាំងនេះពលរដ្ឋដែលមានជីវភាពធូរធារនិងពលរដ្ឋដែលមានជីវភាពមធ្យម ក៏អាចទិញយកប្រើប្រាស់តាមចំណង់ចំណូលចិត្តបាន។
លោក ហ៊ាង សុទ្ធាយុត្តិ បានបញ្ជាក់ថា «តម្លៃលេខពិសេសនេះ យើងចែកវាជា៣ថ្នាក់ មានប្រភេទលេខដែលយើងអាចទិញវាមានតម្លៃហើយស្រាប់ ។ លេខត្រូវការស្នើសុំក្នុងករណីពិសេស ពាក់ព័ន្ធនិងការជាន់ពាក្យអ្វីមួយ ត្រូវការស្នើសុំ មិនអាចសុំទិញដោយផ្ទាល់បាននោះទេ បើយើងពិនិត្យទៅលើម្ចាស់កម្មសិទ្ធករ ថាតើគាត់អាចប្រើលេខនេះបាន ឬអត់និងលេខមួយប្រភេទទៀត គឺជាលេខដែលយើងត្រូវការដាក់ដេញថ្លៃជាសាធារណៈ។ កិច្ចការទាំងនេះ យើងសុទ្ធតែប្រើប្រព័ន្ធបច្ចេកវិទ្យាទាំងការគណនាតម្លៃ ការដាក់ដេញថ្លៃ និងការដាក់លក់។និយាយពីការកំណត់តម្លៃ មានលក្ខណៈខុសប្លែកពីលេខមុនៗ ។ លេខពិសេសដែលត្រូវលក់ជូនពលរដ្ឋនៅពេលខាងមុខនេះ វាមានអក្សរហើយមានដល់៨ខ្ទង់។ ការកំណត់តម្លៃយើងធ្វើឡើងដោយលក្ខណៈប្រព័ន្ធ ប៉ុន្តេយើងកំណត់ជាសូចនាករឱ្យវាវិញថាសូចនាករមួយនេះវាធ្វើឱ្យថ្លៃ ឬមិនថ្លៃ។
លេខនេះវាមិនគ្រាន់តែសម្រាប់ពលរដ្ឋមានជីវភាពធូរធាប៉ុណ្ណោះទេ ពលរដ្ឋមានជីវភាពធម្មតាក៏គាត់អាចទិញបានដែរ ព្រោះតម្លៃលេខនេះមានច្រើនសណ្ឋាន។ ឧទាហរណ៍ថាលេខពិសេសវាមានដល់៨ខ្ទង់ ហើយបើអក្សរមានលក្ខណៈឆ្លាស់គ្នាមើលទៅមិនពិសេសទេ នោះតម្លៃវាអាចធូរថ្លៃ ។ ដូចនេះពលរដ្ឋធម្មតាដែលមានចំណង់ចំណូលចិត្តក៏អាចទិញយកទៅប្រើបាន»។លោកសង្កត់ធ្ងន់ថា «លេខពិសេសនេះកន្លងមកយើងធ្លាប់ស្ទង់មតិទាំងផ្ទាល់និងមិនផ្ទាល់ឃើញថាប្រជាពលរដ្ឋចង់បានច្រើនណាស់។ យើងសង្ឃឹមថាការផ្តល់លេខពិសេសនេះអាចនឹងជួយបំពេញបំណងរបស់ប្រជាពលរដ្ឋ, យើងចូលរួមកៀរគរប្រមូលចំណូលមិនមែនសារពើពន្ធជូនរដ្ឋ» ។
ថ្មីៗនេះផងដែរ ថ្នាក់ដឹកនាំក្រសួងសាធារណការ ក៏បានរៀបចំនូវកិច្ចប្រជុំពិភាក្សាជាមួយគ្រឹះស្ថានហិរញ្ញវត្ថុដៃគូ ទៅលើការទូទាត់ និងប្រមូលចំណូលសម្រាប់សេវាលេខពិសេសផ្ទាល់ខ្លួន ដែលគោលបំណងនៃកិច្ចពិភាក្សានេះ ដើម្បីពិនិត្យមើលលទ្ធភាពរបស់គ្រប់គ្រឹះស្ថានហិរញ្ញវត្ថុដៃគូ ក្នុងការទូទាត់ និងប្រមូលចំណូលសម្រាប់សេវាលេខពិសេសផ្ទាល់ខ្លួន ដែលសេវានេះនឹងដាក់ឱ្យដំណើរការនាពេលឆាប់ៗខាងមុខនេះ ៕ កែសម្រួលដោយ ៖សុឃាក់
ចែករំលែកព័តមាននេះ