រាជធានីភ្នំពេញ ៖ ស្ត្រីរងគ្រោះម្នាក់បានដេកស្លាប់ផ្កាប់មុខ នៅក្នុងថ្លុកឈាមបាត់បង់ជីវិតយ៉ាងអាណោចអាធម្ម និងបុរសម្នាក់ទៀតបានរងរបួសយ៉ាងធ្ងន់ធ្ងរ ខណៈដែលពួកគេជិះម៉ូតូម៉ាក nex មួយគ្រឿងឌុបគ្នាឆ្លងផ្លូវ ហើយត្រូវបានរថយន្តម៉ាកកូរ៉ូឡាមួយគ្រឿងដែលគេសង្ស័យថាបើកបរដោយមិនគោរពច្បាប់ចរាចរណ៍បោះពួយក្នុងល្បឿនយ៉ាងលឿនមកបុកពេញទំហឹង រួចអ្នកបើកបរចុះរត់គេចខ្លួនបាត់ស្រមោល ដោយករណីគ្រោះថ្នាក់ចរាចរណ៍នេះកើតឡើងកាលពីវេលាម៉ោង៥និង១៥នាទីព្រឹក ថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១៩ នៅចំណុចភ្លើងស្តុប ផ្លូវព្រះនរោត្តម កែងផ្លូវលេខ២១៤ ក្នុងសង្កាត់ជ័យជំនះ ខណ្ឌដូនពេញ ។
តាមប្រភពព័ត៌មានពីនគរបាលបានប្រាប់ឱ្យដឹងថា ស្ត្រីរងគ្រោះដែលស្លាប់បាត់បង់ជីវិតមានឈ្មោះ នាង លៀបភា អាយុ២៦ឆ្នាំ មុខរបរនៅផ្ទះ មានស្រុកកំណើតនៅភូមិអូរចា ឃុំអូរចា ស្រុកមោងឬស្សី ខេត្តបាត់ដំបង ចំណែកឯបុរសដែលរងរបួសធ្ងន់មិនស្គាល់អត្តសញ្ញាណត្រូវបានគេបញ្ជូនយកទៅសង្គ្រោះនៅគ្លីនិកឯកជនមួយ ។
ដោយមុនពេលកើតហេតុជនរងគ្រោះទាំងពីរនាក់បានជិះម៉ូតូម៉ាក nex ពណ៌ស ពាក់ស្លាកលេខកំពង់ធំ ១L-១៩៨០ មួយគ្រឿងឌុបគ្នា តាមបណ្តោយផ្លូវលេខ២១៤ ក្នុងទិសដៅពីលិចទៅកើត ដោយបុរសរងគ្រោះជាអ្នកបើកបរចំណែកឯស្ត្រីរងគ្រោះជាអ្នកជិះពីក្រោយ ។
តាមប្រភពដដែលបានប្រាប់បន្តទៀតថា ពេលដែលជនរងគ្រោះកំពុងតែជិះឌុបគ្នា មកដល់ចំណុចខាងលើក៏បានព្យាយាមបើកឆ្លងផ្លូវ ក៏ស្រាប់តែមានរថយន្តម៉ាកកូរ៉ូឡា ពណ៌ក្រហម ពាក់ស្លាកលេខភ្នំពេញ ២A-៦៧០៦ មួយគ្រឿងបើកបរដោយជនមិនស្គាល់អត្តសញ្ញាណម្នាក់ បោះពួយក្នុងល្បឿនយ៉ាងលឿន តាមបណ្តោយផ្លូវព្រះនរោត្តមក្នុងទិសដៅពីត្បូងទៅជើងទៅបុកម៉ូតូជនរងគ្រោះទាំងពីរនាក់ អូសជាច្រើនម៉ែត្រ បណ្តាលអោយស្ត្រីជាអ្នកជិះខាងក្រោយស្លាប់បាត់បង់ជីវិតក្នុងថ្លុកឈាមភ្លាមៗ ចំណែកឯបុរសម្នាក់ទៀតជាអ្នកបើកបរក៏រងរបួសយ៉ាងធ្ងន់ធ្ងរ និងត្រូវបានគេបញ្ជូនយកទៅសង្គ្រោះភ្លាមៗនៅគ្លីនិកឯកជនមួយ រួចហើយអ្នកបើកបររថយន្តបង្កចុះរត់គេចខ្លួនបាត់ស្រមោល ។
ពាក់ព័ន្ធទៅនឹងករណីគ្រោះថ្នាក់ចរចរណ៍នេះដែរគេសង្ស័យថា រថយន្តម៉ាកកូរ៉ូឡាបង្កបើកបរដោយមិនគោរពច្បាប់ចរាចរណ៍ទើបបានជាទៅបុកម៉ូតូមួយគ្រឿងដែលកំពុងបើកឆ្លងផ្លូវនៅចំណុចភ្លើងស្តុប បណ្តាលអោយស្ត្រីម្នាក់ស្លាប់បាត់បង់ជីវិត និងបុរសម្នាក់រងរបួសធ្ងន់ទាំងព្រឹកព្រលឹមអុរបែបនេះ ។
ក្រោយពេលកើតហេតុកម្លាំងមានសមត្ថកិច្ចជំនាញចរាចរណ៍ខណ្ឌដូនពេញក៏បានចុះមកដល់កន្លែងកើតហេតុបានធ្វើការប្រគល់សពស្ត្រីរងគ្រោះទៅអោយក្រុមគ្រួសារយកទៅតម្កល់ធ្វើបុណ្យនៅឯវត្តទឹកថ្លា ទៅតាមប្រពៃណី ចំណែកឯរថយន្តម៉ាកកូរ៉ូឡាបង្ក និងម៉ូតូម៉ាក nex របស់ជនរងគ្រោះទាំងពីរគ្រឿងក៏បានធ្វើការបញ្ជូនយកទៅរក្សាទុកនៅការិយាល័យនគរបាលចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញ ដើម្បីរង់ចាំធ្វើការដោះស្រាយគ្នាជាបន្តទៅទៀត ៕ កែសម្រួលដោយ ៖ សុឃាក់
ចែករំលែកព័តមាននេះ