ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ម៉ា​កស​ញ្ញ​លំដាប់​ពិភពលោក​របស់​អា​មេ​រិ​ក​គ្រោង​នឹង​ពង្រីក ការ​វិនិយោគ​នៅ​កម្ពុជា ខណៈ អនាគត EBA មិន​ច្បាស់លាស់

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ក្រុមហ៊ុន​អន្តរជាតិ​ធំ​មួយ​ដែល​ជា​ម៉ាក​សញ្ញា​លំដាប់​ពិភពលោក​របស់​អា​មេ​រិ​ក និង​ជា​ក្រុមហ៊ុន​មួយ​ស្ថិត​នៅ​ក្នុង​ចំណោម​ក្រុមហ៊ុន​អន្តរជាតិ​ល្បី​ៗ​ចំនួន​២០ ដែល​បញ្ជា​ទិញ​ទំនិញ​វាយ​ន​ភណ្ឌ​ពី​កម្ពុជា​ធ្លាប់​បាន​សរសេរ​លិខិត​ជូន​សម្តេច​តេ​ជោ ហ៊ុន សែន បង្ហាញ​ពី​ក្តី​បារ​ម្ម​ណ៍​ករណី​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ អ្វី​គ្រប់យ៉ាង​លើកលែងតែ​អាវុធ (EBA)…

រាជធានី​ភ្នំពេញ ៖ ក្រុមហ៊ុន​អន្តរជាតិ​ធំ​មួយ​ដែល​ជា​ម៉ាក​សញ្ញា​លំដាប់​ពិភពលោក​របស់​អា​មេ​រិ​ក និង​ជា​ក្រុមហ៊ុន​មួយ​ស្ថិត​នៅ​ក្នុង​ចំណោម​ក្រុមហ៊ុន​អន្តរជាតិ​ល្បី​ៗ​ចំនួន​២០ ដែល​បញ្ជា​ទិញ​ទំនិញ​វាយ​ន​ភណ្ឌ​ពី​កម្ពុជា​ធ្លាប់​បាន​សរសេរ​លិខិត​ជូន​សម្តេច​តេ​ជោ ហ៊ុន សែន បង្ហាញ​ពី​ក្តី​បារ​ម្ម​ណ៍​ករណី​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ អ្វី​គ្រប់យ៉ាង​លើកលែងតែ​អាវុធ (EBA) របស់​កម្ពុជា​ថា​អាច​ត្រូវ​ដកហូត​ដោយ​អឺរ៉ុប​នោះ បាន​អះអាង​ថា​ខ្លួន​នឹង​បង្កើន​ការ​បញ្ជា​រទិញ​ពី​កម្ពុជា ជា​ពិសេស បាន​អះអាង​ថា​នឹង​ធ្វើការ​បណ្តាក់ទុន​វិនិយោគ​បន្ថែម ដើម្បី​ពង្រឹង​ចង្វាក់​ផលិតកម្ម ទៀត​ផង ។

ជាមួយ​គ្នា​នោះ​ផង​ដែរ រាជរដ្ឋាភិបាល​កម្ពុជា​បាន​ប្ដេជ្ញា​ចិត្ត​ថា នឹង​ប្រែក្លាយ​ឱ្យ​កម្ពុជា​ទៅ​ជា ដែនដី​មួយ​សម្រាប់​ជា​ចំណាប់អារម្មណ៍​របស់​វិនិយោគិន​បរទេស ក្នុង​ការ​បណ្ដាក់ទុន​វិនិយោគ​លើ​វិស័យ​នានា​ដែល​កំពុង​សក្ដានុពល ក្នុង​ពេល​កំណើនសេដ្ឋកិច្ច បាន​រក្សា​រង្វង់​ប្រមាណ​៧​ភាគរយ ក្នុង​មួយ​ឆ្នាំ ជា​ពិសេស​នោះ​គឺ​ស្ថិរភាព​នយោបាយ ។ នេះ​បើ​តាម​លោក ប៉ាន សូរ​ស័ក្តិ រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម នៅ​ក្នុង​ជំនួប​ជាមួយ​អនុប្រធាន​ក្រុមហ៊ុន​ផលិត​សម្លៀក​បំពាក់​ម៉ាក NIKE ដ៏​ធំ​របស់​សហរដ្ឋអាមេរិក​កាលពី​ថ្ងៃ​ទី ៥ មិថុនា ។ លោក​បាន​ប្រាប់​អំពី​វិធានការ​សំខាន់​ៗ​ដែល​រាជរដ្ឋាភិបាល​កម្ពុជា​បាន​ដាក់​ចេញ​តាម​រយៈ​វេទិកា​រាជរដ្ឋាភិបាល និង​ផ្នែក​ឯកជន ដើម្បី​កាត់​បន្ថយ​បន្ទុក​ចំណាយ​របស់​វិនិយោគិន សំដៅ​ពង្រឹង​ឯករាជ្យ​ភាព និង​លើក​ស្ទួយ​ឧត្តមភាព​ប្រកួតប្រជែង​របស់​ជាតិ​។

លោក គ្រី​ស ហេ​ល​ហ្សឺ អនុប្រធាន​ក្រុមហ៊ុន NIKE បានអោយ​ដឹង​ថា កំណែទម្រង់​របស់​រាជរដ្ឋាភិបាល​កម្ពុជា និង​កិច្ច​ប្រឹងប្រែង​របស់​ក្រសួងពាណិជ្ជកម្ម នឹង​អាច​ទាក់ទាញ​វិនិយោគិន​បរទេស​ជា​ច្រើន​ទៀត មក​បណ្ដាក់ទុន​វិនិយោគ​នៅ​កម្ពុជា​បន្ថែម ។ អ្នកបញ្ជា​រទិញ​ដ៏​ធំ​មួយ​នេះ បាន​បញ្ជាក់​ថា «​យើង​ពិតជា​អរគុណ​ណាស់ ចំពោះ​ការ​ចែករំលែក​នូវ​ព័ត៌មាន​សំខាន់​ពី​កំណែទម្រង់​របស់​រាជរដ្ឋាភិបាល​កម្ពុជា ក្នុង​ការ​ជួយ​ដល់​វិស័យ​ឯកជន ដូច​ជា​កាត់​បន្ថយ​នូវ​ថ្លៃ​ចំណាយ​នានា ការ​បន្ធូរបន្ថយ​នូវ​បន្ទុក​មួយ​ចំនួន ដែល​វិស័យ​ឯកជន​បាន​ជួប​ប្រទះ​នៅ​ពេល​កន្លង​មក​ជាដើម​»​។ លោក​បន្ត​ថា កម្ពុជា មាន​អនុលោម​ភាព​ខ្ពស់​ទៅ​នឹង​ស្តង់ដារ​ពលកម្ម​អន្តរជាតិ តាម​រយៈ​កម្មវិធី​ត្រួតពិនិត្យ​រោងចក្រ​នានា​ដែល​បាន​អនុវត្ត​ជា​ដៃគូ​រវាង​រដ្ឋាភិបាល និង​វិស័យ​ឯកជន​។ ចំពោះ​ក្រុមហ៊ុន​ដូច​ជា NIKE អនុលោម​ភាព​ស្ដង់ដារ​ពលកម្ម​អន្តរជាតិ ជា​កត្តា​មួយ​ចម្បង​ផង​ដែរ​ក្នុង​ការ​វិនិយោគ និង​ធ្វើការ​បញ្ជា​ទិញ ហើយ​ក្រុមហ៊ុន NIKE នឹង​បន្ត​ប្រតិបត្តិការ​របស់​ខ្លួន​នៅ​កម្ពុជា ដោយ​យោង​លើ​កត្តា​នេះ ។

លោក គ្រី​ស ហេ​ល​ហ្សឺ អនុប្រធាន​ក្រុមហ៊ុន NIKE បាន​ឲ្យ​ដឹង​ថា «​ក្រុមហ៊ុន NIKE នឹង​បន្ត​ភាព​ជា​ដៃគូ​ជាមួយ​រាជរដ្ឋាភិបាល​កម្ពុជា តាម​រយៈ​ការ​បណ្តាក់ទុន​វិនិយោគ​បន្ថែម ដើម្បី​ពង្រឹង​ចង្វាក់​ផលិតកម្ម ផ្តល់​ការងារ​ជូន​ប្រជា​ពលរដ្ឋ និង​ចូលរួម​អភិវឌ្ឍន៍​កំណើនសេដ្ឋកិច្ចកម្ពុជា​» ។

សូម​បញ្ជាក់​ថាស​ម្ដេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​កម្ពុជា ធ្លាប់​បាន​ប្រកាស​ស្វា គម​ន៍​ដល់​វិនិយោគិន​មក​ពី​គ្រប់​ទិស​ទី ដែល​មាន​បំនង​វិនិយោគ​នៅ​ក្នុង​ប្រទេស​កម្ពុជា ហើយ​មន្ត្រី​សំខាន់​ៗ​របស់​កម្ពុជា ក៏​នឹង​រង់ចាំ​សហការ​និង​សម្រួល​ដល់​ការ​វិនិយោគ​របស់​បរទេស​នៅ​លើ​ទឹកដី​ព្រះរាជ​ណា​ចក្រ​កម្ពុជា ។ ការណ៍​នេះ​បាន​ធ្វើ​អោយ​កម្ពុជា​ទទួល​បាន​ទុន​វិនិយោគ​កើន​ឡើងជា​បន្តបន្ទាប់ ជាក់ស្ដែង​បើ​តាម​របាយការណ៍​របស់​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា នៅ​ក្នុង​រយៈពេល​៤​ខែ​ដើមឆ្នាំ​២០១៩​នេះ កម្ពុជា​ទទួល​បាន​ទុន​វិនិយោគ​សរុប​ប្រមាណ​៤​ពាន់​លាន​ដុល្លារ​អា​មេ​រិ​ក ដោយ​មាន​គម្រោង​អភិវឌ្ឍន៍​ចំនួន ១១៥​គម្រោង ។

សូម​រម្លឹក​ថា NIKE គឺជា​ក្រុមហ៊ុន​អន្តរជាតិ​មួយ​ក្នុង​ចំណោម​២០​ក្រុមហ៊ុន​ផ្សេង​ទៀត ដូច​ជា​ក្រុមហ៊ុន Adidas, Nike, Gap និង​ក្រុមហ៊ុន Levi ជាដើម ដែល​ជា​ក្រុមហ៊ុន​បញ្ជា​ទិញ​ទំនិញ​ផ្នែក​វាយ​ន​ភណ្ឌ ដូច​ជា​សម្លៀក​បំពាក់ ស្បែកជើង និង​ទំនិញ​ជា​សម្ភារ​សម្រាប់​ការ​ធ្វើ​ដំណើរ ដូច​ជា​កាបូប វ៉ាលិស​ជាដើម គិត​ជា​ទឹកប្រាក់​ប្រមាណ​ជា​៩,៥ ពាន់​លាន​ដុល្លារ​អា​មេ​រិ​ក ពី​អ្នក​ផ្គត់ផ្គង់​នៅ​កម្ពុជា ធ្លាប់​បាន​ស្នើ សម្តេច​នាយក​រដ្ឋមន្ត្រី ធ្វើ​យ៉ាងណា​សម្រួល​កុំ​ឲ្យ​បាត់បង់ EBA របស់​កម្ពុជា ៕កែសម្រួលដោយ ៖សុឃាក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ