សិង្ហបុរី ៖ ភ្នាក់ងារសារព័ត៌មាន Reuters បានឲ្យដឹងកាលពីថ្ងៃទី២១ខែឧសភាកន្លងមកថា តម្លៃប្រេងបានកើនឡើងកាលពីថ្ងៃអង្គារ៍ព្រោះតែការកើនឡើងនៃភាពតានតឹងរវាងសហរដ្ឋអាមេរិកនិងអុីរ៉ង់ខណៈដែលមានការគិតទុកមុនថាក្រុមប្រទេសនាំចេញប្រេង OPEC នឹងបន្តកាត់បន្ថយទិន្នផលប្រេងក្នុងឆ្នាំនេះ។ ប៉ុន្តែកំណើននេះត្រូវបានប៉ះពាល់ពីកង្វល់ទាក់ទិននឹងសង្គ្រាមពាណិជ្ជកម្មរវាងសហរដ្ឋអាមេរិកនិងប្រទេសចិនដែលអាចបង្កឲ្យមានការអន់ថយសេដ្ឋកិច្ចជុំវិញពិភពលោក។
តម្លៃប្រេងរបស់ក្រុមហ៊ុន Brent ស្មើ ៧២.២៤ដុល្លារក្នុងមួយធុង ឬកើនឡើង ០.៤% ខណៈដែលតម្លៃប្រេងរបស់ក្រុមហ៊ុន West Texas Intermediate វិញបានកើនឡើង ០.៤%ដែរមកស្មើ ៦៣.៣៦ដុល្លារក្នុងមួយធុង។
លោក Jasper Lawler ដែលជាប្រធានផ្នែកស្រាវជ្រាវនៅក្រុមហ៊ុន London Capital Group បាននិយាយថា “ការតានតឹងឡើងរវាងសហរដ្ឋអាមេរិកនិងអុីរ៉ង់ និងមុខសញ្ញាបង្ហាញថា OPEC នឹងបន្តកាត់បន្ថយទិន្នផលប្រេង បានជំរុញដល់តម្លៃប្រេង”។
កាលពីថ្ងៃច័ន្ទកន្លងមក លោកប្រធានាធិបតីដូណាល់ត្រាំ (Donald Trump) បានគម្រាម កំហែងដល់អុីរ៉ង់ថានឹងឆ្លើយតបដោយរឹងមាំនិងធ្ងន់ធ្ងរទៅកាន់អ៊ឺរ៉ង់ប្រសិនបើប្រទេសនេះប៉ះពាល់ដល់អត្ថប្រយោជន៍អាមេរិកក្នុងមជ្ឈឹមបូព៌ា។ ការគម្រាមកំហែងនេះកើតមានឡើងបន្ទាប់ពីមានការវាយប្រហារកាំជ្រួចក្នុងរដ្ឋធានីអុីរ៉ង់ដែលសហរដ្ឋអាមេរិកសង្ស័យថាត្រូវបានរៀបចំឡើងដោយក្រុមយោធាដែលមានទំនាក់ទំនងជាមួយនឹងអុីរ៉ង់។
អុីរ៉ង់បាននិយាយកាលពីធ្ងៃអង្គារ៍ថាពួកគេនឹងប្រឆាំងនឹងសម្ពាធពីសហរដ្ឋអាមេរិក។ ភាពតានតឹងនេះកើតមានឡើងខណៈដែលទីផ្សារកំពុងតែតូចចង្អៀតស្រាប់ទៅហើយព្រោះ OPEC និងប្រទេសផលិតប្រេងដទៃដូចជារុស្ស៊ីបានព្យាយាមាកាត់បន្ថយទិន្នផលប្រេងតាំងពីដើមឆ្នាំនេះមកដើម្បីជំរុញដល់តម្លៃ។
យោងទៅតាមប្រភពមួយមកពី OPEC បានឲ្យដឹងកាលពីថ្ងៃច័ន្ទថា OPEC កំពុងតែពិចារណាពន្យាពេលកិច្ចប្រជុំដើម្បីពិភាក្សាពីគោលការណ៍កាត់បន្ថយទិន្នផលប្រេងទៅថ្ងៃទី៣និង៤ខែកក្កដាខាងមុខវិញ។
គួរបញ្ជាក់ដែរថា កំណើនតម្លៃប្រេងក៏ទទួលរងការប៉ះពាល់ពីសម្ភាធនៅទីផ្សារហិរញ្ញវត្ថុដែរដែលមានការអន់ថយព្រោះតែសង្គ្រាមពាណិជ្ជកម្មរវាងសហរដ្ឋអាមេរិកនិងប្រទេសចិន៕ (កែសម្រួលដោយ ៖ បុប្ផា)
ចែករំលែកព័តមាននេះ