រាជធានីភ្នំពេញ ៖ ខណៈពេលដែលវិស័យសំណង់និងអចលទ្រព្យនៅកម្ពុជាកំពុងមានសន្ទុះប៉ោងឡើង ការចុះបញ្ជីអចលនទ្រព្យសម្រាប់សម្គាល់ម្ចាស់កម្មសិទ្ធគឺជារឿងសំខាន់ដើម្បីសិទ្ធស្របច្បាប់ក្នុងការកាន់កាប់អចនទ្រព្យ ក៏ដូចជាការទទួលបាននូវការការពារតាមផ្លូវច្បាប់យ៉ាងប្រពៃ ។យ៉ាងណាមិញការយល់ដឹងអំពីការចុះបញ្ជីអចលទ្រព្យ ក៏ដើរតួនាទីសំខាន់ដើម្បីឲ្យម្ចាស់អចលនទ្រព្យបានដឹងឲ្យច្បាស់អំពីថេរៈវេលានិងកម្រៃសេវាដែលត្រូវបង់ផងដែរ ។
ពាក់ព័ន្ធនឹងការចុះបញ្ជីសម្គាល់ម្ចាស់អចនទ្រព្យនៅកម្ពុជាគឺមានពីរប្រភេទ គឺ ៖ ១)- ការចុះបញ្ជីដាច់ដោយដុំ គឺជាការចុះបញ្ជី តាមការស្នើសុំរបស់ម្ចាស់ដី និងទី ២)- ការចុះបញ្ជីដោយប្រព័ន្ធគឺជាការចុះបញ្ជីតាមគម្រោង ឬផែនការរបស់រដ្ឋ ។ តាមការឲ្យដឹងរបស់មន្ត្រីជំនាញបានឲ្យដឹងថា ការស្នើសុំចុះបញ្ជីអចលនទ្រព្យ គឺត្រូវប្រើរយៈពេលចំនួន ៥២ថ្ងៃ និងកម្រៃសេវាគឺមានតម្លៃ ៦០ម៉ឺនរៀល ។ នេះបើផ្អែកលើអនុក្រឹត្យរបស់រាជរដ្ឋាភិបាលក្នុងរូបភាពប្រមូលផ្តុំ ស្ថិតក្នុងអង្គភាពច្រកចេញចូលតែមួយរបស់រាជធានី-ខេត្ត ដែលជាគោលការណ៍នៃអនុក្រឹត្យបានបញ្ជាក់ថា រយៈពេលនៃការស្នើសុំចុះបញ្ជីនេះ (អចលទ្រព្យ) យើងប្រើរយៈពេលប្រហែល៥២ថ្ងៃ ហើយកម្រៃសេវាត្រូវបង់គឺ៦០ម៉ឺនរៀល។ នេះបើតាមលោក សារិន វណ្ណា ប្រធានមន្ទីររៀបចំដែនដីនគរូបនីសំណង់និងសូរិយោដី ក្រុងភ្នំពេញឱ្យដឹងកាលពីថ្ងៃទី១៧ ខែឧសភា ម្សិលមិញនេះ ។
តាមលោកប្រធានមន្ទីរបានឲ្យដឹងថា ការចុះបញ្ជីដាច់ដោយដុំ គឺជាការចុះបញ្ជី តាមការស្នើសុំរបស់ម្ចាស់ដី រីឯការចុះបញ្ជីដោយប្រព័ន្ធគឺជាការចុះបញ្ជីតាមគម្រោង ឬផែនការរបស់រដ្ឋ ដែលការចុះបញ្ជីជាលក្ខណៈប្រព័ន្ធគឺធ្វើឡើងក្នុងទ្រង់ទ្រាយធំ ច្រើនឃុំ-សង្កាត់ក្នុងពេលវេលាជាក់លាក់មួយ ។ លោក សារិន វណ្ណា មានប្រសាសន៍បន្តថា «ការចុះបញ្ជីនេះ វាមានការចុះបញ្ជីដាច់ដោយដុំ និងការចុះបញ្ជីជាប្រព័ន្ធ។ នៅទូទាំងរាជធានីភ្នំពេញនេះ យើងបានធ្វើការចុះបញ្ជីបានប្រមាណ៦៥% នៅលើចំនួនក្បាលដីសរុប ហើយជាផែនការយើងនឹងបញ្ចាប់ក្នុងក្របខណ្ឌរាជធានីភ្នំពេញនៅឆ្នាំ២០២១»។
យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ចុះថ្ងៃទី២ ខែឧសភាកន្លងទៅ បានឱ្យដឹងថា ដើម្បីធានានូវសុវត្ថិភាពនៃការកាន់កាប់ ដីធ្លី ការគោរពសិទ្ធិរបស់ប្រជាពលរដ្ឋលើបញ្ហាដីធ្លី ការលើកកម្ពស់កម្រិតជីវភាព ការកាត់បន្ថយភាពក្រីក្រ ជូនប្រជាពលរដ្ឋ សន្តិសុខស្បៀង និងភាពសុខដុមនៃសង្គមរាជរដ្ឋាភិបាលកម្ពុជា ដែលមានក្រសួងរៀបចំដែនដី នគរូបនីយកម្មនិងសំណង់ជាសេនាធិការ បានខិតខំរៀបចំនូវបទដ្ឋានគតិយុត្តសមស្រប និងដាក់ចេញនូវផែនការសកម្មភាពជាក់ស្តែងជំរុញការចុះបញ្ជីដីធ្លី ទាំងប្រទេសនិងយន្តការនៃការដោះស្រាយវិវាទដីធ្លី ជូនប្រជាពលរដ្ឋ៖១-) គណៈកម្មការសុរិយោដីថ្នាក់ជាតិ ថ្នាក់ខេត្ត, ២-) អាជ្ញាធរជាំតិដោះស្រាយទំនាក់ដីធ្លី, ៣-) យន្តការដោះស្រាយវិវាទតាមប្រព័ន្ធតុលាការនិង៤-)ដោះស្រាយវិវាទក្រៅប្រពន្ធតុលារ ដោយឈរលើគោលការណ៍ច្បាប់ជាធរមាន មិនមានការបង្ខិតបង្ខំ គំរាមកំហែង ឬបំភិតបំភ័យគួភាគីណាមួយឡើយ។
សេចក្រីប្រកាសដដែលបានបញ្ជាក់ថា «គិតត្រឹមដំណាច់ខែមេសា ឆ្នាំ២០១៩នេះ ១-)ការចុះបញ្ជីទូទាំងប្រទេសសម្រេចបានប្រមាណ៥,២លានក្បាលដី ស្មើនឹង៧៤% នៃចំនួនក្បាលដីប៉ាន់ស្មានសរុប ៧លានក្បាលដី ក្នុងនោះចុះបញ្ជីដីមានលក្ខណៈជាប្រព័ន្ធបាន ៤,៦លានក្បាលដី ចុះបញ្ជីមានលក្ខណៈដាច់ដោយដុំបាន៦សែនក្បាលដី។ ២-) ក្នុងការដោះស្រាយវិវាទដីធ្លី ក្រសួងទទួលបានពាក្យបណ្តឹង១០.០៧៨ករណីក្នុងនោះបានដោះស្រាយបញ្ចប់៨.០៦២ករណី និងកំពុងដោះស្រាយ២.០១៦ករណី។៣-) ការចុះបញ្ជីដីសហគមន៍ជនជាតិដើមភាគតិចបាន២៤សហគមន៍ ស្មើនឹង៦៨៤ក្បាលដី។ តាមផែនការការចុះបញ្ជីដីធ្លីទូទាំងប្រទេសរួមទាំងការចុះបញ្ជីដីសហគមន៍ជនជាតិដើមភាគតិចនឹងឈានទៅសម្រេចបាន១០០%នៅត្រឹមឆ្នាំ២០២១»
ចែករំលែកព័តមាននេះ