រាជធានីភ្នំពេញ ៖ កន្លងមករបាយការណ៍ឥណទានអតិថិជន ត្រូវបានកត់ចូលក្នុងការិយាល័យឥណទានកម្ពុជា ដើម្បីដឹងថាបុគ្គលនោះធ្លាប់ប្រើប្រាស់ឥណទាននៅធនាគារ ឬមីក្រូហិរញ្ញវត្ថុណាខ្លះ តែសម្រាប់របាយ ការណ៍ឥណទាននីតិបុគ្គល ( ក្រុមហ៊ុន) នៅមិនទាន់មាននៅឡើយនៅក្នុងប្រទេសកម្ពុជា ដូច្នេះហើយការិយាល័យឥណទានកម្ពុជា ក៏បានស្នើសំណើរទៅធនាគារកណ្ដាល ពោលគឺធនាគារជាតិនៃកម្ពុជា ដើម្បីអោយមានប្រព័ន្ធរាយការណ៍និងកត់ចំណាំឥណទានសម្រាប់ក្រុមហ៊ុន ។ ជាលទ្ធផលធនាគារជាតិនៃកម្ពុជា ក៏បានបើកភ្លើងខៀវអោយការិយាល័យឥណទានអាចធ្វើកិច្ចការនេះនៅក្នុងវិស័យហិរញ្ញវត្ថុកម្ពុជា។
លោក អឿ សុធារ័ត្ន ប្រធាននាយកប្រតិបត្តិ ការិយាល័យឥណទានកម្ពុជា បានមានប្រសាសន៍ថា កន្លងមកមានក្រុមហ៊ុនខ្លះបានទៅឈ្មោះក្រុមហ៊ុនទៅខ្ចីលុយពីធនាគារ ដើម្បីមកពង្រីកក្រុមហ៊ុនបន្ថែម តែរបាយការណ៍កម្ចី ឬប្រវត្តិនៃការប្រើប្រាស់ឥណទានរបស់ក្រុមហ៊ុន មិនទាន់មានការកត់ចំណាំជាផ្លូវការណាមួយនៅក្នុងការិយាល័យឥណទានកម្ពុជានោះទេ ដូច្នេះហើយនៅពេលដែលធនាគារផ្សេងៗចង់ដឹងហើយសួរមកការិយាល័យឥណទាន គឺមិនមានរបាយការណ៍ណាមួយផ្ដល់ជូនពួកគាត់នោះទេ ។ លោក អឿ សុធារ័ត្ន មានប្រសាសន៍បញ្ជាក់ឲ្យដឹងបន្ថែមទៀតថា « ដោយហេតុថាវាមានសារសំខាន់សម្រាប់បណ្ដាធនាគារ នានា ក្នុងការដឹងពីប្រវត្តិក្រុមហ៊ុន ស្វែងរកឥណទាន យើងក៏បានដាក់សំណើរទៅធនាគារជាតិនៃកម្ពុជា ដើម្បីបើកប្រព័ន្ធរបាយការណ៍ថ្មីនេះឡើយ ហើយធនាគារជាតិក៏បានបើកភ្លើងខៀវអោយយើង ចាត់ចែងការងារនេះឡើង ដូច្នេះយើងសង្ឃឹមថា នឹងចាប់ផ្ដើមដំណើរការជាផ្លូវការនៅពេលឆាប់ៗខាងមុខនេះដែរ » ។
លោកបន្តថានៅពេលដែលប្រព័ន្ធនេះបានកត់ចូល ក្នុងការិយាល័យឥណទាន វាបានផ្ដល់ប្រយោជន៍ដល់បណ្ដាធនាគារ មីក្រូហិរញ្ញវត្ថុនានា ក្នុងការទទួលបានព័ត៌មានហិរញ្ញវត្ថុពីក្រុមហ៊ុន ដែលយកឈ្មោះទៅខ្ចីប្រាក់ពីគ្រឹះស្ថានហិរញ្ញវត្ថុ និងអាចឲ្យធនាគារ ឬមីក្រូហិរញ្ញវត្ថុ សម្រេចចិត្តដោយខ្លួននឯង ថាគួរផ្ដល់ឬមិនគួរផ្ដល់ឥណទានទៅកាន់ក្រុមហ៊ុនដែលដាក់ពាក្យស្នើរសុំឥណទាននោះ ។ លោកបន្តទៀតថា « កាលពីថ្ងៃទី០២ ឧសភា ធនាគារជាតិបានបើកភ្លើងខៀវអោយយើងហើយ ដូច្នេះយើងគិតថា នៅចុងខែនេះ ឬដើមខែក្រោយ ប្រព័ន្ធនេះនឹងចាប់ផ្ដើមដំណើរការជាផ្លូវការ ហើយម្ចាស់ក្រុមហ៊ុនក៏អាចធ្វើការត្រួតពិនិត្យសុខភាពហិរញ្ញវត្ថុរបស់ពួកគាត់បានផងដែរ» ។
លោកស្រី ជាសិរី ប្រធានក្រុមប្រឹក្សាភិបាលការិយាល័យឥណទានកម្ពុជា និងជាអគ្គនាយកធនាគារជាតិនៃកម្ពុជាបានមានប្រសាសន៍ថា នៅពេលដែលព័ត៌មានឥណទាននីតិបុគ្គល ដំណើរការពេញលេញ វានឹងជួយគ្រឹះស្ថានហិរញ្ញវត្ថុ និងភាគីពាក់ព័ន្ធឱ្យទទួលបាននូវព័ត៌មានឥណទានពេញលេញរបស់នីតិបុគ្គលទាំងឡាយ ដែលដាក់ពាក្យសុំប្រាក់កម្ចីពាណិជ្ជ កម្មនៅក្នុងទីផ្សារនេះ ។ លោកស្រីមានប្រសាសន៍ថា « ព័ត៌មាននីតិបុគ្គល ក៏មានសារៈសំខាន់ផងដែរ សម្រាប់ឱ្យធនាគារកណ្ដាលតាមដានមើលទីផ្សារទាំងមូល ដើម្បីរក្សាស្ថិរភាពហិរញ្ញវត្ថុ » ។ លោកជំទាវបន្តថា សេវាកម្មដែលផ្ដល់ដោយការិយាល័យឥណទាន កម្ពុជា មិនមែនបញ្ចប់ត្រឹមតែព័ត៌មានឥណទានប៉ុណ្ណោះទេ ។ គណៈគ្រប់គ្រង បានរៀបចំផែនការប្ដេជ្ញាផ្ដល់ការគាំទ្រជាបន្តជូនដល់សមាជិក ដោយផ្ដល់ជូននូវដំណោះស្រាយផ្សេងៗជាច្រើនស្របតាមតម្រូវការរបស់ពួកគេ ។
លោកបណ្ឌិត អុិន ចាន់នី ប្រធានសមាគមធនាគារកម្ពុជា និងជាប្រធាននាយកប្រតិបត្តិធនាគារអេស៊ីលីដា ភីអិលស៊ី បានមានប្រសាសន៍ថា សម្រាប់ប្រព័ន្ធព័ត៌មានឥណទាននីតិបុគ្គលវាមានសារៈសំខាន់ទាំងសងខាង ពោលគឺខាងធនាគារក៏មានភាពងាយស្រួលក្នុងការសម្រេចចិត្តផ្ដល់ឥណទានទៅសហគ្រាសដែលមានភាគទុនិកចំរុះ និងភាពងាយស្រួលសម្រាប់សហគ្រាសឬក្រុមហ៊ុន ដែលស្វែងរកឥណទានសម្រាប់ប្រើប្រាស់ ។
លោកបន្តថា ចាប់តាំងពីបង្កើតការិយាល័យឥណទានកម្ពុជា ឃើញថាការផ្ដល់ឥណទានរបស់គ្រឹះស្ថានធនាគារ និងមីក្រូហិរញ្ញវត្ថុទៅអតិថិជនមានភាពងាយស្រួលច្រើន ដោយចំណាពេលតិចហើយគុណភាពឥណទានក៏ខ្លាំងជាងមុនដែរ ។
ក្រៅពីនោះ បើសិនជាអតិថិជនចង់បានឥណទានបន្ថែម ក៏មិនពិបាកដែរ សម្រាប់ធនាគារ ពីព្រោះធនាគារនឹងចូលទៅមើលក្នុងរបាយការណ៍របស់ការិយាល័យឥណទាន ហើយនឹងអាចដឹងថា តើអតិថិជនអាចមានលទ្ធភាព ទទួលបានប្រាក់កម្ចីបន្ថែមទៀតដែរឬទេផងដែរ ។លោកថា៖« សម្រាប់ ប្រព័ន្ធរបាយការណ៍ឥណទាននីតិបុគ្គលឬសម្រាប់ក្រុមហ៊ុន គឺជាឱកាសមួយសម្រាប់ពង្រីកវិសាលភាពពាណិជ្ជកម្ម » ៕
ចែករំលែកព័តមាននេះ