រាជធានីភ្នំពេញ ៖ រដ្ឋបាលរាជធានីភ្នំពេញ និងទីក្រុងប៉ារីស ប្រទេសបារាំង បានសហការគ្នាបើកសិក្ខាសាលាពិភាក្សាពីគម្រោងផែនការនៃការអភិវឌ្ឍតំបន់ប៉ែកខាងត្បូងរាជធានីភ្នំពេញ និងគម្រោងសិក្សាកែលម្អ តីរវិថីព្រះស៊ីសុវត្ថិ ដើម្បីធ្វើឱ្យបានល្អប្រសើរឡើង ទៅតាមកំណើនប្រជាពលរដ្ឋ និងជាការបង្កលក្ខណៈឱ្យប្រជាពលរដ្ឋរស់នៅតាមបែបស៊ីវិល័យនៃទីក្រុងវៃឆ្លាត។
សិក្ខាសាលានេះបានធ្វើឡើងនៅថ្ងៃទី៣០ ខែមេសា ឆ្នាំ២០១៩ នៅសាលារាជធានីភ្នំពេញ ដោយមានការអញ្ជើញចូលរួមពីលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងលោកស្រី អេឡូឌី គូយការ តំណាងអោយសាលាក្រុងប៉ារីស។
មន្ដ្រីរដ្ឋបាលរាជធានីភ្នំពេញបានឱ្យដឹងថា សិក្ខាសាលានេះធ្វើឡើងក្រោមកិច្ចសហការទ្វេរភាគីលើវិស័យនគររូបនីយកម្ម ក្នុងន័យជំរុញការគិតគូរ អំពីបញ្ហាលំហរសាធារណៈ អនាម័យ បរិស្ថាន និងសោភណ្ឌភាពទីក្រុង ដើម្បីឆ្លើយតបទៅនឹងគោលការណ៍នគររូបនីយបញ្ញាតិ និងភាពរីកចំរើនយ៉ាងឆាប់រហ័សរបស់រាជធានីភ្នំពេញ។
លោក ឃួង ស្រេង មានប្រសាសន៍ថា ការសិក្សាបច្ចេកទេសនេះ គឺធ្វើឡើងបន្តពីការសិក្សាដែលរដ្ឋបាលរាជធានីភ្នំពេញបានធ្វើឡើងអស់រយះពេលជាង២ឆ្នាំមកហើយ។ ក្នុងគោលបំណងចូលរួមផ្ដល់មតិយោបល់បទពិសោធន៍ បំពេញបន្ថែមផ្នែកបច្ចេកទេស និងគោលការណ៍ច្បាប់ ដែលត្រូវលើកយកមកពិភាក្សា។
លោកបន្តថា ការពិភាក្សាបានធ្វើឡើងលើ២ចំណុច គឺពិភាក្សាទៅលើការកែលម្អរតីរវិថីព្រះស៊ីសុវត្ថិ ក្នុងផ្នែកនេះអាជ្ញាធរនឹងពិនិត្យពិភាក្សាលើទិដ្ឋភាពលំហូរចរាចរណ៍ ការសិក្សារៀបចំឱ្យមានការតភ្ជាប់លំហរបៃតងនៅតាមដងទន្លេសាប។ ពិភាក្សាលើការធ្វើសមាហរណ៍កម្ម គម្រោងអភិវឌ្ឍន៍នៅតំបន់ប៉ែកខាងត្បូងរាជធានីភ្នំពេញ ក្នុងនោះអាជ្ញាធរក៏នឹងពិនិត្យពិភាក្សាទៅលើទិដ្ឋភាពនៃការសិក្សារៀបចំឱ្យមានចរន្តតភ្ជាប់ រវាងបណ្តាញផ្លូវ និងហេដ្ឋារចនាសម្ព័ន្ធនៃគម្រោងអភិវឌ្ឍន៍នានា ដែលនឹងកើតមាននាពេលអនាគត ដោយភ្ជាប់គ្នាទៅនឹងហេដ្ឋារចនាសម្ព័ន្ធមានស្រាប់ និងសិក្សារៀបចំឱ្យមានការតភ្ជាប់រវាងលំហរបៃតង និង
ប ណ្តាញការពារទឹកជំនន់រវាងតំបន់ភាគខាងត្បូង និងតំបន់ជុំវិញ។
សិក្ខាសាលានេះ ជាត្រីវិស័យសម្រាប់តម្រង់ទិស និងបំពេញបន្ថែមចំណុចខ្វះខាត ដើម្បីឱ្យការសិក្សាប្លង់អភិវឌ្ឍន៍តំបន់ភាគខាងត្បូងរាជធានីភ្នំពេញ និងគម្រោងសិក្សាកែលម្អ តីរវិថីព្រះស៊ីសុវត្ថនេះអោយបានគ្រប់ជ្រុងជ្រោយ ៕
ចែករំលែកព័តមាននេះ