រាជធានីភ្នំពេញ ៖ គិតត្រឹមចុងឆ្នាំ២០១៨ នេះ បំណុលសាធារណៈរបស់ប្រទេសកម្ពុជា ជាមួយនឹងបរទស គឺកើនដល់ជាង ១0 ប៊ីលាន ដុល្លារអាមេរិក ក្នុងនោះប្រទេស ចិនជាម្ចាស់បំណុលធំជាងគេរបស់កម្ពុជា នាំមុខជប៉ុន ធនាគារអភិវឌ្ឍអាស៊ី និងធនាគារពិភពលោក ។ នេះបើយោងតាមព្រឹត្តិបត្រស្ថិតិបំណុលសាធារណៈកម្ពុជា ចេញផ្សាយថ្មីៗនេះដោយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ។
យោងតាមឯកសារដែលមានចំនួន ៤៩ ទំព័រនេះ បានឲ្យដឹងថា ម្ចាស់បំណុលធំៗរបស់កម្ពុជារួមមានប្រទេសចិន (ឥណទាយក= creditor) ដែលគ្រប់គ្រងបំណុលប្រមាណជាង4,620 លានដុល្លារអាមេរិក , (២)- ជប៉ុន 1,347 លានដុល្លារអាមេរិក , ខណៈការខ្ចីពហុភាគី គឺកម្ពុជាជាប់បំណុល ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) 2,645 លានដុល្លារអាមេរិក និងធនាគារពិភពលោក (World Bank) ប្រមាណជាង 1,141 លានដុល្លារអាមេរិក ។
ក្នុងព្រឹត្តិបត្រស្ថិតិបំណុលសាធារណៈកម្ពុជា ដដែលបានឱ្យដឹងថា ចាប់ពីឆ្នាំ១៩៩៣មកដល់ដំណាច់ឆ្នាំ ២០១៨ រាជរដ្ឋាភិបាលបានចុះកិច្ចព្រមព្រៀងខ្ចីឥណទានសម្បទានជាមួយដៃគូអភិវឌ្ឍន៍នានា មានសរុបជាង ១១,៣៩ ប៊ីលានដុល្លារអាមេរិក ដែលភាគច្រើនផ្ដោតលើការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ដែលមានប្រមាណជិត ៨៧ភាគរយនៃកម្ចីសរុបរបស់កម្ពុជា ។ យ៉ាងណាមិញ សម្រាប់ការខ្ចីនៅក្នុងឆ្នាំ ២០១៨ គឺមានចំនួនសរុបប្រមាណ ១,៨៤ ប៊ីលានដុល្លារអាមេរិក ស្មើនឹង ៨៧,១១% នៃពិដានដែលច្បាប់អនុញាតិ ក្នុងនោះការខ្ចីគឺមានធ្វើឡើងក្នុងក្របខ័ណ្ឌពហុភាគីចំនួនប្រមាណ ៤៤,២៥% ត្រូវនឹងប្រមាណ ៨១៥,៨២ លានដុល្លារអាមេរិក ។ ប្រភពដដែលបានបញ្ជាក់ថា «គោលដៅនៃការខ្ចីឥណទានសម្បទានទាំងនេះ គឺសុទ្ធតែសម្រាប់ហិរញ្ញប្បទានលើគម្រោងវិនិយោគសាធារណៈ ក្នុងវិស័យអាទិភាពរបស់រាជរដ្ឋាភិបាលសំដៅរួមចំណែកទ្រទ្រង់ចីរភាព នៃកំណើនរយៈពេលវែង និងបង្កើនផលិតភាពសេដ្ឋកិច្ច ឬផលិតភាពផលិតកម្ម ដោយក្នុងនោះវិស័យហេដ្ឋារចនាសម្ព័ន្ធ គ្របដណ្តប់ប្រមាណ ៨៧,១៣% និងវិស័យអាទិភាពផ្សេងទៀតប្រមាណ ១២,៨៧% ។ ជារួមឥណទានទាំងនេះ សុទ្ធសឹងជាឥណទានដែលកម្រិតសម្បទានខ្ពស់ ដោយមានធាតុអំណោយជាធម្យម ៤៣,៥២% ។
បើពិនិត្យលើព្រឹត្តិបត្រនោះក្នុងឆ្នាំ២០១៨ កម្ពុជាបានចុះហត្ថលេខាទទួលកម្ចីពីបរទេសដែលជាដៃគូអភិវឌ្ឍន៍នានាមានចំនួន ដល់ទៅជិត២ពាន់លានដុល្លារ (១,៨៤ ប៊ីលានដុល្លារអាមេរិក) ខណៈការសងត្រលប់ទៅបរទេសវិញក្នុងឆ្នាំ ២០១៨ គឺមានចំនួនត្រឹមតែជាង២៦៥ លានដុល្លារអាមេរិក ប៉ុណ្ណោះ។ជារួមចាប់ពីឆ្នាំ ១៩៩៣ ដល់បំណាច់ឆ្នាំ ២០១៨ ការខ្ចីពីបរទេសសរុបចំនួន ១១,៣៩ ប៊ីលានដុល្លារអាមេរិក ខណៈរាជរដ្ឋាភិបាលបានទួទាត់សេវាបំណុលជូនដៃគូអភិវឌ្ឍន៍វិញចាប់ពីឆ្នាំ ១៩៩៣ ដល់ដំណាច់ឆ្នាំ ២០១៨ សរុបប្រមាណ ១,៣៩ ប៊ីលានដុល្លារអាមេរិក ។
យ៉ាងណាមិញ ឯកសារដដែលបានពន្យល់បញ្ជាក់អំពីលទ្ធភាពនៃការខ្ចីពីបរទេសថា ផ្អែកតាមលទ្ធផលបឋមនៃការវិភាគចីរភាពបំណុល បង្ហាញថា សម្រាប់ឆ្នាំ ២០១៨ អនុបាតបំណុលសំខាន់ៗទាំង ៤ សុទ្ធតែស្ថិតក្រោមអនុបាតគោល ក្នុងនោះ៖ ១) អនុបាតតម្លៃបច្ចុប្បន្ននៃបំណុលសាធារណៈក្រៅប្រទេសធៀបនឹងផសស មានត្រឹមកម្រិត ២១,៤% ធៀបនឹងអនុបាតគោលកម្រិត ៤០%, ២) អនុបាតតម្លៃបច្ចុប្បន្ននៃបំណុលសាធារណៈក្រៅប្រទេសធៀបនឹងការនាំចេញមានត្រឹមកម្រិត ៣០,៤% ធៀបនឹងអនុបាតគោលគម្រិត ១៨០%, ៣) អនុបាតសេវាបំណុលសាធារណៈក្រៅប្រទេស ធៀបនឹងការនាំចេញមានត្រឹមកម្រិត ១,៥% ធៀបនឹងអនុបាតគោល ១៥%, និង ៤) អនុបាតសេវាបំណុលសាធារណៈក្រៅប្រទេស ធៀបនឹងចំណូលថវិកាជាតិមានត្រឹមកម្រិត ៥,៣% ធៀបនឹងអនុបាតគោល ១៨% ។
«ជាសន្និដ្ឋាន ដោយផ្អែកតាមបទដ្ឋានបច្ចេកទេសអន្តរជាតិ លទ្ធផលខាងលើនេះ បញ្ជាក់ថា ស្ថានភាពបំណុលសាធារណៈកម្ពុជាបច្ចុប្បន្នមាន ចីរភាឍប និង ហានិភ័យកម្រិតទាប» ។ នេះបើយោងតាមការបញ្ជាក់ក្នុងឯកសារមួយនេះ ៕
ចែករំលែកព័តមាននេះ