សេអ៊ូល ៖ យោងតាមភ្នាក់ងារសារព័ត៌មាន Yonhap បានឲ្យដឹងថា លោកប្រធានាធិបតី Moon Jar-in របស់កូរ៉េខាងត្បូងបានសន្យាថានឹងបង្កើតបរិស្ថានយុត្តិធម៌ជាងមុនសម្រាប់ក្រុមហ៊ុនដែលទទួលការវិនិយោគពីបរទេស ខណៈដែលសន្យាថានឹងខិតខំធានាថាមានការលូតលាស់សម្រាប់ក្រុមហ៊ុនបរទេសនិងប្រទេសរបស់លោកផងដែរ។
លោកប្រធានាធិបតីបាននិយាយក្នុងកិច្ចប្រជុំដ៏កម្រមួយជាមួយនឹងវិនិយោគិនបរទេសថា “បើទោះពួកគេជាក្រុមហ៊ុនបរទេសពិតមែនក្តី ពួកគេនឹងក្លាយជាក្រុមហ៊ុនរបស់ពួកយើងពេលដែលវិនិយោគក្នុងប្រទេសពួកយើង។ ភាពជោគជ័យរបស់ពួកគេស្មើការអភិវឌ្ឍន៍របស់ពួកយើង”។
កិច្ចប្រជុំនេះមានការចូលរួមពីមន្ត្រី និងអ្នកតំណាងក្រុមហ៊ុនបរទេសប្រមាណ ៥៦ក្រុមហ៊ុន និងអង្គការអាជីវកម្មចំនួន ៩ផងដែរដែលរួមមានសភាពាណិជ្ជកម្មអាមេរិក និងអុីរ៉ុបជាដើម។
លោកប្រធានាធិបតីបានទទួលស្គាល់ពីសារៈសំខាន់នៃក្រុមហ៊ុនដែលទទួលបានការវិនិយោគពីបរទេសសម្រាប់ប្រទេសលោក។ លោកបាននិយាយក្នុងកិច្ចប្រជុំខាងលើថា រដ្ឋាភិបាល និងភ្នាក់ងារក្នុងតំបន់ផ្សេងៗនឹងផ្តល់ការគាំទ្រយ៉ាងសកម្មដើម្បីថានាថាការវិនិយោគរបស់ពួកគេនឹងបន្តកើតមានឡើង។
គម្រោងវិនិយោគផ្ទាល់ពីបរទេសទៅកាន់កូរ៉េខាងត្បូងបានកើនដល់កម្រិតខ្ពស់ជាងគេដែលស្មើ ២៦.៩ប៊ីលានដុល្លារកាលពីឆ្នាំមុន ឬខ្ពស់ជាងឆ្នាំ២០១៧ប្រមាណ ១៧.២%។
លោកប្រធានាធិបតី Moon បានស្នើឲ្យមានការវិនិយោគបន្ថែមដោយអះអាងថា “កូរ៉េខាងត្បូងគឺជាទីតាំងដ៏ទាក់ទាញសម្រាប់ការវិនិយោគ។ ជាដំបូង មូលដ្ឋានសេដ្ឋកិច្ចរបស់កូរ៉េខាងត្បូងមានភាពរឹងមាំយ៉ាងខ្លាំង”។ លោកបានបន្ថែមថា ការនាំចេញរបស់ប្រទេសលោកបានកើនហួស៦០០ប៊ីលានដុល្លារជាលើកដំបូងក្នុងឆ្នាំ ២០១៨ ដែលធ្វើឲ្យពួកគេក្លាយជាប្រទេសនាំចេញធំជាងគេលេខ៨ទូទាំងពិភពលោក។
លោកថែមទាំងបានបញ្ជាក់ពីភាពបើកទូលាយរបស់កូរ៉េខាងត្បូងផងដែរ ដោយលើកឡើងពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគី និងពហុភាគីជាមួយនឹងប្រទេសប្រមាណ ៥២ ដែលសរុបស្មើ ៧៧%នៃផលិតផលក្នុងស្រុកសរុបរបស់ពិភពលោក។
លោកអះអាងទៀតថាប្រទេសរបស់លោកនឹងកាន់តែមានភាពទាក់ទាញសម្រាប់វិនិយោគិនបរទេសទៀតពេលដែលកូរ៉េខាងជើងបោះបង់មហិច្ចតាអាវុធនុយក្លេអ៊ែររបស់ពួកគ៕
ចែករំលែកព័តមាននេះ