ប្រទេសថៃ ៖ លទ្ធផលបឋមមិនផ្លូវការនៃការបោះឆ្នោត គេនឹងអាចដឹងនៅវេលាម៉ោង៨យប់ថ្ងៃទី២៤ ខែមីនា ។ នេះបើយោងតាមប្រភពព័ត៌មាន គិតត្រឹមវេលាម៉ោង៦ល្ងាច ខណៈដែលការិយាល័យបោះឆ្នោតជ្រើសរើសសភាថៃនៅទូទាំងប្រទេស ចាប់បើកពីម៉ោង៨ព្រឹក ថ្ងៃទី២៤ ខែមីនា គឺជាការបោះឆ្នោតលើកដំ
បូងបំផុត គិតចាប់តាំងពីការធ្វើរដ្ឋប្រហារទម្លាក់លោកស្រី យីងឡាក់ ស៊ីណាវ៉ាត្រា ចេញពីតំណែងនាយករដ្ឋមន្ត្រី កាលពីខែឧសភា ឆ្នាំ២០១៤ ។
អ្នកតាមដានខ្លះ បានមើលឃើញថា ក្រុមអ្នកដឹកនាំរបបយោធាថៃ ដែលកំពុងកាន់អំណាច ជានាយករដ្ឋមន្ត្រីចាំផ្ទះ ទោះបីលទ្ធផលឆ្នោតឈ្នះឬចាញ់ ក៏ក្រុមយោធថៃនៅតែមានសិទ្ធិសម្រេចក្នុងកិច្ចការនយោបាយធំៗដដែល ។ ការបោះឆ្នោតនេះ មានការិយាល័យបោះឆ្នោតចំនួន៩៣.២០០កន្លែង ។
គណបក្សប្រឆាំងមានកៅអី៣៧៦ឡើងទៅ ទើបបង្កើតរដ្ឋាភិបាលបាន
ដើម្បីរក្សាអំណាចត្រូតត្រាប្រទេសបន្ដទៀត គណបក្សផាឡាំងប្រាឆារ៉ាត់ របស់លោក ប្រាយុទ្ធចាន់អូចា ត្រូវដណ្ដើមកៅអីក្នុងសភាឲ្យបានចាប់ពី១២៦កៅអីឡើងទៅ ក្នុងចំណោមកៅអីទាំង៥០០នៅក្នុងសភា ។ ចំណែកគណបក្សនយោបាយឯទៀតៗ ពិសេសគណបក្សប្រឆាំង សំខាន់គឺគណបក្សភឿថៃ ត្រូវតែទទួលបានកៅអីចាប់ពី៣៧៦ឡើងទៅ ទើបអាចបង្កើតរដ្ឋាភិបាលបាន ។
លទ្ធផលមិនផ្លូវការ នឹងចេញនាវេលាម៉ោង៨យប់ ហើយលទ្ធផលផ្លូវការនឹងប្រកាសរហូតដល់ថ្ងៃទី៩ ខែឧសភា ។
ចែករំលែកព័តមាននេះ