ព្រៃវែង ៖ ថ្លែងនៅក្នុងពិធីចុះផ្សព្វផ្សាយបច្ចេកទេសកសិកម្ម ដល់កសិករ នៅក្នុងឃុំល្វា ស្រុកព្រះស្តេច និងឃុំអន្សោង ស្រុកកំពុងត្របែក ដែលធ្វើឡើងកាលពីព្រឹកថ្ងៃទី១៨មីនា មន្ត្រីជំនាញកសិកម្មខេត្ត បានអោយដឹងថា ការប្រើឧបករណ៍ឡាហ៊្សែរ កិនពង្រាបដី វាខុសប្លែកពីការភ្ជួររាស់ដោយប្រើគោក្របី និងដោយគ្រឿងចក្រធម្មតា ព្រោះវាចំណាយដើមទុនច្រើនជាងបន្តិច ប៉ុន្តែបើប្រៀបធៀបពីទិន្នផលវិញ គឺវាទទួលបានច្រើនជាងរហូតដល់ទៅ 20%។
មន្ត្រីជំនាញដដែលនេះបានបន្តថា បើទោះ បីជាវិធីសាស្ត្រ ប្រើឧបករណ៍ឡាហ៊្សែរនេះ អាចជួយអោយដំណាំស្រូវទទួលបានទិន្នផលខ្ពស់មែន ប៉ុន្តែវាក៏ទាមទារជាចាំបាច់ នូវការប្រើប្រាស់ជីអោយបានត្រឹមត្រូវតាមលក្ខណៈបច្ចេកទេស និងរៀបចំប្រពន្ធ័ធារាសាស្ត្រ ប្រឡាយមេ ប្រឡាយរងតូចៗអោយបានគ្រប់គ្រាន់ផងដែរ។
ដោយឡែកលោក អ៊ុក សំណាង ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់និងនេសាទខេត្ត ព្រៃវែង បានអោយដឹងដែរថា គិតមកដល់ពេលនេះ មន្ទីរកសិកម្មខេត្ត បានចុះផ្សព្វផ្សាយនិងធ្វើការប្រើប្រាស់ឧបករណ៍ ឡា ហ៊្សែរ សាកល្បងនៅលើដីស្រែរបស់កសិករបានចំនួនជាង៤០០ ហិកតាហើយ នៅក្នុងស្រុកចំនួន៤ គឺស្រុកស្វាយអន្ទរ ពាមជរ ព្រះស្តេច និងកំពង់ត្របែក ហើយឧបករណ៍ពង្រាបដី ឡាហ៊្សែរនេះមានលក់ផ្តាច់មុខដោយក្រុមហ៊ុន គង់ ងួន តែមួយគត់នៅលើទីផ្សារពុំមានលក់នោះទេ។
លោក អ៊ុក សំណាង បានបញ្ជាក់ថា ការផ្សព្វផ្សាយអំពីអត្ថប្រយោជន៍នៃការប្រើប្រាស់ឧបករណ៍ឡា ហ៊្សែរ នេះ គឺក្នុងគោលបំណងដើម្បីអោយប្រជាកសិករ ទទួលបានផលចំណេញកាន់តែច្រើនលើការងារកសិកម្មដំណាំស្រូវ ហើយជាមួយគ្នានេះ មន្ទីរក៏បានស្វះស្វែងរកដៃគូរឯកជនប្រមូលទិញស្រូវពីកសិករ ដាក់ឡសម្ងួត បង្កើនគុណភាពអង្ករ ដើម្បីងាយស្រួលនាំចេញទៅលក់នៅលើទីផ្សារក្នុងស្រុកនិងក្រៅស្រុកផងដែរ៕
ចែករំលែកព័តមាននេះ