កំពត ៖ កំពង់ផែទេសចរអន្តរជាតិខេត្តកំពត ដែលមកដល់បច្ចុប្បន្ននេះសម្រេចការសាងសង់ប្រមាណជាង ២៥ ភាគរយនោះនឹងក្លាយជាច្រកទ្វារអន្តរជាតិផ្លូវសមុទ្រដ៏សំខាន់មួយ ក្នុងការធានារ៉ាប់រងនិងសម្រួលដល់ប្រព័ន្ធគមនាគមន៍ជាតិ។ នេះជាការលើកឡើងរបស់លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ប្រធានគណៈកម្មការជាតិគ្រប់គ្រងគម្រោង និងជាប្រធានគណៈកម្មការជាតិអភិវឌ្ឍន៍ទេសចរណ៍ក្នុងឱកាសដឹកនាំក្រុមការងារ និងមន្ត្រីរាជការនៃក្រសួងទេសចរណ៍ ចុះត្រួតពិនិត្យសកម្មភាពសាងសង់កំពង់ផែកាលពីថ្ងៃ ទី១២ ខែមីនា ឆ្នាំ២០១៩។
លោក ថោង ខុន បានថ្លែងថា «ពិតណាស់ កំពង់ផែទេសចរណ៍អន្តរជាតិខេត្តកំពត នឹងក្លាយជាច្រកទ្វារអន្តរជាតិផ្លូវសមុទ្រដ៏សំខាន់ក្នុងការសម្រួលដល់ប្រព័ន្ធគមនាគមន៍ជាតិ។ កំពង់ផែនេះនឹងក្លាយជាច្រកទ្វារអន្តរជាតិផ្លូវសមុទ្រយ៉ាងសំខាន់ តភ្ជាប់ការដឹកជញ្ជូនភ្ញៀវទេសចរទៅកាន់បណ្តាកោះនានានៅភាគខាងត្បូង និងតភ្ជាប់ខេត្តកំពត នៃប្រទេសកម្ពុជា ទៅកាន់ពិភពលោក។ តាមរយៈកំពង់ផែនេះ នឹងជួយជំរុញបន្ថែមការអភិវឌ្ឍទេសចរណ៍ និងផ្នែកពាក់ព័ន្ធនានានៅខេត្តកំពត រមណីយដ្ឋានភ្នំបូកគោ និងគោលដៅទេសចរណ៍តំបន់ឆ្នេរសមុទ្ររបស់កម្ពុជា» ។
សូមបញ្ជាក់ថា «កំពង់ផែទេសចរណ៍អន្តរជាតិខេត្តកំពត» មានទីតាំងស្ថិតនៅ ភូមិជំគ្រាល ឃុំជំគ្រាល ស្រុកទឹកឈូ ខេត្តកំពតក្នុងចម្ងាយដីប្រមាណជា៥ ទៅ ៦គីឡូម៉ែត្រពីទីរួមខេត្ត និងជាកំពង់ផែធំមួយសម្រាប់ខេត្តកំពត ដោយគ្រោងវិនិយោគក្នុងរង្វង់ទឹកប្រាក់ជិត១០លានដុល្លារ ។ មកដល់បច្ចុប្បន្ននេះ «កំពង់ផែទេសចរណ៍អន្តរជាតិខេត្តកំពត» ដែលបានចាប់ផ្តើមបើកការដ្ឋានសាងសង់កាលពីថ្ងៃទី៨ ខែសីហា ឆ្នាំ២០១៨ឥឡូវសម្រេចបានប្រមាណជាង ២៥% ដោយគ្រោងនឹងបញ្ចប់នៅដំណាច់ឆ្នាំ២០១៩ ខាងមុខ ស្របពេលនឹងខេត្តកំពតទទួលធ្វើជាម្ចាស់ផ្ទះរៀបចំបុណ្យសមុទ្រជុំទី២។
លោក ឯកឧត្តមរដ្ឋមន្ត្រីក្រសួងទេសចរណ៍ ក៏បានធ្វើការណែនាំដល់ក្រុមហ៊ុនទទួលម៉ៅការសាងសង់ និងក្រុមហ៊ុន Consultant ត្រូវខិតខំពន្លឿនដំណើការសាងសង់ដោយអនុវត្តទៅតាមផែនការសកម្មភាព និងប្រកបដោយគុណភាពខ្ពស់។ គម្រោងសាងសង់កំពង់ផែទេសចរណ៍អន្តរជាតិនេះ ជាគម្រោងគាំទ្រដោយធនាគារអភិវឌ្ឍន៍អាស៊ី ដែលជាផ្នែកមួយនៃគម្រោងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ពន្ធ័ទេសចរណ៍សម្រាប់កំណើនប្រកបដោយបរិយាប័ន្នក្នុងមហាអនុតំបន់មេគង្គ (GMS TIIG No. 3194)។
លោក ថោង ខុន មានប្រសាសន៍បញ្ជាក់ថា កំពង់ផែនេះ គឺជាកំពង់ផែទេសចរអន្តរជាតិ ដែលគ្រោងនឹងអាចផ្ទុកទេសចរ និងអ្នកដំណើរប្រមាណ ១លាននាក់។ កំពង់ផែនេះមានរចនាសម្ព័ន្ធតាមស្តង់ដារអន្តរជាតិ និងជាកំពង់ផែសម្រាប់អ្នកដំណើរ (មិនមែនជាកំពង់ផែទំនិញឡើយ)។ បច្ចុប្បន្នខេត្តកំពតមានកំពង់ផែសំខាន់ៗចំនួនបី ក្នុងនោះមានពីរជាកំពង់ផែទឹកជ្រៅសម្រាប់ការដឹកជញ្ជូនលក្ខណៈពាណិជ្ជកម្ម ហើយមួយទៀតជាកំពង់ផែទេសចរណ៍ ដែលទើបនឹងចាប់ផ្តើមសាងសង់នេះ ៕
ចែករំលែកព័តមាននេះ