រាជធានីភ្នំពេញ ៖ ប្រមុខដឹកនាំនៃរាជរដ្ឋាភិបាលកម្ពុជាបានថ្លែងឲ្យដឹងថានៅក្នុងជំនួបជជែកពិភាក្សាការងារជាមួយលោកប្រធានាធិបតីកូរ៉េខាងត្បូង លោក មូន ចេអិន (Moon Jae-in) នៅថ្ងៃនេះ (ថ្ងៃទី ១៤ ខែមីនា) កម្ពុជាគ្រោងស្នើទៅកូរ៉េខាងត្បូង ឲ្យជួយទិញផលិតផលរបស់កម្ពុជាបន្ថែមទៀត។ នេះជាការលើកឡើងរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជានាថ្ងៃទី១៤ ខែមីនា ឆ្នាំ២០១៩ ក្នុងឱកាសដែលសម្តេចតេជោ បានអញ្ជើញជាអធិបតីភាពបិទសន្និបាតបូកសរុបការងារឆ្នាំចាស់ឆ្នាំ២០១៨ និងលើកទិសដៅការងារឆ្នាំថ្មី ឆ្នាំ២០១៩ របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។
សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍បញ្ជាក់ថា ការចរចាផ្លូវការ និងធ្វើវេទិកាធុរកិច្ចរួមគ្នា រវាងកម្ពុជា និងលោកប្រធានាធិបតីកូរ៉េខាងត្បូង លោក Moon Jae-in នឹងប្រព្រឹត្តទៅ នាថ្ងៃទី ១៤ ខែមីនា នេះដូច្នេះការជជែកពិភាក្សានេះ គឺ «យើងនឹងខិតខំបើកទីផ្សារ ។ ហើយស្អែកគម្រោងនៃការលើករបស់ខ្ញុំ ស្នើឱ្យកូរ៉េជួយទិញផលិតផល របស់កម្ពុជាបន្ថែមទៀត»។ សម្តេចនាយករដ្ឋមន្ត្រីបានបញ្ជាក់ថា «ទីផ្សាររបស់យើងពិត គឺយើងមិនអាចទៅចំណុះលើទីផ្សារណាមួយ ដែលគេខ្ទប់ច្រមុះ យើងឲ្យស្លាប់នោះទេ» ។ ការថ្លែងរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជាធ្វើឡើង ស្របពេលទីផ្សារសម្រាប់ការនាំចេញដ៏ធំមួយរបស់កម្ពុជា គឺទីផ្សារអឺរ៉ុប ហាក់កំពុងស្ថិតក្នុងដំណាក់កាលមិនច្បាស់លាស់ បន្ទាប់ពីអឺរ៉ុបបានចាប់ផ្ដើមដំណើរការនីតិវិធី កាលពីពេលថ្មីៗនេះ ដែលអាចនាំទៅដល់ការដកហូតប្រព័ន្ធអនុគ្រោះពន្ធ «អ្វីគ្រប់យ៉ាងលើកលែងតែអាវុធ (EBA)» ពីប្រទេសកម្ពុជា ដែលអាចឲ្យកម្ពុជាត្រូវប្រឈមមុខនឹងការបង់ពន្ធប្រមាណជាង ៥០០ លានដុល្លារក្នុងមួយឆ្នាំសម្រាប់ការនាំចេញទៅទីផ្សារអឺរ៉ុប ។
ក្រសួងពាណិជ្ជកម្ម កាលពីចុងខែធ្នូ ឆ្នាំ២០១៨នេះ បានបង្ហាញនូវរបាយការណ៍នៃការនាំចេញ-នាំចូលរបស់កម្ពុជា ដោយបញ្ជាក់ថា នៅឆ្នាំ២០១៨ ទំហំពាណិជ្ជកម្មកម្ពុជា ជាមួយបរទេសសរុបចំនួន ២៤,៩៨៥លានដុល្លារអាមេរិក។ ដែលក្នុងនោះ ក្នុងឆ្នាំ២០១៨ ការនាំចេញរបស់កម្ពុជាមានការកើនឡើងចំនួន ១០% ដែលកំណើននេះទទួលបានពីការកើនឡើងនៃវិស័យកាត់ដេរ និងការនាំចេញផលិតផលកសិកម្ម និងឧស្សា ហកម្ម តាមរយៈការខិតខំបើកច្រកទីផ្សារ នាំចេញទៅកាន់ជាង១៤៧ប្រទេសនៅទូទាំងពិភពលោក ។
យ៉ាងណាមិញ យោងតាមការផ្សព្វផ្សាយរបស់សារព័ត៌មានរបស់កូរ៉េជាភាសាអង់គ្លេសឈ្មោះ Yonhap News Agency កាលពីដើមខែមករា ឆ្នាំ២០១៩ នេះបានបញ្ជាក់ថា យោងតាមទិន្នន័យចងក្រងដោយធនាគារនីហរ័ណអាហរ័ណរបស់កូរ៉េ បានអោយដឹងថាមានក្រុមហ៊ុនកូរ៉េខាងត្បូងជាង ៩០០ ក្រុមហ៊ុនកំពុងដំណើរការនៅក្នុងប្រទេសកម្ពុជាហើយការវិនិយោគរួមរបស់ពួកគេចាប់តាំងពីឆ្នាំ ១៩៦៨ រហូតដល់ខែ កញ្ញា ឆ្នាំ ២០១៨ បានឈានដល់ ២,៦៧ ពាន់លានដុល្លារ ។ បើសមាគមពាណិជ្ជកម្មអន្តរជាតិរបស់កូរ៉េបានឱ្យដឹងថាទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរគឺមាន ចំនួន ៨៩០ លានដុល្លារក្នុងឆ្នាំ ២០១៨ ធៀបនឹង ៧៥០ លានដុល្លារក្នុងឆ្នាំ ២០១៣។
លោកប្រធានាធិបតីកូរ៉េខាងត្បូង លោក Moon Jae-in កំពុងធ្វើទស្សនកិច្ចផ្លូវរដ្ឋមកកាន់ប្រទេសកម្ពុជា គិតចាប់ពីថ្ងៃទី ១៤-១៦ ។ ក្នុងនោះផងដែរ លោក Moon Jae-in បានថ្លែងការណ៍មុនការមកដល់ប្រទេសកម្ពុជាបញ្ជាក់ឲ្យដឹងថាលោកប្រធានាធិបតីកូរ៉េខាងត្បូង លោក Moon Jae-in កំពុងធ្វើទស្សនកិច្ចប្រទេសសមាជិកអាស៊ានចំនួនបី គឺប្រទេសប្រុយណេ ម៉ាឡេស៊ី និងប្រទេសកម្ពុជា ។ លោកប្រធានាធិបតីកូរ៉េខាងត្បូង បានស្ងើចសរសើរដល់ការរីកលូត លាស់របស់អាស៊ានជារួមទាំងវិស័យសេដ្ឋកិច្ចនិងពាណិជ្ជកម្ម ។ លទ្ធផលជាក់ស្តែងពីកិច្ចសហប្រតិបត្តិការកំពុងលេចចេញជារូបរាងឡើងរវាងកូរ៉េនិងអាស៊ានបានចេញជារូបរាង ជាក់ស្តែង ចំនួនភ្ញៀវទេសចរដែលធ្វើដំណើររវាងប្រទេសអាស៊ាននិងកូរ៉េបានកើនលើស ១០ លាននាក់ជាលើកដំបូងកាលពីឆ្នាំ ២០១៨ ។ ហើយពាណិជ្ជកម្មទ្វេភាគីបានកើនឡើងដល់ ១៦០ ពាន់លានដុល្លារផងដែរ ។
ជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងពង្រីកទីផ្សារនៅបរទេស កម្ពុជាក៏បាននឹងកំពុងសហការជាមួយប្រទេសជប៉ុនជម្រុញផ្លាស់ប្តូរអាជីវកម្មជាលក្ខណៈអន្តរជាតិ ខណៈទំហំពាណិជ្ជកម្មជាមួយក្រិក នៅមានកម្រិត នៅឡើយ ។ ប្រទេសកម្ពុជា និងជប៉ុនបានធ្វើការផ្លាស់ប្តូរទស្សនទានថ្មី ដើម្បីកែប្រែនូវ បរិយាកាសធុរកិច្ចជាអន្តរជាតិ ដែលមានឥទ្ធពលទៅលើការបង្កើតគោលនយោបាយពាណិជ្ជកម្ម និងការវិនិយោគ និងបានផ្តោតទៅលើការអនុវត្តន៍អាជីវកម្ម ខ្សែសង្វាក់ផលិតជាសកល សម្រាប់កម្ពុជានិងជប៉ុនក្នុងពេលបច្ចុប្បន្ន។
រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម លោកសំ សិរីរតន៍ បានមានប្រសាសន៍ក្នុងពិធីបើកសិក្ខាសាលាស្តីពី ការផ្លាស់ប្តូរជំនួញពាណិជ្ជកម្ម និងការវិនិយោគរវាងអាស៊ាន និងកម្ពុជានាព្រឹកថ្ងៃទី១២ ខែមីនា ឆ្នាំ២០១៩ នេះថា រដ្ឋាភិបាលកម្ពុជាបានប្រកាសជាផ្លូវការរួចជាស្រេច ក្នុងការជម្រុញនិងអភិវឌ្ឍន៍សេដ្ឋកិច្ចជាតិ ធ្វើឲ្យសេដ្ឋកិច្ចកាន់តែមានការរីកចម្រើន តាមរយៈការចូលរួមពីដៃគូអភិវឌ្ឍន៍ជាតិ និងអន្តរជាតិ ដែលជាផ្នែកមួយមិនអាចខ្វះបាននិងជាកត្តាកំណត់ភាពជោគជ័យ ក្នុងការចូលរួមពីដៃគូវិស័យឯកជន អង្គការមិនមែនរាជរដ្ឋាភិបាល សហព័ន្ធ សហគម សមាគមពាណិជ្ជកម្ម រួមជាមួយដៃគូពាក់ព័ន្ធដទៃទៀត។
លោកបន្តថា “ការជម្រុញពាណិជ្ជកម្មនៃការនាំចូល-នាំចេញផលិតផល រវាងកម្ពុជានិងជប៉ុន គឺជាកិច្ចសហប្រតិបត្តិការមួយដ៏ល្អ ជាពិសេសការរៀបចំសិក្ខាសាលានៅក្នុងថ្ងៃនេះ ការផ្លាស់ប្តូរនូវទស្សនៈថ្មីៗ ការផ្លាស់ប្តូរនូវបរិយាកាសជាអន្តរជាតិ ដែលមានឥទ្ធពលទៅលើការបង្កើតគោលនយោបាយពាណិជ្ជកម្ម ការវិនិយោគ និងជាខ្សែសង្វាក់ផលិតកម្មសម្រាប់កម្ពុជា និងជប៉ុនក្នុងពេលបច្ចុប្បន្ន និងជាការចូលរួមចំណែកដ៏សំខាន់ក្នុងការជម្រុញដល់កំណើនសេដ្ឋកិច្ច តាមរយៈការជម្រុញធ្វើពាណិជ្ជកម្ម ការវិនយោគនានា។
ទំហំពាណិជ្ជកម្មរវាងកម្ពុជា ជប៉ុន មានការកើនឡើងគួរឲ្យកត់សំគាល់ ដោយជប៉ុននាំចូលមកកម្ពុជា មានទឹកប្រាក់សរុបជាង ៣៥៨លានដុល្លាអាមេរិក ហើយការនាំចេញពីកម្ពុជា ទៅជប៉ុនមានទឹកប្រាក់សរុប ១,២៦២ លានដុល្លាអាមេរិកកាលពីឆ្នាំ២០១៧។ ប្រភេទទំនិញនាំពីកម្ពុជាទៅជប៉ុនរួមមាន វាយនភណ្ឌ ស្បែកជើង ស្បៀងអាហារ ស្ករ ត្រី អាហារសមុទ្រ និងគ្រឿងអេឡិចត្រូនិច។ ការនាំចូលពីជប៉ុនមកកម្ពុជារួមមាន៖ គ្រឿងអាហារ ទំនិញឧស្សាហកម្ម (ដែក ស័ង្គសី) ផលិតផលពេទ្យ គ្រឿងម៉ាស៊ីន ឡាន និងគ្រឿងអេឡិចត្រូនិចផងដែរ។ ចំណែកទំហំពាណិជ្ជកម្មទៅវិញទៅមករវាងកម្ពុជានិងប្រទេស ក្រិក មានទំហំប្រមាណ១៥,៧៣៥,៤៨២.៣ដុល្លារអាមេរិក នេះតាមតួលេខឆ្នាំ២០១៧ កន្លងមក។
លោកបណ្ឌិត អ៊ិន ចាន់នីប្រធាននាយកប្រតិបត្តិធនាគារអេស៊ីលីដាភីអ៊ិលស៊ីបានមានប្រសាសន៍ថា ក្រុមហ៊ុនជប៉ុននៅពេលពួកគេ ទៅវិនិយោគនៅប្រទេសណាមួយ ពួកគេសិក្សាច្បាស់លាស់ណាស់ ទើបពួកគេមកវិនិយោគ ហើយប្រទេសកម្ពុជាជាប្រទេសមានស្ថិរភាពនយោបាយ ស្ថេរភាពសង្គម និងស្ថេរភាពម៉ាក្រូសេដ្ឋកិច្ច ជាអ្វីដែលអ្នកវិនិយោគចង់បាន។ លោកបន្តថា «អ្នកវិនិយោគក៏សិក្សាពីប្រព័ន្ឋច្បាប់របស់កម្ពុជាផងដែរ ហើយកម្ពុជាជាប្រទេសមានលក្ខណៈបើកចំហ និងច្បាប់ពន្ឋមិនមានភាពស្មុគ្រស្មាញ ដោយមិនមានការបែងចែករវាងអ្នកវិនិយោគក្នុងស្រុក និងអ្នកវិនិយោគអន្តរជាតិកាន់តែធ្វើឲ្យពួកគេមានភាពកក់ក្តៅ » ៕
អត្ថបទសរសេរ ដោយ
អត្ថបទសរសេរ ដោយ
ចែករំលែកព័តមាននេះ