ការចិញ្ចឹមបង្គារ ក្តាម បែបវារីវប្បកម្មឆ្លើយតបតម្រូវការទីផ្សារគ្រឿងសមុទ្រ
- ព្រះសីហនុ
ស្រុកព្រៃនប់ ៖ នៅព្រឹកថ្ងៃ08 មីនា2019នេះ ឯកឧត្តម យន្ត មីន អភិបាលខេត្តព្រះសីហនុអមដំណើរដោយលោក នេន ចំរើន…
ស្រុកព្រៃនប់ ៖ នៅព្រឹកថ្ងៃ08 មីនា2019នេះ ឯកឧត្តម យន្ត មីន អភិបាលខេត្តព្រះសីហនុអមដំណើរដោយលោក នេន ចំរើន…
ស្រុកព្រៃនប់ ៖ នៅព្រឹកថ្ងៃ08 មីនា2019នេះ ឯកឧត្តម យន្ត មីន អភិបាលខេត្តព្រះសីហនុអមដំណើរដោយលោក នេន ចំរើន ប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទ បានអញ្ជើញចុះពិនិត្យទីតាំងចិញ្ចឹមក្តាមបង្គាបែបវារីវប្បកម្មលក្ខណៈធម្មជាតិ ស្ថិតនៅតាមទំនប់ប៉ុឌែ1 ក្នុងឃុំអូឧកញ៉ាហេង ស្រុកព្រៃនប់ខេត្តព្រះសីហនុ ។ លោក ស៊ិន សត្ថា តំណាងក្រុមហ៊ុន ហេង ហេងអភិវឌ្ឍន៍ អេឃ្វើខលឈ័រ អិនវេសមិន ឯ.ក HENG HENG AQUACULTURE INVESTMENT CO.LTD បានប្រាប់បណ្តាញព័ត៌មាននៅឱកាស់នោះថា កន្លែងចិញ្ចឹមបង្គានិងក្តាមនេះ មានទំហំផ្ទៃដីចំនួន៤៩ ហិកតាក្នុងនោះមានបន្ថែមទីតាំងចិញ្ចឹមក្តាមសកផងដែរ ដែលបច្ចុប្បន្ននេះ កំពុងតែចាប់ផ្តើមប្រមូលទិន្នផលហើយបានយកលក់ទៅកាន់ទីផ្សារជាបណ្តើរហើយ ហើយពេលខ្លីខាងមុខនេះ និងមាននាំទៅកាន់ទីផ្សារជាបន្តបន្ទាប់ ។
លោក ស៊ិន សត្ថា បាននិយាយថា កន្លងមកលោកបរាជ័យម្ដងក្នុងឆ្នាំ២០១៨ អស់កូនបង្គាជាង ២លានកូន ដោយសារតែទឹកភ្លៀងរដូវវស្សាខ្លាំងពេក ដែលធ្វើឲ្យកំហាប់អំបិលនៅក្នុងស្រែថយចុះ ធ្វើឲ្យបង្គាកើតជំងឺ និងការធ្វើស្រែដំបូងមិនទាន់គ្រប់លក្ខណៈបច្ចេកទេសល្អ ប៉ុន្ដែទោះជាយ៉ាងនោះក្ដី ក៏លោកនៅតែព្យាយាមរហូតបានទទួលផលជោគជ័យ ដល់ថ្ងៃហ្នឹង គឺរយៈពេល ០៥ថ្ងៃនេះ ក្រុមហ៊ុន បានប្រមូលផលបង្គា ក្ដាម ពីការចិញ្ចឹមសាកល្បងអស់រយៈពេលប៉ុន្មានខែកន្លងមកនេះ បានប្រមាណ ៥តោន នៃកូនបង្គា ដែលបានលែង ៧លានកូន។ បច្ចុប្បន្នក្រុមហ៊ុន មិនទាន់មានការពង្រីកគម្រោងបន្ថែមទេ ប៉ុន្តែនៅថ្ងៃអនាគតក្រុមហ៊ុនច្បាស់ជាមានគម្រោងពង្រីកបន្ថែម ដើម្បីឆ្លើយតបទៅនឹងតម្រូវទីផ្សារគ្រឿងសមុទ្រ (បង្គា ក្ដាម) មានការកើនឡើងជាលំដាប់នោះ។
ហើយសម្រាប់សាច់បង្គា ដែលក្រុមហ៊ុនកំពុងចិញ្ចឹមនេះ គឺមានសាច់ស្វិត មិនមែនសាច់ទន់ជ្រាយនោះទេ ព្រោះការចិញ្ចឹម គឺមានលក្ខណៈធម្មជាតិពិតៗ ប្រកបដោយជំនាញច្បាស់លាស់ ពីសំណាក់ក្រុមកាងារបច្ចកទេស ហើយកូនបង្គា ក្តាមទាំងនេះ គឺក្រុមហ៊ុនបាននាំយកមកពីស្ថានីយ៍របស់ក្រុមហ៊ុនផ្ទាល់ដែលមានទីតាំឃុំរាម ស្រុកព្រៃនប់ខេត្តព្រះសីហនុ ។នៅក្នុងឱកាស់នោះ ឯកឧត្តមអភិបាលខេត្តព្រះសីហនុបានសម្តែងនូវការរីករាយចំពោះលទ្ធផលពីការចិញ្ចឹមនេះ និងបានលើកទឹកចិត្តអោយពលរដ្ឋ ក៍ដូចជាវិស័យឯកជននានាចូលរួមចិញ្ចឹមបែបវារីវប្បកម្មនេះអោយបានច្រើនបន្ថែមទៀត ដើម្បីបំពេញតម្រូវការម្ហូបអាហារចូលកាន់ទីផ្សារក្នុងខេត្តព្រះសីហនុ ព្រោះកំណើនតម្រូវការម្ហូបអាហារ សម្រាប់ក្នុងខេត្តព្រះសីហនុ កំពុងតែត្រូវការជាចាំបាច់ ជាពិសេសម្ហូបអាហារតាមបែបលក្ខណៈធម្មជាតិនេះ ៕
ចែករំលែកព័តមាននេះ