រាជធានីភ្នំពេញ ៖ ក្នុងរយៈពេលពេញមួយខែកុម្ភៈ ឆ្នាំ២០១៩នេះ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ហៅកាត់ថា CDC បានចុះបញ្ជីក្រុមហ៊ុនវិនិយោគដែលមានទឹកប្រាក់សរុបចំនួនជាង ៧៥៧លានដុល្លារ និងបង្កើតការងារជូនប្រជាពលរដ្ឋក្នុងស្រុករាប់ម៉ឺននាក់។ នេះបើតាមរបាយការណ៍របស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ។ យោងតាមរបាយការណ៍ដដែលឃើញថា គម្រោងវិនិយោគTemi ជាគម្រោងដែលមានទឹកប្រាក់ច្រើនជាងគេ ក្នុងចំណោមគម្រោងដែលស្នើសុំចុះបញ្ជី ដែលមានទឹកប្រាក់រហូតដល់ជាង៥០០លានដុល្លារ និងជាគម្រោងសាងសង់តំបន់លំហែកាយនៅក្នុងខេត្តកោះកុង ប៉ែកនិរតីនៃប្រទេស។ គម្រោងនេះ ក៏បានធ្វើប្លង់មេរួចរាល់ហើយដែរពីសំណាក់ម្ចាស់អភិវឌ្ឍន៍ គម្រោង ដោយផ្ដោតលើការសាងសង់វីឡាលំហែកាយនៅជាប់មាត់ឆ្នេរនៃខេត្តកោះកុង និងជាតំបន់ទេសចរណ៍សំខាន់ ព្រមទាំងមានការជំរុញលើកទឹកចិត្តពីណាក់សម្ដេចនាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ឲ្យវិនិយោគនៅតំបន់នោះផងដែរ ។
ក្រៅពីគម្រោង Temi ក៏មានគម្រោងមួយទៀតមានទំហំទឹកប្រាក់ជិត១០០លានដុល្លារដែរ គឺគម្រោងអភិវឌ្ឍន៍សណ្ឋាគារផ្កាយប្រាំ នៅស្រុកព្រៃនប់ខេត្តព្រះសីហនុ ដែលប៉ាន់ប្រមាណថា នឹងផ្ដល់ការងារពលរដ្ឋក្នុងស្រុកប្រមាណជាង ២.៥០០នាក់ ។ ដោយឡែកសម្រាប់គម្រោងធំទី៣នៅក្នុងខែកុម្ភៈនោះ គឺគម្រោងអភិវឌ្ឍន៍រោងចក្រកាត់ដេរ នៅក្រុងច្បារមន ខេត្តកំពង់ស្ពឺ មានទឹកប្រាក់វិនិយោគជាង៣៣លានដុល្លារ និងផ្ដល់ការងារជាង២.០០០កន្លែងជូនប្រជាពលរដ្ឋក្នុងស្រុក។ ក្រៅពីនោះ ភាគច្រើនជាគម្រោងរោងចក្រឧស្សាហកម្មផលិតរបស់ប្រើប្រាស់ គ្រឿងអេឡិចត្រូនិក កែវ ចាន និងសម្ភារប្រើប្រាស់ផ្សេងៗ និងមានទឹកប្រាក់វិនិយោគក្នុងមួយគម្រោងក្រោម១០លានដុល្លារអាមេរិក ។
ការបណ្ដាក់ទុនវិនិយោគជាហូរហែពីសំណាក់វិនិយោគិន ក្នុងនិងក្រៅប្រទេសនេះ គឺជាការបង្ហាញពីសក្ដានុពលវិនិយោគកាន់តែច្រើននៅក្នុងប្រទេសកម្ពុជា និងឆ្លើយតបទៅនឹងរដ្ឋាភិបាលដែលតែងតែអំពាវនាវឲ្យមានការបណ្ដាក់ទុនវិនិយោគបន្ថែមនៅក្នុងប្រទេសកម្ពុជា សម្រាប់ផលិត និងបម្រើដល់ការនាំចេញទៅកាន់ទីផ្សារក្នុងស្រុកនិងទីផ្សារអន្តរជាតិ ។
សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែននាយករដ្ឋមន្ត្រីបានលើកឡើងកន្លងមកថា កម្ពុជាស្វាគមន៍គ្រប់បណ្ដាវិនិយោគិនមកកាន់ប្រទេសកម្ពុជា ដើម្បីស្វែងការវិនិយោគក្នុងវិស័យផ្សេងៗដែលមានអាទិភាព និងជំនាញរបស់វិនិយោគិន។ សេដ្ឋវិទូនានាក្នុងប្រទេសកម្ពុជា បានលើកឡើងស្រដៀងគ្នាកន្លងមកថា កម្ពុជាត្រូវខិតខំបន្ថែមទៀត និងត្រូវកែទម្រង់មួយចំនួន បើសិនជាចង់រក្សាកំណើនសេដ្ឋកិច្ចឲ្យនៅថេរដូចបច្ចុប្បន្ន ហើយកម្ពុជាក៏ត្រូវតែខំឲ្យខ្លាំងជាងបច្ចុប្បន្នទៀត បើសិនជាចង់សម្រេចបានផែនការ ជាប្រទេសមានប្រាក់ចំណូលមធ្យមកម្រិតខ្ពស់ នៅឆ្នាំ២០៣០ និងប្រទេសមានប្រាក់ចំណូលខ្ពស់នៅឆ្នាំ២០៥០ ។
លោកបណ្ឌិត ម៉ី កល្យាណ សេដ្ឋវិទូជាន់ខ្ពស់នៃឧត្តមទីប្រឹក្សាសេដ្ឋកិច្ចជាតិ បានមានប្រសាសន៍ថា កម្ពុជាហាក់បានបង្ហាញពីការខិតខំគៀងគរវិនិយោគិនបរទេសមកបណ្ដាក់ទុនក្នុងស្រុក ។ ជាក់ស្ដែង កម្ពុជាបានជួយសម្រួលការចំណាយនានារបស់វិនិយោគទាំងដំណើរការបង្កើតក្រុមហ៊ុន និងសម្រួលដល់ការកាត់បន្ថយ ការដឹកជញ្ជូនផលិតផលចេញចូលផងដែរ ។
ប្រធានសម្ព័ន្ធសហជីពជាតិកម្ពុជា លោកសោម អូន បានឲ្យដឹងដែរថា ចាប់តាំងពីរាជរដ្ឋាភិបាលបានផ្ដល់អត្ថប្រយោជន៍ដល់កម្មករ កម្មការិនីមក ឃើញថាទំនាស់ផលប្រយោជន៍ ដែលនាំឲ្យមានបាតុកម្ម កូដកម្មជាដើមបានកាត់បន្ថយជាបន្តបន្ទាប់ និងបានធ្វើឲ្យផលិតភាព ការងារកាន់តែមានប្រសិទ្ធភាព ។ បច្ចុប្បន្ននេះ កម្មក កម្មការិនីប្រមាណជិត១លាននាក់បាននិងកំពុងបំពេញការងារនៅតាមរោងចក្រឧស្សាហកម្មនានា ជាពិសេសរោងចក្រសហគ្រាសក្នុងវិស័យវាយនភ័ណ្ឌ ក្នុងនោះក្នុងមួយខែគ្រាន់តែការចំណាយទៅលើប្រាក់ខែកម្មករ កម្មការិនីប្រមាណ២០០លានដុល្លារទៅហើយ ៕
ចែករំលែកព័តមាននេះ