រាជធានីភ្នំពេញ ៖ អ្នកជំនាញអចលនទ្រព្យលំដាប់អន្តរជាតិបានអះអាងថា វិស័យអចលនទ្រព្យនឹងមិនរងផលប៉ះពាល់ខ្លាំងនោះទេ ប្រសិនជាEBA នឹងត្រូវដកចេញពីកម្ពុជា ។ អ្នកនាងអាន សុធីតា នាយិកាប្រចាំប្រទេសនៃក្រុមហ៊ុន CBRE Cambodiaបានឲ្យដឹងតាមទូរស័ព្ទនាល្ងាចថ្ងៃទី១៥ កុម្ភៈ ម្សិលមិញថា វិស័យអចលនទ្រព្យនៅតែមានកំណើននៃការវិនិយោគពីបរទេស ហើយវិស័យនេះមិនរងផលប៉ះពាល់ធ្ងន់ធ្ងរនោះទេ ប្រសិនជាប្រព័ន្ធអនុគ្រោះពន្ឋដែលអឺរ៉ុបត្រូវដកចេញពីកម្ពុជា ។
អ្នកនាងបន្តថា វិស័យឧស្សាហកម្មមិនបានរួមចំណែកច្រើនក្នុងវិស័យអចលនទ្រព្យនោះទេ ដោយសារវាពាក់ព័ន្ធនឹងការនាំចេញ ប៉ុន្តែបើការនាំចេញធ្លាក់ចុះខ្លាំង វាអាចប៉ះពាល់ដល់កំណើនសេដ្ឋកិច្ចកម្ពុជា ។
អ្នកនាងមានប្រសាសន៍ថា ៖« ការរីកចម្រើន ឬការផ្អាកគម្រោងសាងសង់តិចតួច វាជារឿងធម្មតានៅក្នុងទីផ្សារ ហើយក្រុមហ៊ុនដែលមានបញ្ហានៅតែមានបញ្ហា ក្រុមហ៊ុនល្អនៅតែល្អ »។
អ្នកនាងបន្ថែមបន្តថា ៖« ផ្នែកមួយចំនួននៅក្នុងវិស័យនៅតែមានកំណើន និងការរីកចម្រើនខ្លាំងនៅឆ្នាំ២០១៩នេះ ដូចជាដីធ្លីជាយក្រុង វិស័យសណ្ឋាគារ និងការិយាល័យ ដោយសារកំណើននៃលំហូរវិនិយោគផ្ទាល់ពីបរទេស »។
អគ្គនាយិកាក្រុមហ៊ុន Amatak Property Service Co, Ltd លោកស្រីតាំង ហួរ បានមានប្រសាសន៍ថា អ្នកវិនិយោគនៅកម្ពុជាភាគច្រើន ជាអ្នកវិនិយោគមកពីទ្វីបអាស៊ី ពិសេសចិនក៏ជាអ្នកវិនិយោគដ៏ធំនៅកម្ពុជាដែរ ហើយសេដ្ឋកិច្ចចិនក៏មានទំហំធំជាងគេលំដាប់ទី២នៅលើពភពលោកដែរ ហេតុនេះវិស័យអចលនទ្រព្យនៅកម្ពុជានឹងមិនរងផលប៉ះពាល់នោះទេ ទោះជាប្រព័ន្ធអនុគ្រោះពន្ធត្រូវដកចេញពីកម្ពុជាក៏ដោយ ។
លោកស្រីបន្តថា ៖« វិស័យនាំចេញបើសិនជាមានការដកEBA អាចរងផលប៉ះពាល់ តែមិនធ្ងន់ធ្ងរនោះទេ ហើយវាក៏មិនមានឥទ្ធិពលខ្លាំងដល់វិស័យអចលនទ្រព្យនៅកម្ពុជានោះឡើយ »។
ទោះជាយ៉ាងណារបាយការណ៍ធនាគារជាតិនៃកម្ពុជា បានបង្ហាញកាលពីពេលថ្មីៗនេះថា វិស័យអចលនទ្រព្យនៅកម្ពុជាឆ្នាំនេះអាចមានភាពថមថយល្បឿនផងដែរ ៕
ចែករំលែកព័តមាននេះ