រាជធានីភ្នំពេញ ៖ បន្ទាប់ពីគម្រោងជួសជុល និងពង្រីកផ្លូវជាតិលេខ២ ត្រូវបានប្រមុខរាជរដ្ឋាភិបាលប្រកាស និងត្រៀមបើកការដ្ឋាននាពេលដ៏ខ្លីខាងមុខ សកម្មភាពពុះដីឡូត៍លក់នៅតាមបណ្តោយផ្លូវនេះ ចាប់ផ្ដើមកក្រើកឡើងគួរឲ្យកត់សម្គាល់ ។
បើតាមអ្នកជំនាញអចលនទ្រព្យ មើលឃើញថា តម្លៃដីធ្លីនៅតាមបណ្តោយផ្លូវនេះ នឹងនៅតែបន្តកើនឡើង ដោយសារបច្ចុប្បន្នសន្ទុះនៃតម្លៃនៅទាបនៅឡើយ ខណៈគម្រោងអភិវឌ្ឍន៍នានាកំពុងងាកទៅកាន់តំបន់នោះជាបណ្ដើរៗ ។
អ្នកជំនាញអចលនទ្រព្យលំដាប់អន្តរជាតិដំបូងគេនៅកម្ពុជា និងជានាយកក្រុមហ៊ុន Century 21 Fortuna Investment លោក វ៉ា វីរៈ បានមានប្រសាសន៍ថា សកម្មភាពពុះដីឡូត៍លក់នេះមកពីអ្នកអភិវឌ្ឍន៍មើលឃើញឱកាសតាមរយៈគម្រោងអភិវឌ្ឍន៍របស់ក្រុមហ៊ុនធំៗ ឬគម្រោងរបស់រាជរដ្ឋាភិបាល បូករួមជាមួយតម្លៃដីធ្លីនៅក្នុងតំបន់នោះហាក់នៅធូរថ្លៃនៅឡើយ ។
លោកបញ្ជាក់ថា ៖« ជាទូទៅ កាលណាមានគម្រោងហេដ្ឋារចនាសម្ព័ន្ធល្អអ្វីមួយគ្រោងនឹងកើតឡើង តម្លៃដីធ្លីវាឡើងថ្លៃមួយកម្រិត ហើយកាលណាគម្រោងនោះចាប់ផ្តើមដំណើរការសាងសង់ តម្លៃដីវានឹងឡើងថ្លៃទៀត ។ លើសពីនេះ នៅពេលហេដ្ឋារចនាសម្ព័ន្ធសាងសង់រួចរាល់ អាចដំណើរការបាន នោះតម្លៃអចលនវត្ថុនឹងឡើងថ្លៃថែមទៀត។ នេះបើតាមបទពិសោធន៍ដែលខ្ញុំបានជួបកន្លងមក ដូចជា នៅតាមផ្លូវជាតិលេខ៦អា លេខ៥ និងផ្លូវជាតិលេខ៤ជាដើម »។
ស្រដៀងគ្នានេះដែរ នាយិការប្រចាំប្រទេសនៃក្រុមហ៊ុនCBRE Cambodia អ្នកនាង អាន សុធីតា បានមានប្រសាសន៍កាលពីចុងខែមករាថា តម្លៃដីធ្លីនៅតាមបណ្តោយផ្លូវជាតិលេខ២ បច្ចុប្បន្នអាស្រ័យទៅតាមប្រភេទដី និងតំបន់ តែបើគិតពីតំបន់ក្រុងតាខ្មៅ រហូតដល់ព្រែកហូរ តម្លៃដីបានកើនឡើងចន្លោះពី១ពាន់ទៅ២ពាន់ដុល្លារក្នុង១ម៉ែត្រការ៉េ តែយ៉ាណា វាមិនឡើងថ្លៃខ្លាំងនោះទេ បើធៀបនឹងឆ្នាំ២០១៨ ។
អ្នកនាងបន្តថា តម្លៃដីនៅតំបន់នេះ បើគិតពីផ្លូវបំបែកពីផ្លូវ៦០ម៉ែត្រ ឡើងថ្លៃពី១០០ទៅ៣០០ដុល្លារ ក្នុង១ម៉ែត្រកការ៉េ រហូតដល់ផ្លូវបំបែកលេខ២០ ត្រង់រង្វង់មូលកួរស្រូវ ពោលគឺឡើង ទ្វេងដងបើធៀបនឹង២ឆ្នាំមុន ដោយសារមានកត្តាជាច្រើន ដូចជាជាតំបន់សាងសង់លំនៅឋាន តំបន់ជាយក្រុងងាយស្រួលក្នុងធ្វើដំណើរចូលក្រុង និងពាណិជ្ជកម្មផ្សេងៗ ។
អ្នកនាងបន្តថា បើគិតពីរង្វង់មូលកួរស្រូវ ចូល ស្រុកកណ្តាលស្ទឹង តម្លៃដីនៅតាមបណ្តោយផ្លូវនេះ មិនឡើងថ្លៃប៉ុន្មានទេ គឺមានតម្លៃចន្លោះពី៨០ទៅ១០០ដុល្លារប៉ុណ្ណោះ ក្នុង១ម៉ែត្រការ៉េ ។ ចំណែកលោក សន សៀប អគ្គនាយកក្រុមហ៊ុន Key Real Estate Co., Ltd. បានឲ្យដឹងដែរថា នៅតាមបណ្តោយផ្លូវជាតិលេខ២មានសន្ទុះម្តងហើយកាលពីមានគម្រោងសាងសង់ព្រលានយន្តហោះ និងគម្រោងសាងសង់ផ្លូវក្រវាត់ក្រុងទី៣ការបើករដ្ឋានពង្រីកផ្លូវ តែយ៉ាងណាក៏ផ្លូវនេះនៅមានសក្តានុពលសេដ្ឋកិច្ច រោងចក្រ និងតភ្ជាប់ទៅខេត្តកំពត និងខេត្តព្រះសីហនុ ព្រមទាំងឆ្ពោះរហូតទៅដល់ព្រំដែនវៀតណាមជាដើម ។
លោកបន្តថា ៖« តម្លៃដីធ្លីនៅតំបន់នោះកើនឡើង២ទៅ៣ដង គ្រាន់តែនៅដីម្តុំរង្វង់កួរស្រូវ បានកើនឡើងពីចន្លោះ១០០ទៅ២៥០ដុល្លារក្នុង១ម៉ែត្រការ៉េ ព្រោះវាជាតំបន់អភិវឌ្ឍន៍ថ្មី។ កាលណាមានការអភិវឌ្ឍន៍ តម្រូវការដីយកទៅប្រើប្រាស់ ក៏ធ្វើឲ្យតម្លៃដីកាន់តែកើនឡើងផងដែរ »។ ផ្លូវជាតិលេខ២នេះ នឹងត្រូវចាប់ផ្តើមជួសជុល និងពង្រីកជាថ្មីននៅពេលឆាប់ៗនេះ ព្រោះវាជាផ្លូវសេដ្ឋកិច្ចដ៏ខាន់របស់កម្ពុជា ដោយភ្ជាប់ទៅកាន់ផ្លូវជាតិលេខ១ ផ្លូវជាតិលេខ៣ និងជាពិសេសតភ្ជាប់ផ្លូវ៦០ម៉ែត្រ និងផ្លូវលេខ២០ ឆ្ពោះមកកាន់ទីក្រុង ដែលមានភាពងាយស្រួលក្នុងការធ្វើដំណើរ និងចំណាយពេលតិច ។
គម្រោងជួសជុល និងពង្រីកផ្លូវជាតិលេខ២ ខណៈពេលនេះ បើតាមមន្ត្រីអ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន បានបញ្ជាក់ថា ពេលនេះកំពុងស្ថិតនៅក្នុងដំណាក់កាលពិនិត្យធ្វើការដេញថ្លៃទៅលើក្រុមហ៊ុនកូរ៉េចំនួន២ ។
លោក វ៉ាស៊ឹម សុរិយា មានប្រសាសន៍ថា ៖« បន្ទាប់ពីក្រុមហ៊ុនបានជាប់កិច្ចសន្យាហើយ ក្រសួងទុកពេលយ៉ាងយូរ១ខែ ហើយគ្រាបន្ទាប់តម្រូវឱ្យក្រុមហ៊ុនបើកការដ្ឋានតែម្ដង »។ លោកបញ្ជាក់ថា ៖« គម្រោងផ្លូវនេះមានការកំណត់ដោយសាងសង់៤គន្លង(២ទៅ ២មក) អាចចេញពីតាខ្មៅឬចាប់ពីផ្លូវ៦០ម៉ែត្រទៅដល់រង្វង់មូលកួរស្រូវ និង២គន្លង ចាប់ពីរង្វង់មូលកួរស្រូវរហូតដល់ផ្លូវរង្វង់មូលបំបែកខេត្តតាកែវ ៕
អត្ថបទសរសេរ ដោយ
អត្ថបទសរសេរ ដោយ
ចែករំលែកព័តមាននេះ