ខេត្តសៀមរាប ៖ ប្រាសាទភ្នំបាខែង កំពុងទាក់ទាញភ្ញៀវទេសចរបរទេស សម្រាប់ការចូលមកទស្សនានៅលើទឹកដីប្រវត្តិសាស្ត្រនៃខេត្តសៀមរាប នាពេលថ្ងៃរះ និងថ្ងៃលិច ដែលភ្នំបាខែង មានទីតាំងស្ថិតនៅក្នុងភូមិត្រពាំងសេះ សង្កាត់គោកចក ក្រុងសៀមរាប តាមបណ្តោយផ្លូវទៅប្រាសាទអង្គរវត្តនៃពាក់កណ្តាលផ្លូវ ទៅប្រាសាទបាយ័ន ហើយយើងក្រឡេកមើលខាងឆ្វេងដៃឃើញភ្នំបាខែង ។
លោក ឡុង កុសល អ្នកនាំពាក្យរបស់អាជ្ញាធរជាតិអប្សរាបានឲ្យដឹងថា ក្នុងមួយថ្ងៃៗមានភ្ញៀវទេសចរជាច្រើនបាននាំគ្នាឡើងមកលើភ្នំបាខែងនេះ ក្នុងគោលបំណងមើលថ្ងៃលិចផង និងមកមើលប្រាសាទផង ប៉ុន្តែសម្រាប់ការឡើងទៅលើប្រាសាទទស្សនាថ្ងៃលិច បច្ចុប្បន្នអាជ្ញាធរអប្សរាបានកំណត់ឱ្យភ្ញៀវទេសចរចំនួនតែ៣០០នាក់ទេ ដែលឡើងទៅលើកំពូលប្រាសាទភ្នំបាខែង ។
ក្នុងពេលទស្សនាម្ដងៗ ខណៈដែលភ្ញៀវទេសចរដទៃទៀត ដែលចង់ឡើងទៅទស្សនានៅកំពូលប្រាសាទភ្នំបាខែងដែរនោះ គឺត្រូវរង់ចាំដល់ពេលដែលអ្នកឡើងមុនៗចុះមកវិញ ទើបអាចអនុញ្ញាតឱ្យអ្នកថ្មីឡើងបន្តទៀតបាន ឬអាចមើលថ្ងៃលិចត្រឹមកំពូលភ្នំបាន ដោយអាជ្ញាធរអប្សរាបានរៀបចំឱ្យមានកន្លែងមើលថ្ងៃលិច បានដោយមិនបាច់ឡើងទៅដល់លើប្រាសាទក៏បាន។
លោកឡុង កុសល បានបញ្ជាក់ទៀតថា ជារៀងរាល់ថ្ងៃចាប់ពីម៉ោង៣រសៀល រហូតទៅដល់ម៉ោង៥ល្ងាច ភ្ញៀវទេសចរចម្រុះជាតិសាសន៍ តែងនាំគ្នាឡើងទៅលើកំពូលភ្នំបាខែង ហើយកម្លាំងរបស់អាជ្ញាធរអប្សរាបានរាយបណ្ដាក់គ្នាពិនិត្យសំបុត្រ និងរាប់ចំនួនភ្ញៀវទេសចរ ដែលឡើងទៅលើកំពូលភ្នំបាខែង ចាប់តាំងតែពីជើងភ្នំ រហូតទៅដល់ជើងជណ្ដើរនៃប្រាសាទបុរាណ ។
រីឯនៅជើងជណ្ដើរនៃប្រាសាទភ្នំបាខែង គឺមានភ្ញៀវទេសចរចម្រុះជាតិសាសន៍ជិត១ពាន់នាក់ ដែលឈរតម្រង់ជួរ ដើម្បីរង់ចាំឡើងទៅទស្សនានៅលើកំពូលភ្នំ ហើយមានមូលហេតុជាច្រើន ដែលអាជ្ញាធរអប្សរាបានកំណត់ចំនួនភ្ញៀវឱ្យឡើងទៅទស្សនាប្រាសាទភ្នំបាខែងនេះ ជាពិសេស គឺប៉ះពាល់ដល់ប្រាសាទនិងការអភិរក្ស ។
ចែករំលែកព័តមាននេះ