រាជធានីភ្នំពេញ ៖ បុរសជានាយកដ្ឋានអង្គរក្សម្នាក់សង្ស័យស្រវឹងបើកបររថយន្តម៉ាកព្រូសលឿនដូចហោះរ៉េចង្កូតបុករះតូបលក់មីឆា បង្គោលភ្លើងរលំ រួមនឹងដើមក្ងោក ហើយប្រជាពលរដ្ឋនាំគ្នាជួយអ្នកបើកចេញពីក្នុងរថយន្តខ្លាចគ្រោះថ្នាក់អាយុជីវិត ហេតុការណ៍បង្កឱ្យមានការភ្ញាក់ផ្អើលកាលពីម៉ោង១រំលងអធ្រាត្រឈានចូលថ្ងៃទី២០ ខែ មករា ឆ្នាំ២០១៩ នៅចំណុចក្បែរស្តុបទូតចិន តាមបណ្ដាផ្លូវម៉ៅសេទុង ស្ថិតនៅភូមិ១ សង្កាត់ទំនប់ទឹក ខណ្ឌចំការមន ។
សមត្ថកិច្ចបានឱ្យដឹងថា បុរសបង្កហេតុឈ្មោះ គួច គីមម៉េង ភេទប្រុស អាយុ២៩ឆ្នាំ មុខរបរអង្គរក្ស អគ្គបញ្ជាការដ្ឋានបញ្ជាការដ្ឋានអង្គរក្ស ស្នាក់នៅផ្ទះលេខ៣D ផ្លូវ១៨៩ ស្ថិតនៅភូមិ៣ សង្កាត់អូឡាំពិក ខណ្ឌចំការមន បើកបររថយន្តម៉ាកព្រូស ពណ៌ស្ករ ពាក់ស្លាកលេខ ភ្នំពេញ ២Q-៦៤៣៣ ក្នុងល្បឿនលឿនបើកតាមផ្លូវម៉ៅសេទុង ពីលិចទៅកើត រួចជ្រុលចង្កូតទៅខាងស្ដាំបុករះតូបលក់មីឆាគុយទាវឆ្អឹងស៊ុប បុកបង្គោលភ្លើងបំភ្លឺរលំ រួមនឹងដើមក្ងោកបាក់រលំសង្កត់លើរថយន្តខ្ទេចពីមុខបើកទៅមុខលែង និងបណ្ដាលអ្នកអង្គុយហូបបាយឆារបួសស្រាល២នាក់ ។
សមត្ថកិច្ចបន្តថា ក្រោយកើតហេតុ ត្រូវបានប្រជាពលរដ្ឋជួយគ្នាយកអ្នកបើកចេញពីក្នុងរថយន្ត ព្រោះខ្លាចបង្កឲ្យឆាបឆេះគ្រោះថ្នាក់ដល់អាយុជីវិត ក្រោយមកក៏សមត្ថកិច្ចមូលដ្ឋានចុះមកដល់នាំយកទៅស្នាក់នៅនគរបាលប៉ុស្តិ៍ទៅសាកសួរនាំ ។
សមត្ថកិច្ចបន្តថា ក្រោយកើតហេតុធ្វើការប្រគល់រថយន្តបង្កគ្រោះថ្នាក់ចរាចរណ៍ទៅការិយាល័យនគរបាលចរាចណ៍ផ្លូវគោក ស្នងការរាជធានីភ្នំពេញ យកទៅរក្សាទុកនៅរង់ចាំធ្វើការដោះស្រាយជាមួយអ្នករបួស និងសងថ្លៃខូចខាតដើមក្ងោក បង្គោលភ្លើង តុ កៅអី ចាន កែវ និងម៉ូតូម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ ព្រមទាំងសងសំណងថ្លៃតូបលក់គុយទាវផងដែរ ៕
ចែករំលែកព័តមាននេះ