ខេត្តស្វាយរៀង ៖ ប្រជាកសិករមានក្តីកង្វល់ដោយមកដល់ចុងខែមករា ឆ្នាំ២០១៩ នេះស្រូវចម្រុះគ្រប់ប្រភេទត្រូវប្រឈមទៅនឹងការធ្លាក់តម្លៃ ខណៈដែលទីផ្សារស្រូវអង្ករវៀតណាមដែលឈ្មួញនៅតាមបណ្តារព្រំដែនទិញស្រូវមានកំណត់នោះ ។
ហើយប្រជាកសិករ និងអាជីវករដែលដើរប្រមូលទិញស្រូវយកទៅលក់ឲ្យឈ្មួញវៀតណាមដែលមានទីតាំងនៅភូមិព្រៃវល្ល័រ ឃុំថ្មី ស្រុកកំពង់រោទ៌ បានត្អូញត្អែថា ចាប់ពីដើមខែមករា ឆ្នាំ២០១៩ មកតម្លៃស្រូវចម្រុះបានធ្លាក់តម្លៃស្រឺតៗតែម្លងធ្វើឲ្យមុខរបរប្រមូលទិញស្រូវលក់ចេញរបស់ពួកគាត់បានខាតបង់ ដូច្នេះត្រូវបង្ខំចិត្តទិញពីប្រជាកសិករក្នុងតម្លៃទាបដែរដោយខ្មែរយើងគ្មានទីផ្សារ សង្ឃឹមទៅលើតែទីផ្សារឈ្មួញវៀតណាមជាអ្នកកំណត់តម្លៃ ។
ទាក់ទិនករណីស្រូវចម្រុះចុះតម្លៃនេះដែរលោក ថាច់ រតនា ប្រធានមន្ទីរកសិកម្មរុក្ខា ប្រមាញ់ និងនេសាទខេត្តស្វាយរៀង នៅថ្ងៃទី១៩ ខែមករា ឆ្នាំ២០១៩ នេះបានប្រាប់ថា នៅប៉ុន្មានថ្ងៃចុងក្រោយនេះស្រូវចម្រុះនៅក្នុងខេត្ត និងស្រូវនាំចូលមកពីខេត្តដទៃៗឆ្លងកាត់ខេត្តស្វាយរៀងយកមកលក់នៅទីផ្សារវៀតណាមតាមបណ្តោយព្រំដែនត្រូវប្រឈមនឹងតម្លៃបន្តិច ខណៈដែលឈ្មួញវៀតណាមទិញមានកំណត់ ។
លោក ថាច់ រតនា បន្តថា ស្រូវចម្រុះ និងស្រូវសើម កាលពីរដូវចម្រូតដើមរដូវក្នុងខែវិច្ឆិកា និងខែធ្នូ ឆ្នាំ២០១៨ កន្លងទៅនេះ នៅទីផ្សារវៀតណាមតម្លៃស្រូវហក់ឡើងពីតម្លៃ៨៨០ទៅ៩០០រៀលក្នុង១គីឡូក្រាម តែមកដល់ពាក់កណ្តាលខែមករា ឆ្នាំ២០១៩ នេះស្រូវចម្រុះនៅទីផ្សារព្រំដែនវៀតណាមធ្លាក់ថ្លៃយ៉ាងគំហុក នៅសល់ត្រឹម១គីឡូតម្លៃជាង៧០០រៀលតែប៉ុណ្ណោះ ។
ហើយបើយើងផ្អាកលក់ និងទាមទារតម្លើងតម្លៃឲ្យបានខ្ពស់ជាងនេះបន្តិច ស្រូវនឹងអាចធ្លាក់ថ្លៃទៀតដោយស្រូវខូចគុណភាព ពីព្រោះការនាំស្រូវយកមកលក់នេះជាស្រូវសើមហើយប្រើពេលយូរមិនបានចូលឡសម្ងួតដើម្បីទុកឲ្យបានយូរទេដូច្នេះត្រូវតែបង្ខំចិត្តលក់ ។
បើតាមលោក ប៉ែន សំណាង ហៅពុយ រស់នៅភូមិកោះត្រាច ឃុំថ្មី ស្រុកកំពង់រោទ៌ បានឲ្យដឹងថានៅពេលលោកដឹកស្រូវទៅលក់នៅជិតច្រកទ្វារព្រំដែនអន្តរជាតិព្រៃវល្ល័រថា ក្នុងរយៈពេលប៉ុន្មានថ្ងៃនេះស្រូវចុះថោកខ្លាំងណាស់ ខណៈដែលឆ្នាំមុនរយៈពេលដូចគ្នាស្រូវមានតម្លៃខ្ពស់លក់បានចំណេញច្រើនគួរសមសំរាប់អ្នកមានសម្ភារកសិកម្មប្រើប្រាស់ និងដីធ្វើស្រែ ។
ហើយពេលនេះបើអ្នកគ្មានមធ្យោបាយធ្វើស្រែ ហើយជួលដីគេគឺត្រូវខាតដើមគ្មានបានចំណេញនិងគ្មានសល់ស្រូវទុកហូបទេហើយត្រូវជំពាក់ប្រាក់ធនាគាទៀត ។
លោក ជា តំណាងឲ្យប្រជាកសិករបានអំពាវនាវសុំអោយអាជ្ញាធរជួយរកទីផ្សារឲ្យប្រជាកសិករផង និងសំណូមពរសុំអោយក្រុមសមត្ថកិច្ចជំនាញមួយចំនួនដែលដាក់កុងត្រូលយកលុយថ្លៃបាយ ឬយកលុយថ្លៃទឹកតែពីឈ្មួញនោះច្រើនពេកដើម្បីបើកឱកាសអោយឈ្មួញចូលទិញស្រូវអោយមានតម្លៃឡើងវិញ ។
ទាក់ទងទៅនឹងការស្នើសុំរបស់ពលរដ្ឋអោយអាជ្ញាធរជួយរកទីផ្សារស្រូវនោះលោកប្រធានមន្ទីរពាណិជ្ជកម្មខេត្ត មាឃ ឆវណ្ណរុណ បានបញ្ជាក់ថា បញ្ហាទីផ្សារស្រូវនៅក្នុងខេត្តគឺពឹងផ្អែកទាំងស្រុងទៅលើទីផ្សារវៀតណាម ដោយនៅកម្ពុជា និងដោយឡែកនៅខេត្តស្វាយរៀងគ្មានសមាគមឬសហគមន៍ធំៗដើម្បីប្រមូលទិញស្រូវប្រជាពលរដ្ឋអស់ទេ មានការទិញដែរតែយើងទិញមានកំណត់ដោយគ្មានថវិកា ជាពិសេសគ្មានម្ចាស់រោងមាស៊ីនកិនស្រូវណាមកឈរប្រមូលទិញស្រូវស្តុកទុក ឬកិនអង្ករនាំចេញទេទើបតម្លៃហាងឆេងឡើងចុះ និងមិនអាចគ្រប់គ្រងទីផ្សារបាន ៕
ចែករំលែកព័តមាននេះ