ទីក្រុងស៊ីដនី ៖ ទីភ្នាក់ងារសារព័ត៌មាន Reuters បានឲ្យដឹងកាលពីថ្ងៃទី៣ មករា ថា តម្លៃផ្ទះក្នុងប្រទេសអូស្ត្រាលីបានធ្លាក់ចុះជិត ៥%ឯណោះកាលពីឆ្នាំមុន មកដល់កម្រិតទាបជាងគេតាំងពីឆ្នាំ២០០៨មក ព្រោះតែមានការរឹតបន្តឹស្ថានការណ៍ឥណទាន និងការធ្លាក់ចុះនៃចំណាប់អារម្មណ៍ក្នុងចំណោមវិនិយោគិន ។
យោងតាមក្រុមហ៊ុនផ្តល់សេវាកម្មប្រឹក្សាយោបល់ផ្នែកអចលនទ្រព្យ CoreLogic បានឲ្យដឹងថា តម្លៃអចលនទ្រព្យក្នុងប្រទេសនេះបានធ្លាក់ចុះអស់១៥ខែជាប់ៗគ្នាមកហើយកាលពីខែធ្នូ ដោយមានអត្រាធ្លាក់ចុះក្នុងទីក្រុងស៊ីដនី និងមែលប៊ន ដែលជាទីផ្សារធំជាងគេក្នុងប្រទេសអូស្ត្រាលី ធ្លាក់ចុះកាន់តែខ្លាំងឡើង ។
សន្ទស្សន៍តម្លៃផ្ទះក្នុងប្រទេសបានធ្លាក់ចុះ ១,៨%កាលពីខែមុន បើធៀបនឹងខែវិច្ឆិកា និងបានធ្លាក់ចុះ២,៣% សម្រាប់ត្រីមាសចុងក្រោយឆ្នាំ២០១៨ ។
តម្លៃក្នុងទីក្រុងធំៗសរុបបានធ្លាក់ចុះ ១,៣%កាលពីខែធ្នូ និងធ្លាក់ចុះ៦,១%សម្រាប់ឆ្នាំនេះ ។ ទីក្រុងស៊ីដនីជាទីក្រុងដែលមានតម្លៃអចលនទ្រព្យធ្លាក់ចុះខ្លាំងជាងគេ គឺធ្លាក់ចុះដល់ទៅ១,៨%ឯណោះកាលពីខែមុន ។
លោក Tim Lawless ប្រធានផ្នែកស្រាវជ្រាវនៅ CoreLogic បានឲ្យដឹងថា ៖«ឥណទានគឺជាកត្តាសំខាន់ជាងគេដែលប៉ះពាល់ដល់ស្ថានការណ៍ទីផ្សារផ្ទះ »។ តាំងពីឆ្នាំ២០១៥មក រដ្ឋាភិបាលបានចេញវិធានការទប់ស្កាត់ធនាគារក្នុងការផ្តល់ប្រាក់កម្ចីដែលមានហានិភ័យខ្ពស់ ។
កាលពីឆ្នាំមុន រដ្ឋាភិបាលអូស្ត្រាលីបានបន្ធូរការរឹតបន្តឹងខ្លះដែរ ប៉ុន្តែលោក Lawless បាននិយាយថា ហិរញ្ញវត្ថុនៅតែជាឧបសគ្គសំខាន់ជាងគេស្រាប់ទីផ្សារផ្ទះក្នុងឆ្នាំនេះ ។ ការធ្លាក់ចុះកើតមានឡើងក្នុងទីក្រុងស៊ីដនីធ្ងន់ធ្ងរជាងគេដែលតម្លៃផ្ទះបានធ្លាក់ចុះជិត៩%ទៅហើយក្នុងឆ្នាំនេះ ខណៈដែលតម្លៃផ្ទះក្នុងទីក្រុងមែលប៊នវិញធ្លាក់ចុះដល់ទៅ៧%ផងដែរ ៕
ចែករំលែកព័តមាននេះ