រាជធានីភ្នំពេញ ៖ រដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជានឹងទទួលធ្វើជាម្ចាស់ផ្ទះ រៀបចំកិច្ចប្រជុំប្រចាំឆ្នាំនៃវេទិកាសភាអាស៊ី-ប៉ាស៊ីហ្វិក (APPF) លើកទី២៧ ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៧ ខែមករា ឆ្នាំ២០១៩ នៅសណ្ឋាគារសុខាសៀមរាប ខេត្តសៀមរាប ។
កិច្ចប្រជុំក្រោមមូលបទស្តីពី «ពង្រឹងភាពជាដៃគូសភា ដើម្បីសន្តិភាព សន្តិសុខ និងការអភិវឌ្ឍប្រកបដោយចីរភាព» (Strengthening Parliamentary Partnership for Peace, Security and Sustainable Development) ។ ពិធីបើកវេទិកាសភាអាស៊ី-ប៉ាស៊ីហ្វិក លើកទី២៧ ជាផ្លូវការ នឹងប្រារព្ធធ្វើឡើង នៅព្រឹកថ្ងៃទី១៥ ខែមករា ឆ្នាំ២០១៩ វេលាម៉ោង៩និង០០នាទី ដោយមានព្រះរាជសារស្វាគមន៍របស់ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថនរោត្តមសីហមុនីព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជាជូនដល់វេទិកាសភាអាស៊ី-ប៉ាស៊ីហ្វិក ។
ថ្នាក់ដឹកនាំស្ថាប័នកំពូលៗនៃព្រះរាជាណាចក្រកម្ពុជាមានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា និងសម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា និងជាប្រធានវេទិកាសភាអាស៊ី-ប៉ាស៊ីហ្វិក នឹងអញ្ជើញថ្លែងសុន្ទរកថាគន្លឹះ ពេលបើកវេទិកាសភាដែលមានថ្នាក់ដឹកនាំរដ្ឋសភា ព្រឹទ្ធសភា បណ្តាប្រទេសសមាជិកវេទិកា សភាអាស៊ី-ប៉ាស៊ីហ្វិក ចំនួន២៧ប្រទេសនឹងចូលរួមព្រមទាំងវត្តមាននៃគណៈប្រតិភូភ្ញៀវកិត្តិយស និងប្រទេសជាអ្នកសង្កេតការណ៍ ។
វេទិកា សភាអាស៊ី-ប៉ាស៊ីហ្វិក ដែលមានឈ្មោះជាភាសាអង់គ្លេស «The Asia Pacific Parliamentary Forum» បានបង្កើតឡើងនៅទីក្រុងតូក្យូ ប្រទេសជប៉ុន ក្នុងឆ្នាំ១៩៩៣ ដើម្បីជំរុញយន្តការសភាក្នុងការកសាងសុខសន្តិភាព ការអភិវឌ្ឍសង្គម សេដ្ឋកិច្ច ពាណិជ្ជកម្ម និងកិច្ចសហប្រតិបត្តិការនៅក្នុងតំបន់ និងពិភពលោកដោយចីរភាព ។
សភានៃព្រះរាជាណាចក្រកម្ពុជាបានចូលជាសមាជិកពេញសិទ្ធិនៃវេទិកាសភានេះ កាលពីឆ្នាំ១៩៩៥ ។ បច្ចុប្បន្ន APPF មានសមាជិកពេញសិទ្ធិចំនួន២៧ប្រទេស ។ ដើម្បីកិច្ចប្រជុំដំណើរការរលូន និងល្អប្រសើរលោក ងួន ញ៉ិល អនុប្រធានទី១រដ្ឋសភា និងជាប្រធានគណៈកម្មការរៀបចំនៅព្រឹកថ្ងៃទី២ មករា ឆ្នាំ២០១៩នេះ បានបើកកិច្ចប្រជុំពិភាក្សាស្តីពីការត្រៀមរៀបចំ និងចូលរួមកិច្ចប្រជុំប្រចាំលើកទី២៧នៃវេទិការសភា អាស៊ីប៉ាស៊ីហ្វិក (APPF) ផងដែរ ។
សូមជម្រាបថា កិច្ចប្រជុំ (APPF) មានតំណាងគណៈប្រតិភូមកពីបណ្តាប្រទេសចំនួន២១ចូលរួមកិច្ចប្រជុំ ៕
ចែករំលែកព័តមាននេះ