រាជធានីភ្នំពេញ ៖ រថយន្តដឹកដីធុនធំមួយគ្រឿងបើកឆ្លងផ្លូវ ស្រាប់តែមានបុរស២នាក់ជិះម៉ូតូមួយគ្រឿងមិនបានប្រយ័ត្ន បានបុករថយន្តចំពាក់កណ្ដាល បណ្តាលឲ្យភាគីខាងម៉ូតូសន្លប់ស្ដូកស្ដឹងទាំង២នាក់ ត្រូវបានរថយន្តសង្គ្រោះរបស់គ្លីនិកឯកជនដឹកយកទៅសង្គ្រោះភ្លាមៗផងដែរ ។
ហេតុការណ៍បង្កអោយមានការភ្ញាក់ផ្អើលកាលពីវេលា៨និង១០នាទីយប់ថ្ងៃទី៣១ខែធ្នូ ឆ្នាំ ២០១៨នៅតាមបណ្ដោយផ្លូវវេងស្រេងទល់មុខ ខ្លោងទ្វារសាលាគោកបញ្ជាន់ ដែលស្ថិតនៅភូមិចោមចៅ៣សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ ។
ភាគីខាងរថយន្តម៉ាក FUSO ពណ៌ក្រហមលាយទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ ៣A-៦៧៥៦ បើកបរដោយបុរសម្នាក់មិនស្គាល់អត្តសញ្ញាណ ។ ចំណែកភាគីខាងម៉ូតូមួយគ្រឿងជិះគ្នា២នាក់ ម៉ាកវ៉េវ ពណ៌ខ្មៅ អត់ស្លាកលេខ បើកបរដោយបុរសម្នាក់មិនស្គាល់អត្តសញ្ញាណ និងបុរសម្នាក់ទៀតជាអ្នករួមដំណើរមិនស្គាល់អត្តសញ្ញាណ ។
តាមប្រភពព័ត៌មានពីប្រជាពលរដ្ឋនៅកន្លែងកើតហេតុបានអោយប្រាប់ថា គេឃើញបុរស២នាក់ជិះម៉ូតូមួយគ្រឿងមានដឹកប្រេង២ប៊ីដុងផង បានបើកបរក្នុងទិសដៅពីជើងទៅលិច លុះ មកដល់ចំណុចកើតហេតុ ស្រាប់តែមានរថយន្តម៉ាក FUSO ខាងលើបើកឆ្លងផ្លូវ ក្នុងទិសដៅពីត្បូងទៅជើង ធ្វើឲ្យភាគីខាងម៉ូតូជាន់ហ្វ្រាំងមិនទាន់ក៏បានបានបុករថយន្តពេញទំហឹង បណ្តាលឲ្យភាគីខាងម៉ូតូរងរបួសធ្ងន់ សន្លប់ស្ដូកស្ដឹងទាំង២នាក់តែម្តង រីឯប៊ីដុងប្រេងបានបែកធ្លាយហូរស្រោចពេញផ្លូវ ចំណែករថយន្តខាងលើបានបើកចេញពីកន្លែងកើតហេតុប្រមាណជិត១០០ម៉ែត្រ ស្រាប់តែអ្នកបើកបររថយន្តបានចុះរត់គេចខ្លួនបាត់ ទុកតែរថយន្តនៅជិតកន្លែងកើតហេតុតែប៉ុណ្ណោះ។
ប្រភពព័ត៌មានបានបន្តទៀតថា ពេលគ្រោះថ្នាក់ភ្លាមៗជនរងគ្រោះទាំង២នាក់ត្រូវបានរថយន្តសង្គ្រោះរបស់គ្លីនិកឯកជនដឹកយកទៅសង្គ្រោះភ្លាមៗផងដែរ ចំណែកឯប៊ីដុងប្រេងដែលបែកធ្លាយហូរស្រោចលើថ្នល់ បណ្តាលឲ្យអ្នកធ្វើដំណើររអិលដួលផងដែរ ។
ក្រោយពេលកើតហេតុ ជំនាញចរាចរណ៍ខណ្ឌពោធិ៍សែនជ័យបានយករថយន្ត និងម៉ូតូ ទៅរក្សាទុកដើម្បីរង់ចាំការដោះស្រាយថ្ងៃក្រោយ ៕
ចែករំលែកព័តមាននេះ