ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប៉ោយ​ប៉ែ​ត​កំពុង​ខ្វះ​ការិយាល័យ​ធ្វើការ អគារ​ស្នាក់​នៅ និង​ធនធានមនុស្ស

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ក្រុង​ប៉ោយ​ប៉ែ​ត​ជា​ប៉ូ​ល​សេដ្ឋកិច្ច​មួយ​ដ៏​សំខាន់​មួយ​ក្នុង​ចំណោម​ប៉ូ​ល​សេដ្ឋកិច្ច​ដែល​ស្ថិត​ក្នុង​ផែនការ និង​គោលនយោបាយ​អភិវឌ្ឍន៍​ឧស្សាហកម្ម​របស់​រាជរ​ដ្ឋា ភិ​បាល​។ រយៈពេល​ចុង​ក្រោយ​នេះ ដោយសារ​កំណើន​វិនិយោគិន​បរទេស ពិសេស​វិនិយោគិន​ចិន បាន​ចូល​មក​បណ្ដាក់ទុន​វិនិយោគ​កាន់តែ​កើនឡើង ធ្វើ​ឲ្យ​ក្រុង​មួយ​នេះ​កំពុង​ខ្វះខាត​ទាំង​អគារ​ធ្វើការ…

រាជធានី​ភ្នំពេញ ៖ ក្រុង​ប៉ោយ​ប៉ែ​ត​ជា​ប៉ូ​ល​សេដ្ឋកិច្ច​មួយ​ដ៏​សំខាន់​មួយ​ក្នុង​ចំណោម​ប៉ូ​ល​សេដ្ឋកិច្ច​ដែល​ស្ថិត​ក្នុង​ផែនការ និង​គោលនយោបាយ​អភិវឌ្ឍន៍​ឧស្សាហកម្ម​របស់​រាជរ​ដ្ឋា
ភិ​បាល​។

រយៈពេល​ចុង​ក្រោយ​នេះ ដោយសារ​កំណើន​វិនិយោគិន​បរទេស ពិសេស​វិនិយោគិន​ចិន បាន​ចូល​មក​បណ្ដាក់ទុន​វិនិយោគ​កាន់តែ​កើនឡើង ធ្វើ​ឲ្យ​ក្រុង​មួយ​នេះ​កំពុង​ខ្វះខាត​ទាំង​អគារ​ធ្វើការ និង​កន្លែង​ស្នាក់ ព្រមទាំង​ធនធានមនុស្ស​ដើម្បី​បម្រើ​ការ ដែល​ជា​ឱកាស​មាស​សម្រាប់​អ្នក​អភិវឌ្ឍន៍​វិស័យ​សំណង់ ។

ស្ថាបនិក​ក្រុមហ៊ុន Star Plus Four លោក សួង សុខ​ហ៊ា​ង បាន​ឲ្យ​ដឹង​នា​ព្រឹក​ថ្ងៃ​ទី​២៨ ធ្នូ កន្លង​មក​ថា បច្ចុប្បន្ន​ក្រុង​ប៉ោយ​ប៉ែ​ត កំពុង​ជួប​កង្វះខាត​ទាំង​ធនធានមនុស្ស ទាំង​ការិយាល័យ​ធ្វើការ និង​កន្លែង​ស្នាក់​នៅ ដោយសារ​លំហូរ​ចូល​អ្នក​វិនិយោគ​ចិន ជប៉ុន និង​ជនជាតិ​ដទៃ​ទៀត​កើនឡើង​យ៉ាង​គំហុក ហើយ​លោក​សំណូមពរ​ឲ្យ​អ្នក​វិនិយោគ​នៅ​រាជធានី​ភ្នំពេញ ទៅ​វិនិយោគ​នៅ​ក្រុង​ប៉ោយ​ប៉ែ​ត​ឲ្យ​បាន​ច្រើន ដើម្បី​បំពេញតម្រូវការ​សេវាកម្ម​ការិយាល័យ សេវាកម្ម​ស្នាក់​នៅ​ដែល​កំពុង​ខ្វះខាត​នេះ ។

លោក​បន្ត​ថា ៖« ការ​វិនិយោគ​នៅ​ក្រុង​ប៉ោយ​ប៉ែ​ត​នា​ពេល​នេះ នឹង​ធ្វើ​ឲ្យ​អ្នក​វិនិយោគ​ទទួល​បាន​ផល​ចំណេញ​ច្រើន ដោយសារ​ការ​ផ្គត់ផ្គង់ មិន​ទាន់​ឆ្លើយ​តប​តម្រូវការ​នៅឡើយ »​។ លោក​បាន​បន្ថែម​ថា ៖« បច្ចុប្បន្ន​ក្រុង​ប៉ោយ​ប៉ែ​ត​មាន​ប្រជាជន​រស់នៅ​ជាង​២០​ម៉ឺន​នាក់ ក្នុង​នោះ​ជាង​៥​ម៉ឺន​នាក់​ជា​ជនបរទេស »​។

អភិបាលក្រុង​ប៉ោយ​ប៉ែ​ត លោក សាន ស៊ា​ង​ហូរ បាន​មាន​ប្រសាសន៍​ថា ទីក្រុង​ប៉ោយ​ប៉ែ​ត​មានការ​អភិវឌ្ឍ​លឿន ដោយសារ​កំណើន​នៃ​អ្នក​វិនិយោគ​អន្តរជាតិ ហើយ​បច្ចុប្បន្ន​ទីក្រុង​នេះ​មាន​មនុស្ស​រស់នៅ​កាន់តែ​ច្រើន និង​មាន​កំណើន​ជា​ប្រចាំ ហេតុនេះ​ហើយ ទើប​ទីក្រុង​នេះ​កំពុង​ប្រឈម​កង្វះ​ការិយាល័យ​ធ្វើការ ខ្វះ​បន្ទប់​ស្នាក់​នៅ ។ ដូច្នេះ ការ​វិនិយោគ​លើ​សេវាកម្ម​ទាំង​អស់នេះ ពិត​មាន​សារសំខាន់​ណាស់ ដើម្បី​បំពេញតម្រូវការ​ជាក់ស្តែង​នៅ​មូលដ្ឋាន ហើយ​ការ​ជា​ឱកាស​ទទួល​បាន​ប្រាក់​ចំណេញ​ពី​ការ​វិនិយោគ​នេះ​ផង​ដែរ ។
លោក​បន្ត​ថា ជាមួយនឹង​ល្បឿន​នៃ​ការ​អភិវឌ្ឍ​នេះ បច្ចុប្បន្ន​ក្រុង​ប៉ោយ​ប៉ែ​ត​មានការ​ផ្លាស់​ប្តូរ​មុខមាត់​យ៉ាង​លឿន ដោយ​បច្ចុប្បន្ន​អគារ​កម្ពស់​ចាប់ពី​៥​ជាន់ ដល់​៣០​ជាន់​មាន​ប្រមាណ​៦០​អគារ​ហើយ ។ ចំណែក​តម្លៃ​ដីធ្លី​នៅ​ក្រុង​នេះ ក៏​បាន​កើនឡើង​យ៉ាង​គំហុក​ដែរ ដោយសារ​កត្តា​សុខ​សន្តិភាព ស្ថិរភាព​នយោបាយ កំណើនសេដ្ឋកិច្ច ដែល​ធ្វើ​ឲ្យ​មាន​កំណើន​វិនិយោគិន​កាន់តែ​ច្រើន ។

បច្ចុប្បន្ន ក្រុង​ប៉ោយ​ប៉ែ​ត​មាន​ប្រជាជន​រស់នៅ​ជាង​២០​ម៉ឺន​នាក់ ក្នុង​នោះ​មាន​ជនបរទេស ប្រមាណ​៥​ម៉ឺន​នាក់ ដែល​ភាគច្រើន​ជា​វិនិយោគិន​ចិន ជប៉ុន និង​ម៉ា​ឡេ​ស៊ី ដែល​បាន​ចូល​ទៅ​កាន់​ទីក្រុង​នេះ​ច្រើន និង​ធ្វើ​ឲ្យ​តម្លៃ​ដីធ្លី និង​អចលនទ្រព្យ​ក្នុង​ទីក្រុង​នេះ កើនឡើង​យ៉ាង​គំហុក​ក្នុង​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ ។
លោក សួង សុខ​ហ៊ា​ង បាន​បញ្ជាក់​កន្លង​មក​ថា នៅ​ឆ្នាំ​នេះ តម្លៃ​ជួល​លំនៅ​ឋាន និង​អគារ​ការិយាល័យ​បាន​កើនឡើង​ខ្ពស់​ខុស​ពី​ឆ្នាំ​មុន​ៗ ដោយ​ផ្ទះល្វែង​កាលពីមុន អាច​ជួល​បាន​១៥០​ដុល្លារ ប៉ុន្ដែ​បច្ចុប្បន្ន​តម្លៃ​ជួល​បាន​កើនឡើង​ដល់​ចន្លោះ​ពី​៧០០​ទៅ​៨០០​ដុល្លារ​ក្នុង​១​ខែ សម្រាប់​តំបន់​សក្ដានុពល ។ ក្នុង​នោះ​ភាគច្រើន​ជួល​ដោយ វិនិយោគិន​ចិន ជប៉ុន កូរ៉េ និង​ម៉ា​ឡេ​ស៊ី ជាដើម ។

ក្រុង​ប៉ោយ​ប៉ែ​ត ក៏​ជា​តំបន់​សក្ដានុពល​សេដ្ឋកិច្ច​ដ៏​សំខាន់​មួយ​របស់​កម្ពុជា ពិសេស​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយ​ប៉ែ​ត ដែល​ជា​ច្រក​នាំ​ចេញ​នាំ​ចូល​ទំនិញ​ដ៏​សំខាន់​របស់​កម្ពុជា ព្រមទាំង​មាន​តំបន់​សេដ្ឋកិច្ច​ពិសេស​ជា​ច្រើន​ទៀត​ដូច​ជា តំបន់​សេដ្ឋកិច្ច​ពិសេស ប៉ោយ​ប៉ែ​ត​-​អូរ​នាង ( POSEZ – Poipet Oneang Special Economic Zone) , តំបន់​សេដ្ឋកិច្ច​ពិសេស សាន​កូ (Sanco Poipet Special Economic Zone) និង​តំបន់​សេដ្ឋកិច្ច​ពិសេស​មួយទៀត​ដែល​ជា​បុត្រ​សម្ព័ន្ធ​របស់​ក្រុមហ៊ុន​សេដ្ឋកិច្ច​ពិសេស​ភ្នំពេញ (PPSEZ) ។

បច្ចុប្បន្ន ក្រុង​នេះ​ត្រូវ​បាន​រាជរដ្ឋាភិបាល​ដាក់​បញ្ចូល​ជា​តំបន់ឧស្សាហកម្ម ក្នុង​គោលនយោបាយ​អភិវឌ្ឍន៍​វិស័យ​ឧស្សាហកម្ម​ឆ្នាំ​២០១៥-២០២៥ ដែល​គោលនយោបាយ​នេះ​បាន​ប្រកាស​ដាក់​ឲ្យ​ប្រើប្រាស់​កាលពី​ខែតុលា ឆ្នាំ​២០១៥​កន្លង​មក ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ