រាជធានីភ្នំពេញ ៖ ប្រជាពលរដ្ឋបានតវ៉ាចំពោះការចុះរុះរើសំណង់រោងធ្វើពីស័ង្កសីពីសំណាក់អាជ្ញាធរខណ្ឌជ្រោយចង្វារ កាលពីដើមសប្តាហ៍កន្លងទៅ អាជ្ញាធរខណ្ឌជ្រោយចង្វារដឹកនាំ ដោយលោកអភិបាលខណ្ឌមួយរូប និងកម្លាំងសណ្តាប់ធ្នាប់ជាច្រើនរូប បានចុះទៅរុះរើសំណង់រោងធ្វើពីស័ង្កសី ដែលមានទីតាំងភូមិខ្ទរ សង្កាត់ព្រែកលាប ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ។
បើតាមការជូនដំណឹងរបស់សាលាខណ្ឌជ្រោយចង្វារដែលហត្ថលេខារបស់លោក ឃ្លាំង ហួត ដែលជាអភិបាលខណ្ឌបានបញ្ជាក់ថា លោក នង ម៉ាត់ និងភរិយា លោកស្រី ទុយ សារុណ បានសាងសង់រោងធ្វើពីស័ង្កីលើដីព្រែក និងដីសាធារណៈរបស់រដ្ឋ និងបានសាងសង់រំលោភលើដីកម្មសិទ្ធិរបស់លោក ខូវ គឹមបាក់ ដែលជាឧកញ៉ា ល្បី ឈ្មោះ ។
ដូច្នេះដើម្បីរក្សារបាននូវសុវត្ថិភាពសន្តិសុខ សណ្តាប់ធ្នាប់ របៀបរាបរយនៅក្នុងមូលដ្ឋានរដ្ឋបាលខណ្ឌក៏ធ្លាប់បានជូនដំណឹងទៅលោក នង ម៉ាត់ និងភរិយាជាច្រើនដងរួចមកហើយ ដើម្បីអោយរុះរើចេញ ប៉ុន្តែភាគីប្រជាពលរដ្ឋមិនព្រមរុះរើចេញតាមការជូនដំណឹងទើបអាជ្ញាធរចុះអនុវត្តរុះរើដោយខ្លួនឯងបែបនេះ ។
ប៉ុន្តែបើតាមតំណាងក្រុមគ្រួសារដែលអះអាងជា គ្រួសាររងគ្រោះដែលត្រូវបានអាជ្ញាធរខណ្ឌ ជ្រោយចង្វារបានយកគ្រឿងចាក់ទៅកម្ទេចសំណង់របស់ពួកគាត់បានអះអាងថា ការដែលពួកគាត់សាងសង់រោងធ្វើពីស័ង្កសីសម្រាប់រស់នៅទីនេះ ដោយសារតែពួកគាត់ជាម្ចាស់ដីនៅទី នេះតាំងពីឆ្នាំ១៩៨៩ មកម្ល៉េះ ដែលកាលណោះគ្រួសាររបស់គាត់មកតាំងទីលំនៅធ្វើស្រែកចម្ការនៅតំបន់នេះ ប៉ុន្តែកាលណោះមិនទាន់មានលិខិតកាន់កាប់ដូចបច្ចុប្បន្ននោះទេ ។
តំណាងប្រជាពលរដ្ឋ លោកស្រី ទុយ សារុណបានបញ្ជាក់ថា កាលពីខែកុម្ភៈ ឆ្នាំ២០១៧ មានជនសង្ស័យឈ្មោះ ទ្រី គឹមស្រៀង បានលួចយកដីរបស់គាត់ ទៅលក់ទៅឈ្មោះ ខូវ គឹមបាក់ដែលជាម្ចាស់បុរី ភ្នំពេញផាក ដោយគ្មានការអនុញ្ញាតដឹងលឺ ពីគាត់ជាម្ចាស់ដីនោះទេ ។ ចំពោះករណីលួចដីយកទៅលក់បន្តនេះក៏ត្រូវបានប្តឹងផ្តល់គ្នាដល់តុលាការ និងស្នើរសុំយុត្តិធម៌ពីសំណាក់ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងដែនដីនគរូបនីយកម្ម និងសំណង់ និងជាប្រធានគណៈកម្មាធិការដោះស្រាយទំនាស់ដីធ្លីទូទាំងប្រទេសផងដែរ ។
នៅអំឡុងពេលដែល អាជ្ញាធរខណ្ឌចុះទៅរុះរើដីដែលមានទំហំ៥០ម៉ែត្រគុណនឹង១០៥នេះ កំពុងតែស្ថិតនៅដំណាក់កាលដែលមានដីការក្សាការពាររួមនឹងមានចំណារពីសំណាក់ឯកឧត្តម ជាសុផារ៉ា បញ្ជាអោយក្រុមការងារអធិការកិច្ចចុះទៅពិនិត្យស្រាវជ្រាវនៅឡើយ ប៉ុន្តែអាជ្ញាធរខណ្ឌមិនបានគោរពតាមការណែនាំនោះទេ ដោយខាងអាជ្ញាធរសំអាងលើលិខិតលេខ២៩៣៦ ដែល ចេញតាំងពីឆ្នាំ២០១៧ ប៉ុន្តែក្រោយលិខិតនេះ គឺខាងភាគីម្ចាស់ដីបានដាក់លិខិតសុំអន្តរាគមពីខុទ្ធកាល័យសម្តេចតេជោ ដែលមានឯកឧត្តម ហូសិទ្ធី ដើម្បីសុំយុត្តិធម៌ផងដែរ ។
តំណាងគ្រួសាររងគ្រោះនៅតែអំពាវនាវ និងសំណូមពរដោយថ្នាក់ដឹកនាំដែលមានឯកឧត្តម ជា សុផារ៉ា ជាប្រធានគណៈកម្មាធិការដោះស្រាយទំនាស់ដីធ្លី ដើម្បីផ្តល់យុត្តិធម៌ដល់គ្រួសាររបស់គាត់៕
ចែករំលែកព័តមាននេះ