ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រធាន​ ADB​ ថ្មី​អះអាង​ថា ​សេដ្ឋកិច្ច​កម្ពុជា​នឹង​បន្ដ​រីក​ចម្រើន​រយៈពេល​វែង

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ប្រធាន​ធនាគារអភិវឌ្ឍន៍អាស៊ី​(ADB)​ថ្មី ប្រចាំ​កម្ពុជា បាន​អះអាង​ថា សេដ្ឋកិច្ច​កម្ពុជា​នឹង​បន្ត​សម្រេច​កំណើន​រយៈពេល​វែង​បន្ដ​ទៀត ខណៈ​ធនាគារ​នេះ​កំពុង​គាំទ្រ​កម្ពុជា​ដើម្បី​សម្រេច​គោល​ដៅ​ឆ្នាំ​២០៥០ ក្លាយជា​ប្រទេស​មាន​ប្រាក់​ចំណូល​កម្រិត​ខ្ពស់ ។ ក្នុង​ជំនួប​ជាមួយ​លោក​ឧបនាយករដ្ឋមន្ត្រី…

រាជធានី​ភ្នំពេញ ៖ ប្រធាន​ធនាគារអភិវឌ្ឍន៍អាស៊ី​(ADB)​ថ្មី ប្រចាំ​កម្ពុជា បាន​អះអាង​ថា សេដ្ឋកិច្ច​កម្ពុជា​នឹង​បន្ត​សម្រេច​កំណើន​រយៈពេល​វែង​បន្ដ​ទៀត ខណៈ​ធនាគារ​នេះ​កំពុង​គាំទ្រ​កម្ពុជា​ដើម្បី​សម្រេច​គោល​ដៅ​ឆ្នាំ​២០៥០ ក្លាយជា​ប្រទេស​មាន​ប្រាក់​ចំណូល​កម្រិត​ខ្ពស់ ។

ក្នុង​ជំនួប​ជាមួយ​លោក​ឧបនាយករដ្ឋមន្ត្រី គាត ឈ​ន់ ប្រធានកិត្តិយស​ឧត្តម​ក្រុមប្រឹក្សា​សេដ្ឋកិច្ចជាតិ នា​ព្រឹក​ថ្ងៃ​ទី​២៧ វិច្ឆិកា ម្សិលមិញ លោក​ជំទាវ Sunniya Durrani-Jamal នាយិកា​ធនាគារអភិវឌ្ឍន៍អាស៊ី​ប្រចាំ​កម្ពុជា បាន​ថ្លែង​ថា ធនាគារ​នេះ​បាន​និង​កំពុង​ធ្វើ​កិច្ច​សហប្រតិបត្តិការ និង​កំពុង​ចូលរួម​ជួយ​កម្ពុជា ដើម្បី​ធ្វើ​ឲ្យ​សម្រេច​ចក្ខុវិស័យ​កម្ពុជា​ដើម្បី​ក្លាយជា​ប្រទេស​មាន​ប្រាក់​ចំណូល​កម្រិត​ខ្ពស់​នៅ​ឆ្នាំ​២០៥០ ក្នុង​ទិស​ដៅ​ជំរុញ​អភិវឌ្ឍន៍​កម្ពុជា​ឲ្យ​ទទួល​បានកា​រីក​ចម្រើន​យ៉ាង​ឆាប់រហ័ស ។

លោក​ជំទាវ​បាន​បន្ត​ថា ៖« សេដ្ឋកិច្ច​កម្ពុជា​ត្រូវ​បាន​រំពឹង​ថា នឹង​រក្សា​កំណើន​រយៈពេល​វែង​ប្រកបដោយ​ចីរ​ភាព​ក្នុង​រង្វង់​៧​ភាគរយ​ក្នុង​មួយ​ឆ្នាំ​ៗ និង​បាន​កាត់​បន្ថយ​ភាព​ក្រីក្រ​បាន​លើស​១​ភាគរយ​ក្នុង​មួយ​ឆ្នាំ​ផង​ដែរ »​។

លោក​ឧបនាយករដ្ឋមន្ត្រី គាត ឈ​ន់ បាន​អបអរសាទរ​ចំពោះ​លោក​ជំទាវ Sunniya Durrani Jamal ដែល​ទទួល​បាន​ភារកិច្ច​ថ្មី ជា​នាយិកា​ស្ថាន​តំណាង​ធនាគារអភិវឌ្ឍន៍អាស៊ី​ប្រចាំ​កម្ពុជា និង​បាន​ជូនពរ​ឱ្យ​លោក​ជំទាវ​ទទួល​បាន​ជោគជ័យ​ក្នុង​បេសកកម្ម​របស់​លោក​ជំទាវ​នៅ​កម្ពុជា ហើយ​ការ​ជោគជ័យ​នេះ​គឺជា​ជោគជ័យ​របស់​យើង​ទាំងអស់​គ្នា ជា​ពិសេស​ការ​ចូលរួម​អភិវឌ្ឍន៍​ជាមួយ​ប្រទេស​កម្ពុជា ដែល​បច្ចុប្បន្ន​ជា​ប្រទេស​មាន​ចំណូល​មធ្យម​កម្រិត​ទាប និង​មាន​ចក្ខុវិស័យ​ប្រែក្លាយ​ខ្លួន​ទៅ​ជា​ប្រទេស​មាន​ចំណូល​ខ្ពស់​នៅ​ឆ្នាំ​២០៥០ ក្នុង​នោះ​កម្ពុជា​បាន​កំពុង​ដាក់​ចេញ​នូវ​គោលនយោបាយ​អភិវឌ្ឍន៍​វិស័យ​ឧស្សាហកម្ម​កម្ពុជា​ឆ្នាំ​២០១៥-២០២៥​ផង​ដែរ ។

ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​មកនេះ ធនាគារ​ADB បាន​ផ្តល់​ហិរញ្ញប្បទាន​សហប្រតិបត្តិការ សរុប​ចំនួន​ប្រមាណ​២.៧៥០​លាន​ដុល្លារ​អា​មេ​រិ​ក សម្រាប់​កម្មវិធី និង​គម្រោង​អភិវឌ្ឍន៍ ព្រមទាំង​ជំនួយ​បច្ចេកទេស សម្រាប់​កសាង​សមត្ថភាព​ស្ថាប័ន​រាជរដ្ឋាភិបាល ដែល​ក្នុង​នោះ​ឥណទាន​សម្បទាន មាន​ទឹកប្រាក់​សរុប​ចំនួន​ប្រមាណ​២.២៩៩​លាន​ដុល្លារ​អា​មេ​រិ​ក សម្រាប់​អនុវត្ត​កម្មវិធី​គម្រោង​ចំនួន​៩៨ និង​ហិរញ្ញប្បទាន​ឥត​សំណង​មាន​ទឹកប្រាក់​សរុប​ចំនួន​ប្រមាណ​៤៥៥​លាន​ដុល្លារ​អា​មេ​រិ​ក សម្រាប់​អនុវត្ត​កម្មវិធី​គម្រោង​ចំនួន​៤៩ និង​បាន​បង្ហាញ​ពី​ការ​ប្តេជ្ញា បន្ត​ពង្រឹង​ភាព​ជា​ដៃគូ​ដ៏​រឹង​មាំ​របស់​ADB ជាមួយ​រាជរដ្ឋាភិបាល​កម្ពុជា ។

យោង​តាម​ការ​វាយតម្លៃ​ពី​ស្ថានភាព​ម៉ាក្រូសេដ្ឋកិច្ច​របស់​កម្ពុជា ក្នុង​ឆ្នាំ​២០១៨​នេះ កម្ពុជា​នឹង​សម្រេច​បាន​កំណើនសេដ្ឋកិច្ច​ខ្ពស់​លើស​ការ​គ្រោងទុក គឺ​ក្នុង​រង្វង់​អត្រា​៧,២% ក្នុង​នោះ​ចំណូល​ជា​មធ្យម​របស់​ប្រជា​ជន​ម្នាក់​ៗ នឹង​កើនឡើង​ស្ទើរតែ​ស្មើ​ដល់​១.៥០០​ដុល្លារ​អា​មេ​រិ​ក ជាមួយ​អត្រា​អតិផរណា​ទាប​ប្រមាណ​៣%​ក្នុង​មួយ​ឆ្នាំ គឺ​ស្រប​ពេល​ដែល​សមតុល្យ​ពាណិជ្ជកម្ម​មាន​ភាពរឹងមាំ និង​ស្ថានភាព​ហិរញ្ញវត្ថុ​ល្អ​ប្រសើរ។

ចំណែក​ការ​វិនិយោគ​ផ្ទាល់​ពី​បរទេស ក៏​សង្កេត​ឃើញ​បន្ត​កើនឡើង ស្រប​ពេល​ដែល​កម្ពុជា​រក្សា​បាន​នូវ​ស្ថានភាព​បំណុល​ល្អ​ប្រសើរ និង​ស្ថានភាព​ហិរញ្ញវត្ថុ​សាធារណៈ​រឹង​មាំ​ប្រកបដោយ​ការ​ប្រុង​ប្រយ័ត្ន​ខ្ពស់ ដោយ​ផ្តោត​សំខាន់​លើ​ការ​អភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ​រូប​វ័​ន្ត និង​បង្កើន​ចំណាយ​លើ​សេវា​សង្គម​សំខាន់​ៗ​ដូច​ជា សុខាភិបាល និង​អប់រំ​ជាដើម ។

ទោះជា​យ៉ាងនេះ​ក្ដី សេដ្ឋកិច្ច​កម្ពុជា​ក៏​នឹង​ប្រឈម​ផង​ដែរ​ទៅ​នឹង​ហានិភ័យ​នៃ​កត្តា​ខាងក្រៅ​មួយ​ចំនួន ខណៈ​ដែល​បញ្ហា​ប្រឈម​ក្នុងស្រុក​កំពុង​បន្ត​ដោះស្រាយ ដើម្បី​ជំរុញ​ភាព​ប្រកួតប្រជែង​របស់​កម្ពុជា និង​ជំរុញ​ល្បឿន​នៃ​ការ​ធ្វើ​ពិពិធ​កម្ម​សេដ្ឋកិច្ច​ឱ្យ​កាន់តែ​ឆាប់រហ័ស ។

ទន្ទឹម​នឹង​បញ្ហា​ប្រឈម​នេះ កម្ពុជា​ប្ដេជ្ញា​បន្ត​រក្សា​បាន​នូវ​កំណើនសេដ្ឋកិច្ច​ខ្ពស់​ប្រកបដោយ​ចីរភាព សំដៅ​សម្រេច​ឲ្យ​បាន​នូវ​គោលដៅ​ក្នុង​ការ​ប្រែក្លាយ​កម្ពុជា​ឱ្យទៅ​ជា​ប្រទេស​ចំណូល​មធ្យម​កម្រិត​ខ្ពស់​ក្នុង​ឆ្នាំ​២០៣០ និង​ប្រទេស​ចំណូល​ខ្ពស់​ក្នុង​ឆ្នាំ​២០៥០ ។ ក្នុង​នោះ រាជរដ្ឋាភិបាល​កម្ពុជា នីតិកាល​ទី​៦​នៃ​រដ្ឋ​សភា បាន​រៀបចំ និង​ដាក់​ចេញ​នូវ​ឯកសារ​គោលនយោបាយ​យុទ្ធសាស្ត្រ​ចតុកោណ​ដំណាក់កាល​ទី​៤ ដែល​មិន​ត្រឹមតែ​សម្រាប់​ដោះស្រាយ​នូវ​បញ្ហា​ប្រឈម​ខាងលើ​នោះ​ទេ គឺ​ថែម​ទាំង​ត្រៀមខ្លួន​សម្រាប់​បដិ​វត្តន៍​ឧស្សាហកម្ម​ជំនាន់​ទី​៤ និង​សេដ្ឋកិច្ច​ឌី​ជី​ថ​ល ដែល​ជា​និន្នាការ​ថ្មី​នៃ​សេដ្ឋកិច្ច​សកលលោក​ផង​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ