រាជធានីភ្នំពេញ ៖ អ្នករាយការណ៍ពិសេសស្តីពីសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ(អ.ស.ប)ប្រចាំ
នៅកម្ពុជា លោកស្រី រ៉ូណា ស្មីត មិន បានលើកពីបញ្ហានយោបាយ និងករណីលោក កឹម សុខា ដែលកំពុងជាប់ពន្ធនាគារនោះទេ ។
នេះបើតាមអ្នកនាំពាក្យក្រសួងយុត្តិធម៌ លោក ជិន ម៉ាលីន។ លោក ជិន ម៉ាលីន បានឲ្យដឹងថា ក្នុងជំនួបពិភាក្សារវាង លោកស្រី រ៉ូណា ស្មីត ជាមួយលោក ជីវ សុងហាក់ រដ្ឋលេខាធិការក្រសួងយុត្តិធម៌ នាព្រឹកថ្ងៃទី៦ ខែវិច្ឆិកា នៅទីស្តីការក្រសួង លោកស្រី រ៉ូណាស្មីត មិនបានលើកឡើងពីបញ្ហានយោបាយ និងការជាប់ឃុំរបស់ក្រុមប្រឆាំង ពិសេសនោះករណីលោក កឹម សុខា ទេ គឺលើកពីករណីដែលអ្នកជាប់ពន្ធនាគារមានចំនួនច្រើន ហើយឲ្យក្រសួងរកវិធានការដោះស្រាយតែប៉ុណ្ណោះ ។
អ្នកនាំពាក្យក្រសួងយុត្តិធម៌បានលើកឡើងថា ក្នុងជំនួបបានលើកឡើងពីបច្ចេកទេសផ្លូវច្បាប់តែប៉ុណ្ណោះ ក្នុងការដោះស្រាយបញ្ហាអ្នកជាប់ពន្ធនាគារដែលមានចំនួនច្រើន ធ្វើឲ្យកកស្ទះនៅក្នុងពន្ធនាគារនាពេលបច្ចុប្បន្ន ។លោកបញ្ជាក់ថា «គាត់រីករាយនឹងជួយលើបញ្ហាបច្ចេកទេស ហើយគាត់ក៏បានលើកឡើង ពីកង្វល់ពាក់ព័ន្ធនឹងការកកស្ទះចំនួនអ្នកទោសនៅពន្ធនាគារ ការទទួលបានសេវាយុត្តិធម៌ពីជនគ្រប់រូបនៅកម្ពុជា វិធានភ័ស្តុតាងរបស់ចៅក្រមក្នុងការកាត់សេចក្តីជាដើម» ។
លោក ជិន ម៉ាលីន ថ្លែងថា ក្នុងជំនួបនេះ ភាគីក្រសួងក៏បានលើកឡើងពីការវិវត្តនៃ ទម្រង់នីមួយៗ ហើយត្រូវបានលោកស្រី រ៉ូណាស្មីត រីករាយនិងស្វាគមន៍ និងស្នើឲ្យក្រសួងដោះស្រាយកង្វល់មួយចំនួននោះផងដែរ ។ លោកថា ក្រសួងបានស្វាគមន៍ក្នុងការដោះស្រាយបញ្ហាកង្វល់ទាំងនោះ ។លោក ជិន ម៉ាលីន បញ្ជាក់ថា «បញ្ហាដែលគាត់លើកឡើងនោះក៏ជាបញ្ហាដែលយើងកំពុងតែដោះស្រាយ ។
យើងពិភាក្សាគ្នានេះ គឺធ្វើយ៉ាងណាឲ្យអនុម័តនូវបញ្ញត្តិច្បាប់ដែលមានចែងដូចជា ការអនុវត្តទោសសហគមន៍ ប៉ុន្តែយើងមិនទាន់អនុវត្តបាន ព្រោះថាប្រជាពលរដ្ឋមិនទាន់បានយល់នោះទេ ។ ប្រសិនបើយើងអនុវត្តទៅនឹងទទួលបានភាពបរាជ័យ ហើយបង្កើតជាបញ្ហានៅក្នុងសង្គមទៅវិញទេ ។ អុីចឹងក្នុងជំនួបបានពិភាក្សាវិធានការនៃយន្តការដែលកម្ពុជាមានស្រាប់ហើយមិនទាន់អនុវត្ត» ។
បើតាមការអះអាងរបស់អ្នកនាំពាក្យដដែលបានឲ្យដឹងថា ក្នុងជំនួបនោះលោកស្រី រ៉ូណាស្មីត មិនបានលើកពីក្តីកង្វល់របស់អតីតគណបក្សសង្គ្រោះជាតិ និងការជាប់ពន្ធនាគាររបស់អតីតប្រធានគណបក្សសង្គ្រោះជាតិ លោក កឹម សុខា នោះទេ ។ លោកបញ្ជាក់ថា៖ «គាត់មិនបានលើកឡើងករណីហ្នឹងទេ ដូច្នេះយើងមិនចាំបាច់អ្វីទៅពន្យល់រឿងហ្នឹងទៅប្រាប់គាត់ទេ ។
គាត់មិនបានលើកពីបញ្ហាសិទ្ធិមនុស្សជាទូទៅទេ គាត់ផ្តោតលើកឡើងតែពាក់ព័ន្ធនឹងការកែលម្អប្រព័ន្ធយុត្តិធម៌នៅកម្ពុជា ដើម្បីលើកកម្កើង និងការធានាឲ្យទទួលបានការការពារដោយយុត្តិធម៌» ។ បើតាមអ្នកនាំពាក្យក្រសួងយុត្តិធម៌បានឲ្យដឹងថា លោកស្រី រ៉ូណា ស្មីត បានចូលជួបពិភាក្សាជាមួយលោករដ្ឋមន្ត្រីក្រសួងយុត្តិធម៌សម្រាប់អាណត្តិជាអ្នករាយការណ៍ពិសេសរបស់អ.ស.ប ទទួលបន្ទុកសិទ្ធិមនុស្សនៅកម្ពុជា ចំនួន៦លើកហើយគិតជាទាំងលើកនេះ ៕
ចែករំលែកព័តមាននេះ