ខេត្តបន្ទាយមានជ័យ ៖ អ្នកបើកបររថយន្តឲ្យក្រុមខ្មូតស៊ីដីភ្នំលៀប ស្ថិតក្នុងឃុំភ្នំលៀប ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ បានធ្លាក់រថយន្តដឹកដី១គ្រឿងពីលើភ្នំបណ្តាលឱ្យសង្កត់ស្លាប់ ខណៈដែលរថយន្ត នោះបានបើកឡើងលើភ្នំដើម្បីឈប់រង់ចាំអេស្កាកាយដីដាក់លើរថយន្ត។ ហេតុការណ៍កើតឡើងកាលពីថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០១៨ ស្ថិតនៅភូមិទ្រយោង ឃុំភ្នំលៀប ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ។ ការធ្វើអាជីវកម្មដីភ្នំលៀប ខាងលើ តាមសេចក្តីរាយការណ៍ពីសមត្ថកិច្ចមូដ្ឋានប្រាប់ថា៖ ក្រុមហ៊ុនធ្វើអាជីវកម្មគ្មានច្បាប់ទម្លាប់ត្រឹមត្រូវនោះទេ ប៉ុន្តែអភិបាលស្រុកព្រះនេត្រព្រះ លោក ឃូ ពៅ ប្រាប់ថាបានសុំច្បាប់ មកដល់លោករួចហើយ។
បើតាមប្រភពព័ត៌មាន ពីសមត្ថកិច្ចមូលដ្ឋានប្រាប់ឱ្យដឹងទៀតថា៖ មុនពេលកើតហេតុគេឃើញរថយន្តបែនដឹកដីម៉ាកហ៊ីណូ១គ្រឿង ពាក់ស្លាកលេខ បាត់ដំបង ៣A-១១០៧ អ្នកបើកមានឈ្មោះ ឃិញ ស៊ី ភេទប្រុស អាយុ២២ឆ្នាំ រស់នៅភូមិឃុំកើតហេតុខាងលើដែលបានស៊ីឈ្នួល បើករថយន្តឱ្យថៅកែមានឈ្មោះ យឿន សំបូរ ភេទប្រុស អាយុ៣៣ឆ្នាំ រស់នៅភូមិ ភ្នំលៀប ឃុំភ្នំលៀប ស្រុកព្រះនេត្រព្រះ។ រថយន្តត្រូវបានបើកបរទៅដឹកដីលើចំរ៉ាក់ភ្នំ ចំណុចខាងលើក្នុងស្ថានភាពមាន ឧបសគ្គដោយការកាយដីភ្នំលក់នៅចំណុចនោះខ្វះបច្ចេកទេស និងការត្រួតពិនិត្យ ត្រឹមត្រូវពីសំណាក់មន្ត្រីមន្ទីរជំនាញពាក់ព័ន្ធនោះទេ។
លុះរថយន្តឡើងដល់គោលដៅដោយមិនពន្លត់ម៉ាស៊ីននោះទេ រងចាំដាក់ដីពីអេស្កា ដែលកំពុងកាយដីភ្នំនោះ ចំណែកអ្នកបើកបរចេញឈរលើដំបូលរថយន្តភ្លាមនោះ រថយន្តក៏រអិលធ្លាក់ពីចំរ៉ាក់ភ្នំក្នុងកម្ពស់ប្រហែល៧០ម៉ែត្រ ទាំងរថយន្ត និងតៃកុងចូលរណ្តៅដីមួយកន្លែង រថយន្តធ្លាក់សង្កត់តៃកុង បណ្តាលឱ្យស្លាប់ រីឯរថយន្តវិញរងការខូចខាតស្ទើរទាំងស្រុង។ សមត្ថិច្ចមូលដ្ឋានបាន បញ្ជាក់ឱ្យដឹងទៀតថា៖ ក្រោយពីកើតហេតុនោះភ្លាម គេឃើញអាជ្ញាធរដែនដី និងសមត្ថកិច្ច បានចុះទៅត្រួតពិនិត្យដល់ទីតាំងកើតហេតុ និងបានស្ទូចរថយន្ត រួមទាំងសាកសពជនរងគ្រោះ ដើម្បីចាត់ចែងធ្វើបុណ្យតាមប្រពៃណី។
សូមបញ្ជាក់ថា ភ្នំលៀបបានរងការជីកកកាយដីធ្វើអាជីវកម្មយកដី លក់យ៉ាងអាណាធិបតេយ្យពីសំណាក់ក្រុមខ្មូតជាឈ្មួញកាយដីភ្នំលក់ ជាយូរឆ្នាំមកហើយ បានបង្កប៉ះពាល់ដល់ការរស់នៅរបស់ប្រជាពលរដ្ឋចំនួន៣ភូមិ និងប៉ះពាល់រំខានដល់ការរៀន សូត្ររបស់សិស្សនៅក្នុងសាលាបឋមសិក្សាភ្នំលៀប ដីហ៊ុយ និងរំខានដោយសំឡេងរថយន្ត។ កន្លងមកមានប្រតិកម្មពីសិស្សនិងលោក គ្រូអ្នកគ្រូរួមនឹង ប្រជាពលរដ្ឋនៅតំបន់ខាងលើនេះផងដែរ ប៉ុន្តែប្រតិកម្មនោះមិនត្រូវបានដោះស្រាយឡើយ។
ជុំវិញនៃការធ្វើអាជីវកម្មដីភ្នំលៀប បង្កឱ្យមានធ្លាក់រថន្តស្លាប់មនុស្សខាងលើ អ្នកយកព័ត៌មានយើង នៅព្រឹកថ្ងៃទី៥ ខែវិច្ឆិកា បានព្យាយាមទំនាក់ទំនង ប្រធានមន្ទីររ៉ែ និងថាមពលខេត្តបន្ទាយមានជ័យ ឱ្យជួយបំភ្លឺនោះផងដែរ ប៉ុន្តែទូរស័ព្ទហៅចូលជាច្រើនលើកតែគ្មានអ្នកទទួល៕
ចែករំលែកព័តមាននេះ