ខេត្តបន្ទាយមានជ័យ ៖ ជនសង្ស័យ២នាក់ដែលធ្វើសកម្មភាពលួចម៉ូតូ៥លើកមកហើយទើបកម្លាំងកងរាជអាវុធហត្ថចាប់ខ្លួនបានបញ្ជូនទៅសាលាដំបូងខេត្តបន្ទាយមានជ័យចាត់ការតាមច្បាប់នៅថ្ងៃទី១ ខែវិច្ឆិកាឆ្នាំ២០១៨។
ជនសង្ស័យ២នាក់ខាងលើ ម្នាក់ឈ្មោះ ស៊ឹម សឿន ភេទប្រុស អាយុ៤២ឆ្នាំ និងម្នាក់ទៀតឈ្មោះ គឹម ឆាង ភេទប្រុស អាយុ៣៧ឆ្នាំ ។ ជនសង្ស័យទាំង២នាក់ស្នាក់នៅភូមិគីឡូម៉ែត្រលេខ៤ សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត។
ចំណែកជនរងគ្រោះទាំង២នាក់ ម្នាក់ឈ្មោះ រស្មី វុធម៉ានី ភេទប្រុស អាយុ៣០ឆ្នាំ និងម្នាក់ឈ្មោះ ទូច ពិន
កុសល្យ ភេទប្រុស អាយុ៣០ឆ្នាំ រស់នៅភូមិផ្សារកណ្តាល សង្កាត់ផ្សារកណ្តាលក្រុងប៉ោយប៉ែត ។
លោកវរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការកងរាជអាវុធហត្ថក្រុងប៉ោយប៉ែតបានប្រាប់ថា កម្លាំងកងរាជអាវុធហត្ថក្រុងប៉ោយប៉ែតបានទទួលពាក្យបណ្តឹងពីជនរងគ្រោះទាំង២នាក់ខាងលើបានប្តឹងជនសង្ស័យ២នាក់ដែលម្នាក់ជាអ្នកធ្វើសកម្មភាពលួចម៉ូតូ១គ្រឿង និងម្នាក់ទៀតជាអ្នកទទួលទិញផលចោរកម្ម ដែលប្រព្រឹត្តកាលពីថ្ងៃទី២៤ ខែតុលា ឆ្នាំ២០១៨ នៅភូមិក្បាលស្ពានពីរ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត។
លោកបានបញ្ជាក់ថា កម្លាំងជំនាញក្រោយពេលទទួលពាក្យបណ្តឹងបានធ្វើការស្រាវជ្រាវនិងកំណត់មុខសញ្ញាឃាត់ខ្លួនសង្ស័យ២នាក់ ក្នុងនោះជនសង្ស័យម្នាក់ជាអ្នកធ្វើសកម្មភាពលួចម៉ូតូ រីឯម្នាក់ទៀតជាអ្នកទទួលទិញផលចោកម្ម ព្រមទាំងដកហូតម៉ូតូ១គ្រឿង កាលពីថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៨ នៅភូមិក្បាលស្ពានពីរ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត។
លោកវរសេនីយ៍ឯក ម៉ែន ភិរម្យ មេបញ្ជាការរងកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យបានបញ្ជាក់ថា ក្រោយពេលដែលកម្លាំងកងរាជអាវុធហត្ថក្រុងប៉ោយប៉ែតឃាត់ខ្លួនជនសង្ស័យ២នាក់តាមពាក្យបណ្តឹងដែលចោទប្រកាន់ម្នាក់ពីបទធ្វើសកម្មភាពលួចម៉ូតូនិងម្នាក់ទៀតទទួលទិញផលចោរកម្មដោយយោងតាមចម្លើយសារភាពគឺជនសង្ស័យបានធ្វើសកម្មភាពលួចម៉ូតូបាន៥គ្រឿងហើយត្រូវបានកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តដើម្បីចាត់ការតាមច្បាប់៕
ចែករំលែកព័តមាននេះ