រាជធានីភ្នំពេញ ៖ ក្រសួងដែនដីបានបង្ហាញរបាយការណ៍ឲ្យដឹងថា ក្នុងរយៈពេល៩ខែ ឆ្នាំ២០១៨ នេះ កម្ពុជាមានគម្រោងសាងសង់ជាង២៥៤០គម្រោងជាមួយនឹងទុនវិនិយោគជាង៤៨២០លានដុល្លារ ដែលបានចូលរួមជំរុញកំណើនសេដ្ឋកិច្ចជាតិយ៉ាងសំខាន់ ។
លោកបណ្ឌិត ឡៅ ទិព្ធសីហា អនុរដ្ឋលេខាធិការក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់មានប្រសាសន៍ឲ្យដឹងថា ក្នុងគម្រោងសាងសង់ជាង២៥៤០គម្រោងនេះ រាជធានីភ្នំពេញ ទទួលបានគម្រោងវិនិយោគច្រើនជាងគេ បន្ទាប់មកគឺខេត្តព្រះសីហនុ និងខេត្តសៀមរាប ។ លោកបានបញ្ជាក់ថា គម្រោងវិនិយោគមកពីបរទេសមានចំនួន៣៣ គម្រោង និងមានទុនវិនិយោគជាង៤៨៤លានដុល្លារអាមេរិក មកពីប្រទេសជាង១០ ក្នុងនោះប្រទេសចិន ឈរលេខរៀងទី១ ។
ការរីកចម្រើនលើកវិស័យសំណង់នេះ គឺមានសក្កានុពលខ្លាំងនៅរាជធានីភ្នំពេញតែម្តង ចំណែកឯការអភិវឌ្ឍនក៏ខុសពីបណ្តាខណ្ឌទាំង១២ផងដែរ សម្រាប់ខណ្ឌដែលនៅកណ្តាលក្រុងលើកវិស័យអចនទ្រព្យ គឺអភិវឌ្ឍនអាចសង់អាគារបានច្រើនជាន់ ជាងខណ្ឌនៅជាយក្រុង ។ លោកបញ្ជាក់ថា ការរីកចម្រើននៃវិស័យសំណង់នេះបានបង្ហាញពីស្ថេរភាពនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជាបានបង្កលក្ខណៈសម្បត្តិគ្រប់បែបយ៉ាង ដល់វិនិយោគិនទាំងក្នុងស្រុក និងក្រៅប្រទេសបានសម្រេចបោះទុននិយោគធ្វើឲ្យកម្ពុជាមានសន្ទុះនៃការអភិវឌ្ឍខ្លាំង លើវិស័យសំណង់ ខណៈបច្ចុប្បន្ននៅទូទាំងប្រទេសកម្ពុជាមានអគារខ្ពស់ៗរហូតដល់ជាង១០៦០អគារ ។
លោកបន្តថា តាមរយៈវិស័យសំណង់នេះ គឺបានជួយបង្កើតការងារច្រើនមុខ ហើយបានទាក់ទាញវិស័យឯកជនក្នុងក្រៅស្រុក ដើម្បីបោះទុនវិនិយោគលើវិស័យអចលនទ្រព្យ និងដីធ្លីនៅកម្ពុជាឲ្យបានកាន់តែច្រើនបន្ថែមទៀត ។
សូមបញ្ជាក់ថា កាលពីឆ្នាំ២០១៧កន្លងទៅនេះកម្ពុជាបានផ្តល់លិខិតអនុញ្ញាតក្នុងគម្រោងសាងសង់រហូតដល់ជាង៣៤០០គម្រោង ជាមួយនឹងទុនវិនិយោគរហូតដល់ជាង៦៧០០លានដុល្លារ ៕
ចែករំលែកព័តមាននេះ