រាជធានីភ្នំពេញ ៖ ក្រសួងពាក់ព័ន្ធចំនួន៣ នឹងបន្តលើកកម្ពស់សហគ្រាសធុនតូច និងមធ្យម ក្នុងទិសដៅជំរុញការផលិតក្នុងស្រុកជំនួសការនាំចូល តាមរយៈការតភ្ជាប់សហគ្រាសធុនតូច និងមធ្យមទៅនឹងក្រុមហ៊ុនវិនិយោគផ្ទាល់ពីបរទេស និងជំរុញការនាំចេញផលិតផលមានសក្តានុពលជាដើម ។
យោងតាមឯកសារពាក់ព័ន្ធនឹងយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៣ របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានបង្ហាញនូវគោលនយោបាយ និងវិធានការក្នុងយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ គឺការបន្តពង្រីកសហគ្រាសធុនតូច និងមធ្យម ជាពិសេសការបង្កើតធនាគារសហគ្រាសធុនតូច និងមធ្យម ក្នុងគោលដៅផ្តល់ហិរញ្ញប្បទានដល់សហគ្រាសធុនតូច និងមធ្យម ព្រមទាំងការជំរុញរៀបចំ និងអនុវត្តជម្រើសហិរញ្ញប្បទាននានា រួមទាំងការគ្រប់គ្រងអាជីវកម្មគម្រោងវិនិយោគរួមផងដែរ ។
ក្រសួង៣ដែលគ្រោងសហការគ្នានេះ រួមមាន ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ, ក្រសួងឧស្សាហកម្ម និងសិប្បកម្ម និងក្រសួងផែនការ ។ ឯកសារគោលនយោបាយដដែលបានឲ្យដឹងថា ក្រសួងឧស្សាហកម្ម និងសិប្បកម្ម បានបង្ហាញពីការបន្តអភិវឌ្ឍន៍សហគ្រាសធុនតូច និងមធ្យម ដើម្បីលើកកម្ពស់សហគ្រិនភាព និងសហគ្រាសបង្កើតថ្មី ក្នុងទិសដៅជំរុញការផលិតក្នុងស្រុកជំនួសការនាំចូល ការតភ្ជាប់សហគ្រាសធុនតូច និងមធ្យម ទៅនឹងក្រុមហ៊ុនវិនិយោគផ្ទាល់ពីបរទេស និងជំរុញនាំចេញផលិតផលមានសក្តានុពល ជាពិសេសក្នុងវិស័យកសិកម្ម ការកែច្នៃម្ហូបអាហារ និងកសិឧស្សាហកម្មជាដើម ។
ក្រៅពីគម្រោងខាងលើនេះ ក្រសួងនឹងពង្រីកបន្ថែមការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធគាំទ្រ ដូចជា មន្ទីរពិសោធន៍ ថ្នាក់ជាតិ ការកែលម្អកិច្ចសម្រួលពាណិជ្ជកម្ម ការកែលម្អប្រព័ន្ធឡូជីស្ទីក ព្រមទាំងការបន្តលើកកម្ពស់ទឹកចិត្ត និងការទាក់ទាញក្រុមអ្នកវិនិយោគទុន ដើម្បីបង្កើតចង្កោមសហគ្រាសធុនតូច និងមធ្យម និងការពង្រីកអនុលោមលក្ខខណ្ឌអនាម័យ ភូតគាមអនាម័យ និងស្តង់ដា ព្រមទាំងការលើកកម្ពស់នវានុវត្តន៍ តាមរយៈការការពារកម្មសិទ្ធបញ្ញា និងការផ្តល់ប្រកាសនីយបត្រតក្កកម្មជាដើម ។
ជាមួយគ្នានេះក្រសួងផែនការ នឹងត្រៀមខ្លួនសម្រាប់សេដ្ឋកិច្ចឌីជីថល និងចាប់យកបដិវត្តន៍ឧស្សាហកម្មទី៤ ដែលតម្រូវឲ្យរាជរដ្ឋាភិបាលត្រូវយកចិត្តទុកដាក់ ទាញយកកាលានុវត្តភាព សម្រាប់ជួយអភិវឌ្ឍន៍សហគ្រាសធុនតូច និងមធ្យម ដើម្បីជាឱកាសឈោងចាប់យកវិស័យសេដ្ឋកិច្ចថ្មីៗ ព្រមទាំងលើកកម្ពស់ផលិតភាព និងប្រសិទ្ធភាពក្នុងវិស័យសេដ្ឋកិច្ចជាតិ ។ ប្រមុខរដ្ឋាភិបាលកាលពីដើមឆ្នាំនេះ បានប្រកាសវិនិយោគទឹកប្រាក់១០០លានដុល្លារអាមេរិក ដើម្បីបង្កើតធនាគារសហគ្រាសធុនតូច និងមធ្យម ប៉ុន្តែរហូតមកទល់ពេលនេះ ធនាគារទាំងនេះ មិនទាន់បើកដំណើរការនៅឡើយទេ ។
ទីប្រឹក្សាជាន់ខ្ពស់ផ្នែកសេដ្ឋកិច្ច និងអភិវឌ្ឍន៍នៃក្រុមហ៊ុន Emerging Markets Consulting លោក ង៉ែត ជូ បានថ្លែងកន្លងមកថា គោលគំនិតនៃការបង្កើតធនាគារSMEរបស់រដ្ឋាភិបាលជារឿងល្អ ដើម្បីជួយឲ្យវិស័យនេះមានភាពរឹងមាំ និងរីកចម្រើន ដោយសារបច្ចុប្បន្នមិនទាន់មានធនាគារ ឬគ្រឹះស្ថានហិរញ្ញវត្ថុណាមួយមានឯកទេសផ្តល់ឥណទានដល់វិស័យនេះនៅឡើយទេ ។ យ៉ាងណាក៏ដោយ លោកថា វាទាមទារឲ្យមានយន្តការ រចនាសម្ព័ន្ឋច្បាស់លាស់ ដើម្បីធានាប្រសិទ្ធភាពការងារនេះ ។ លោកបន្តថា ៖« ទោះជាយ៉ាងណា ខ្ញុំគិតថា ទុនវិនិយោគ១០០លានដុល្លារដើម្បីបង្កើតធនាគារនេះមិនគ្រប់គ្រាន់ទេ ធនាគារនេះគួរមានទុនរហូតដល់៥០០ទៅ១ពាន់លានដុល្លារ»។ យ៉ាងនេះក្ដី លោកថា ៖« យ៉ាងណា វាជាជំហានដំបូងប៉ុណ្ណោះ »។
លោកឧកញ៉ា តែ តាំងប៉ ប្រធានសម្ព័ន្ធ សមាគមសហគ្រាសធុនតូច និងមធ្យមបានថ្លែងថា វិស័យសហគ្រាសធុនតូច និងមធ្យមនៅកម្ពុជាមានភាពរីកចម្រើនខ្លាំងក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះ ប៉ុន្តែសហគ្រាសភាគច្រើននៅជួបបញ្ហាប្រឈមផ្នែកហិរញ្ញវត្ថុ ដើម្បីពង្រីកមូលដ្ឋានផលិតកម្មរបស់ពួកគេ ដោយសារស្ថាប័នហិរញ្ញវត្ថុនានានៅតែដាក់លក្ខខណ្ឌតឹងរ៉ឹង ចំពោះការផ្តល់ឥណទានដល់សហគ្រាសទាំងនោះ ៕
ចែករំលែកព័តមាននេះ