តំបន់មុំបីជាចំណុចច្រកសេដ្ឋកិច្ចដ៏សំខាន់សំរាប់ប្រទេសបីដែលមានព្រំប្រទល់ជាប់គ្នាស្ថិតនៅទិសឧត្ដរនៃប្រទេសកម្ពុជា ។ មុំបីស្ថិតនៅចំណុចកំពូលនៃចុងភ្នំដងរែកមានព្រំប្រទល់ជាប់ខេត្ដចំនួនបីនៃប្រទេសបី ក្នុងនោះមានខេត្ដព្រះវិហារប្រទេសកម្ពុជា, ខេត្ដ អ៊ូប៊ុន ប្រទេសសៀម និងខេត្ដចំប៉ាសាក់ ប្រទេសឡាវ ។ តំបន់មុំបីស្ថិតនៅចុងភ្នំដងរែកភាគខាងជើងប្រទេសត្រង់ចំណុចក្បាលទន្លេល្ពៅដែលហូរចាក់ទន្លេមេគង្គលើនៃប្រទេសកម្ពុជា ។ តំបន់មុំបីមានប្រវត្ដិជាយូរណាស់មកហើយសំរាប់ក្រុមអ្នកតស៊ូខាងនយោបាយរបស់ប្រទេសកម្ពុជានិងជាទីកន្លែងក្រុមចោរលាក់ខ្លួនឆ្លងដែនចេញ-ចូលប្រទេសទាំងបីទៀតផង ។អ្នកនយោបាយខ្មែរដែលធ្លាប់បានទៅជ្រកកោនក្នុងតំបន់នោះឱ្យដឹងថាតំបន់មុំបីគឺជាតំបន់មួយដែលមានភូមិសាស្ដ្រដ៏ពិសិដ្ឋសំរាប់ផ្ដល់ឱ្យអ្នកតស៊ូមិនថាឡើយតែប្រទេសកម្ពុជាប៉ុណ្ណោះទេ គឺចាប់តាំងពីទសវត្សឆ្នាំ១៩៤០ នាសម័យអាណានិគមបារាំងគ្រប់គ្រងឥណ្ឌូចិនតំបន់នោះមានទាំងអ្នកតស៊ូសៀម ឡាវ និងវៀតណាមសេរីដែលពួកអ្នកតស៊ូទាំងអស់នោះស្ថិតក្រោមការផ្ដល់ជំនួយពីប្រទេសធំៗ ក្នុងនោះមានដូចជាអាមេរិកនិងចិនជាដើម ។ អ្នកតស៊ូខាងនយោបាយដែលរត់ទៅកាន់តំបន់នោះសុទ្ធតែ បានទទួលជំនួយជាច្រើនទាំងស្បៀងអាហារ ទាំងគ្រឿងសព្វាវុធ និងថវិកាក្នុងការផ្គត់ផ្គង់ដល់កងកំលាំងរៀងៗខ្លួនដើម្បីតស៊ូដ៏យូរអង្វែង ។
តំបន់នោះពុំមានផ្លូវគមនាគមន៍ចេញចូលទៅដល់ទេ គឺជាភូមិសាស្ដ្រល្អបំផុតសំរាប់ពួកអ្នកតស៊ូទាំងការលាក់ខ្លួនទាំង ការលួចឆ្លងដែនដើម្បីទំនាក់ទំនងការទូតរវាងប្រទេសទាំងបី ។ តំបន់មុំបីស្ទើរតែរាប់សិបទសវត្សមកហើយប្រទេសទាំងបីពុំសូវដែលបានយកចិត្ដទុកដាក់ក្នុងការអភិវឌ្ឍទេ ។ ដោយឡែកតំបន់មុំបីក្នុងចំណែកទឹកដីកម្ពុជាចាប់តាំងពីឆ្នាំ១៩៧០ បន្ទាប់ពីមានការធ្វើរដ្ឋប្រហារទំលាក់សម្ដេចព្រះ នរោត្ដម សីហនុ ពីព្រះប្រមុខរដ្ឋមកតំបន់ នោះបានធ្លាក់ទៅក្នុងកណ្ដាប់ដៃអ្នកតស៊ូខាងនយោបាយខ្មែរជាច្រើនបក្សដោយគេយកតំបន់នោះធ្វើជាកន្លែងលាក់ខ្លួនពួនអាត្មាដើម្បីបន្ដការច្បាំងប្រយុទ្ធបង្ហូរឈាមយ៉ាងក្ដៅគគុករវាងខ្មែរនិងខ្មែរ។រហូតមកដល់ចុងឆ្នាំ១៩៩៨ បន្ទាប់ពីមានគោលនយោបាយឈ្នះ=ឈ្នះរបស់សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃព្រះរាជាណាចក្រកម្ពុជាមកទើបតំបន់មុំបី បានក្លាយទៅជាតំបន់មានសន្ដិភាពចុងក្រោយគេបំផុតក្នុងប្រទេសរហូតមកទល់នឹងពេលបច្ចុប្បន្ន ។ តំបន់នោះកំពុងក្លាយទៅជាតំបន់អភិវឌ្ឍន៍របស់រាជរដ្ឋាភិបាលកម្ពុជាដ៏ធំមួយដោយមានការជួយស្វែងរកមូលនិធិ និងឧបត្ថម្ភដ៏សន្ធឹកសន្ធាប់ផ្ទាល់ពីសំណាក់សម្ដេច តេជោហ៊ុន សែន និងលោកជំទាវប៊ុន រ៉ានី ហ៊ុន សែន ។
សាលាមុខបីហៅសាលារួមចិត្ដតាមព័ត៌មានដែលកោះសន្ដិភាពក្ដាប់បាន និងដឹងតាម ការនិយាយតៗគ្នាថាត្រូវបានលោកឧត្ដម សេនីយ៍ខ្មែរម្នាក់ឈ្មោះ នួន ភា អតីតនាយសេនាធិការយោធភូមិភាគទី១ជាអ្នកកសាងឡើងនៅក្នុងទសវត្សឆ្នាំ១៩៩០ ដែលសម័យនោះតំបន់មុំបីអានសេះស្ថិតតាមបណ្ដោយជួរភ្នំដងរែកគឺគ្រប់គ្រងដោយយោធភូមិភាគទី១ ។ ការពិតសាលារួមចិត្ដដែលសង់ឡើងនៅលើចំណុចត្រីកោណនៃតំបន់មុំបីនោះគឺមិនមែនសង់ឡើងនៅទសវត្សឆ្នាំ១៩៩០ និងមិនមែនជាស្នាដៃរបស់អតីតឧត្ដមសេនីយ៍នួន ភា ទេ ។ តាមការអះ អាងជាច្រើនពីអតីតមន្ដ្រីរាជការស៊ីវិល និងអតីតមេបញ្ជាការទ័ពកម្ពុជាជាច្រើនរូបដែលដឹងច្បាស់ពីប្រវត្ដិសាលារួមចិត្ដឱ្យដឹងថា សាលាមុខបីហៅសាលារួមចិត្ដ គឺត្រូវបានកសាងឡើងនៅពាក់កណ្ដាលនៃទសវត្សឆ្នាំ៩០ ក្រោយពេលមានរាជរដ្ឋាភិបាលកម្ពុជាអាណត្ដិទី១ ដោយក្រុមហ៊ុនឈើហុបក្នុងស្រុករបស់ថៃឈ្មោះប៊ុលឡាផា ។
កាលពីរសៀលថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ ២០១០ អ្នកយកព័ត៌មានកោះសន្ដិភាពបាន ជួបសាកសួរលោកឧត្ដមសេនីយ៍នួន ភា អតីតនាយសេនាធិការយោធភូមិភាគទី១ បច្ចុប្បន្នជានាយរងទីចាត់ការការងារព្រំដែនអគ្គបញ្ជាការដ្ឋាននៃកងយោធពលខេមរភូមិន្ទខណៈ លោកឧត្ដមសេនីយ៍អមដំណើរសម្ដេចតេជោ ហ៊ុន សែន នាយឧត្ដមសេនីយ៍ផុតលេខផ្កាយមាស៥ និងលោកជំទាវ ប៊ុន រ៉ានី ហ៊ុន សែន ក្នុងដំណើរអញ្ជើញទៅសួរសុខទុក្ខកងកំលាំងកម្ពុជានៅតាមខ្សែត្រៀមជួរមុខនៃតំបន់មុំបី ហើយលោកឧត្ដមសេនីយ៍បានបំភ្លឺប្រាប់កោះសន្ដិភាពថា រូបលោកផ្ទាល់ពុំមែនជាអ្នកសាងសាលារួមចិត្ដនៅក្នុងដីរបស់កម្ពុជានោះទេ ។
ទោះជាយ៉ាងណាក្ដីរូបលោកផ្ទាល់ដឹងច្បាស់ថា អ្នកណាជាអ្នកកសាងព្រោះនៅក្នុងអំឡុងខែកញា និងខែតុលា ឆ្នាំ១៩៩៧ ជាគណៈមេបញ្ជាការសមរភូមិទិសព្រំដែននៃតំបន់មុំបីនិងអានសេះ ។លោកឧត្ដមសេនីយ៍បញ្ជាក់ថា សាលា មុខបីហៅសាលារួមចិត្ដត្រូវបានកសាងឡើង នៅឆ្នាំ១៩៩៤ ដោយក្រុមហ៊ុនឯកជនសៀម ឈ្មោះប៊ុល ឡាផា ដែលជាក្រុមហ៊ុនក្នុង ស្រុកសៀមរកស៊ីឈើហុប ។ ការសាងសង់សាលារួមចិត្ដនេះក៏បានសហការជាមួយ អាជ្ញាធរខេត្ដព្រះវិហារផងដែរ ដែលពេលនោះមានលោកឧត្ដមសេនីយ៍ មៀន សារិន អតីតជាអភិបាលខេត្ដព្រះវិហារមកពីកូតា ហ្វ៊ុនស៊ិនប៉ិច ក្នុងអាណត្ដិទី១នៃរាជរដ្ឋាភិបាលកម្ពុជា ។ ក្រុមហ៊ុនប៊ុលឡាផា កសាងសាលាមុខបីនៅលើមុំបីនោះ គឺក្នុងគោលបំណងដើម្បីដាក់ឱ្យត្រូវចំណុចត្រីកោណនៃរង្វាស់ផែនទីប្រទេសទាំងបីលើតំបន់នោះ តែធាតុពិតសាលាមុខបីហៅសាលារួមចិត្ដគឺត្រូវបានសង់ឡើងនៅក្នុងទឹកដីរបស់កម្ពុជាតែម្នាក់ឯងក្នុងជំរៅ៣០០ម៉ែត្រឯណោះមិនមែនលើចំណុចសូន្យដូចដែលថៅកែសៀមបានគិតនោះទេ ។សាលាមុខបីហៅសាលារួមចិត្ដគេសង់ឡើងអំពីឈើបាតក្រោមបេតុងក្រាលការ៉ូ និងប្រក់ហ្វ៊ីប្រូពណ៌ក្រហមនិងរចនាដំបូលចេញជាបីមុខមួយជ្រុងបែរមុខទៅទិសខាងត្បូង គឺប្រទេសកម្ពុជាមានតំកល់ព្រះពុទ្ធ រូប១អង្គបែរមុខទៅទិសខាងត្បូង និងមានតំកល់រូបអប្សរានិងរចនានៅលើជ្រុងដំបូលមានរូបព្រហ្មមុខបួន។
មួយជ្រុងទៀតបែរមុខទៅទិសខាងជើងឆៀងខាងលិច គឺប្រទេសសៀមមានតំកល់ព្រះពុទ្ធរូបបែរមុខ ទៅទិសខាងជើងនិងនៅលើជ្រុងដំបូលខាងលើមានរូបទេវតា។ មួយជ្រុងទៀតបែរមុខទៅទិសខាងកើតគឺបែរទៅប្រទេសឡាវ មានតំកល់ព្រះពុទ្ធរូបដូចគ្នានៅលើជ្រុងដំបូលខាងលើមានរូបដើមឈើ ។បច្ចុប្បន្នសាលាមុខបីហៅសាលារួមចិត្ដដែលសៀមសង់ឡើងនៅលើទឹកដីរបស់កម្ពុជានោះតាមមន្ដ្រីយោធាកម្ពុជាដែលកំពុងប្រចាំការនៅលើមុំបីបានឱ្យដឹងថា សាលាមុខបីហៅសាលារួមចិត្ដសង់ឡើងស្ថិតក្នុងចំណុចផែនទី២២.៨៤.សូន្យ២ ។ បច្ចុប្បន្ននៅចំណុចសាលារួមចិត្ដពុំមានភាគីកងកំលាំងណាមួយអាចបោះទីតាំងឈរជើង លើចំណុចនោះបានទេទាំងបីភាគីតែអាច ទៅទស្សនាកំសាន្ដបានម្ដងម្កាល។តំបន់មុំបីដែលរាជរដ្ឋាភិបាលកម្ពុជាឱ្យឈ្មោះថា ជាតំបន់ត្រីកោណមរកតនោះ គឺ តំបន់មួយប្រកបទៅដោយសក្ដានុពលសេដ្ឋ កិច្ចដែលមានវិសាលភាពយ៉ាងធំធេងសំរាប់ធ្វើពាណិជ្ជកម្មរួមគ្នារវាងប្រទេសទាំងបី។ តំបន់មុំបីខាងកម្ពុជាគេរំពឹងទុកថាអាចក្លាយ ទៅជាតំបន់ទេសចរណ៍ធម្មជាតិ និងសំរាប់ធ្វើកន្លែងកីឡាវាយកូនគោលខ្នាតអន្ដរជាតិ ។ ពិសេសតំបន់នោះអនាគតដ៏ខ្លីខាងមុខគេសង្ឃឹមថា នឹងក្លាយទៅជាតំបន់អភិ វឌ្ឍន៍ផ្នែកកសិឧស្សាហកម្មរបស់ជាតិយ៉ាងធំ ។តំបន់ត្រីកោណមរកតដែលពីមុនយើងគិតថា ស្ថិតនៅឆ្ងាយដាច់ស្រយាលនោះ បន្ទាប់ពីមានការកសាងផ្លូវគមនាគមន៍រួច រាល់ជាស្ថាពរដោយរាជរដ្ឋាភិបាលកម្ពុជាបច្ចុប្បន្នកំពុងទទួលបានភ្ញៀវទេសចរ និងអ្នកវិនិយោគផ្នែកកសិឧស្សាហកម្មជាច្រើនចូលទៅទស្សនាព្រៃធម្មជាតិ និងសិក្សាផ្ទៃដី សំរាប់គំរោងអភិវឌ្ឍន៍នោះទៀតផង ។
ចែករំលែកព័តមាននេះ