ខេត្តកែប ៖ ដីសហគមន៍ និងដីឆ្នេរអង្កោល កំពុងត្រូវបានគេដណ្តើមគ្នាបោះបង្គោលយកដី ខណៈជនជាតិចិនវេចលុយយកមកទិញដីគគ្រឹកគគ្រេង តាមរយៈក្រុមអ្នកគួកជេដី ។ ដោយសារតែចង់បានដីលក់ សូម្បីតែដីព្រៃកោងកាង រាប់រយហិកតារបស់សហគមន៍ នៅភូមិអង្កោល ឃុំអង្កោល ស្រុកដំណាក់ចង្អើរ ក៏កំពុងត្រូវបានគេកាប់បំផ្លាញព្រៃកោងកាងនោះ និងបោះបង្គោលជាព្រំដីយកធ្វើជាកម្មសិទ្ធិដែរ ។
មិនត្រឹមតែមានការរំលោភទន្ទ្រានយកដីព្រៃកោងកាងរបស់សហគមន៍ទេ ថែមទាំងទៅដាំបង្គោលបេតុងយ៉ាងរឹងមាំនៅតាមបណ្ដោយឆ្នេរសមុទ្រអង្កោលទៀតផង ។ អ្នកភូមិអង្កោលម្នាក់ ដែលមិនឱ្យអ្នកយកព័ត៌មានដាក់ឈ្មោះបានប្រាប់ថា ការបោះបង្គោលនៅលើដីសហគមន៍នេះ ហាក់ដូចជាដណ្ដើមគ្នាអីុចឹង ។
អ្នកដែលបោះបង្គោលយកដីសហគមន៍ និងដីឆ្នេរអង្កោលមិនមែនជាពលរដ្ឋតូចតាចទេ គឺសុទ្ធតែមន្ត្រី
រាជការ តែគេមិនចេញមុខនិងបានជួលមនុស្សអោយមកបោះបង្គោល ។ ពលរដ្ឋម្នាក់ទៀតដែលជាសមាជិកសហគមន៍និយាយថា សហគមន៍ ហាក់ដូចជារលាយដោយស្វ័យប្រវត្តិបាត់ទៅហើយ ព្រោះតែគេនាំគ្នាបោះ
បង្គោលគគ្រឹកគគ្រេង មិនឃើញមានអាជ្ញាធរណាមកហាមឃាត់ទេ ។
ការបោះបង្គោលលើដីសហគមន៍ និងបោះបង្គោលនៅតាមឆ្នេរអង្កោលយ៉ាងអនាធិបតេយ្យបែបនេះ ខណៈលោក មីុលីន មេឃុំអង្កោលកំពុងមានជំងឺធ្ងន់ ហើយជនជាតិចិនក៏កំពុងចុះមករកទិញដីនៅឆ្នេរអង្កោល
ដែរ ដែលធ្វើឲ្យហាងឆេងដីនៅតាមបណ្ដោយឆ្នេរសមុទ្រ មានតម្លៃខ្ពស់បំផុតមិនធ្លាប់មានពីមុនមក
លោកស្រី គឹម ចន្នី អភិបាលស្រុកដំណាក់ចង្អើរបានឱ្យដឹងថា ពាក់ព័ន្ធនឹងដីសហគមន៍មានច្រើន ប៉ុន្តែខាងជលផលក៏គេគ្រប់គ្រងដែរ ។ជាមួយនេះ លោកស្រីអភិបាលស្រុកនិយាយថា ពិបាកស្ដាប់តាមទូរស័ព្ទរួចក៏ផ្តាច់ទំនាក់ទំនងគ្នាទៅ ដែលមិនដឹងថាមកពីលោកស្រីមិនហ៊ាននិយាយឱ្យស៊ីជម្រៅជាងនេះ ឬក៏យ៉ាងណានោះទេ ។
ពលរដ្ឋជាទូទៅនិយាយថា បើថ្នាក់លើមិនយកចិត្តទុកដាក់ការពារទេ នោះដីសហគមន៍និងដីឆ្នេរអង្កោលច្បាស់ជាធ្លាក់លើដៃអ្នកមានអំណាចមិនខានឡើយ ៕
ចែករំលែកព័តមាននេះ