ខេត្តកែប ៖ ដីព្រៃកោងកាងជាដីរបស់សហគមន៍រាប់រយហិកតា ត្រូវបានដណ្ដើមគ្នាបោះបង្គោលយកដីសហគមន៍ និងដីឆ្នេរសមុទ្រ ខណៈចិនចុះទិញ នៅខែកញ្ញា ឆ្នាំ២០១៨នេះ នៅភូមិអង្គោល ឃុំអង្គោលស្រុកដំណាក់ចង្អើរ ខេត្តកែប ។
ដីសហគមន៍មួយនេះកំពុងត្រូវបានគេកាប់បំផ្លាញព្រៃកោងកាង និងបោះបង្គោលជាព្រំដីយកធ្វើជាកម្មសិទ្ធ ។ មិនត្រឹមតែរំលោភទន្ទ្រានយកដីព្រៃកោងកាងរបស់សហគមន៍ទេ ថែមទាំងទៅដាំបង្គោលបេតុងយ៉ាងរឹងមាំ នៅតាមបណ្ដោយឆ្នេរសមុទ្រអង្គោលទៀតផង ។
ប្រជាពលរដ្ឋនៅភូមិអង្គោលសុំមិនបញ្ជេញឈ្មោះបាននិយាយប្រាប់ឲ្យដឹងថា ការបោះបង្គោលនៅលើដីសហគមន៍នេះហាក់ដូចជា ដណ្ដើមគ្នាអីចឹង ។ ពលរដ្ឋរូបនោះនិយាយថា អ្នកដែលបោះបង្គោលយកដីសហគមន៍ និងដីឆ្នេរសមុទ្រអង្គោលនោះ សុទ្ធតែមន្ត្រីរាជការ តែគេមិនចេញមុខទេ គេជួលមនុស្សឲ្យមកបោះបង្គោល ។
រីឯពលរដ្ឋម្នាក់ទៀតជាសមាជិករបស់សហគមន៍បាននិយាយថា សហគមន៍ហាក់ដូចរលាយបាត់អស់ហើយ ព្រោះគេបោះបង្គោលគគ្រឹកគគ្រេងមិនឃើញមានអាជ្ញាធរមកឃាត់ទេ ។ ការចុះបោះបង្គោលលើដីសហគមន៍ និងបោះបង្គោលនៅតាមឆ្នេរសមុទ្រអង្គោលយ៉ាងប្រញាប់ប្រញាល់បែបនេះ ខណៈពេលលោក ម៉ី លីន មេឃុំអង្គោលកំពុងមានជំងឺធ្ងន់ធ្ងរ ហើយជនជាតិចិនក៏កំពុងចុះមកទិញដីនៅឆ្នេរអង្គោលផងដែរ ធ្វើឲ្យហាងឆេងដីនៅតាមបណ្ដោយឆ្នេរសមុទ្រមានតម្លៃខ្ពស់បំផុតមិនធ្លាប់មានពីមុន ។
លោកស្រី គឹម ចន្នី អភិបាលស្រុកដំណាក់ចង្អើរបានប្រាប់ឲ្យដឹងថា ពាក់ព័ន្ធ និងដីសហគមន៍មានច្រើន ប៉ុន្តែខាងជលផលក៏គេគ្រប់គ្រងដែរ ។ លោកស្រី គឹម ចន្នី អភិបាលស្រុកបានប្រាប់បន្តថា ពិបាកនឹងស្ដាប់និយាយតាមទូរស័ព្ទក៏ផ្ដាច់ការទំនាក់ទង់គ្នា ។
ពលរដ្ឋជាទូទៅបាននិយាយថា បើគ្នានថ្នាក់លើជួយគិតគូរទេនោះ ដីសហគមន៍ និងដីឆ្នេរសមុទ្រអង្គោលច្បាស់ជាធ្លាក់លើដៃអ្នកមានអំណាចហើយ មិនងាយឡើយ ៕
ចែករំលែកព័តមាននេះ