ប្រទេសអូស្ត្រាលី ៖ ត្រីឆ្លាមធំ៤ក្បាលត្រូវបានសម្លាប់ចោល កាលពីថ្ងៃទី២៣ កញ្ញា តាមបទបញ្ជារបស់អាជ្ញាធរអូស្ត្រាលី ក្រោយការវាយប្រហាររបស់ឆ្លាម២លើក ប្រឆាំងពួកអ្នកទេសចរ នៅកោះទេសចរណ៍WHITSUNDAYS ក្នុងដែនទឹកនៃឆ្នេរសមុទ្ររដ្ឋQUEENSLAND។
ជនរងគ្រោះ២នាក់ គឺកុមារីអាយុ១២ឆ្នាំម្នាក់ និងនារីម្នាក់អាយុ៤៦ឆ្នាំ ស្ថិតក្នុងមន្ទីរពេទ្យនៅឡើយ នាថ្ងៃទី២៣កញ្ញា។អ្នកទាំង២ត្រូវត្រីឆ្លាមខាំភ្លៅរបួសធ្ងន់ធ្ងរកាលពីថ្ងៃទី១៩និង២០កញ្ញា។
ត្រីឆ្លាមខ្លា៤ក្បាលក្នុងនោះមួយក្បាលមានប្រវែងដល់៣,៧ម៉ែត្រត្រូវចាប់ដោយការដាក់អន្ទាក់ក្នុងទឹក។ ហើយអ្នកនាំពាក្យម្នាក់របស់ក្រសួងនេសាទរដ្ឋ QUEENSLANDនិយាយថា ឆ្លាមធំបែបនេះមានគ្រោះថ្នាក់ខ្លាំងណាស់សម្រាប់មនុស្ស ប៉ុន្តែគេពុំដឹងឡើយថា តើឆ្លាមទាំងនោះជាប្រភពនៃការវាយប្រហារលើអ្នកហែលទឹកទាំង២នាក់ឬយ៉ាងណាឡើយ។
អ្នកនាំពាក្យរូបនេះបដិសេធមិនបញ្ជាក់ថា ហេតុអីឆ្លាមទាំង៤ក្បាលនោះត្រូវសម្លាប់ចោល។ ប៉ុន្តែបើតាមកាសែតក្នុងស្រុក LE COURIER MAILថា ពួកវាត្រូវបាញ់សម្លាប់។ ការវាយប្រហាររបស់ត្រីឆ្លាមកម្រមានណាស់នៅកោះWHITSUNDAYSជាតំបន់ទេសចរណ៍ពេញនិយមបំផុតរបស់អូស្ត្រាលី៕
ចែករំលែកព័តមាននេះ